ជំងឺឆ្លង

ជំងឺ​ស្វាយ​ (Syphilis)


ជំងឺ​ស្វាយ​ជា​ជំងឺ​គ្រោះ​ថ្នាក់​ ហើយ​កើត​ឡើង​ជា​ញឹក​ញាប់ ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​ការ​រួម​ភេទ ។ 
រោគ​សញ្ញា ៖
  • ជា​ទូទៅ​រោគ​សញ្ញា​ដំបូង​ គឺ​មាន​ដំបៅ​ ហៅ​ថាទាម​ឡា ។ វា​បង្ហាញ​ឡើង​ក្នុង​រយៈ​ពេល​ពី ២ទៅ៥សប្ហាហ៍​ បន្ទាប់​ពីរួម​ភេទជាមួយ​អ្នក​កើត​ជំងឺ​នេះ ។ ទាមឡា​មើល​ទៅ​ស្រដៀង​នឹង​មុន ពង​បែក ឬ​ដូច​ដំបៅបើក​មុខ ។ តាម​ធម្មតា​វា​កើត​នៅ​លើ​ប្រដាប់​ភេទ​បុរស​ ឬ​ស្ត្រី (ឬ​អាច​ចេញ​នៅ​លើបបូរ​មាត់ ម្រាម​ដៃ ទ្វារ​ លាមក​ ឬ​មាត់) ។ ដំបៅ​នេះ ពោរ​ពេញ​ទៅ​ដោយ​មេរោគ​ ដែល​អាច​ឆ្លងទៅ​អ្នក​ដទៃទៀត​បាន​យ៉ាង​ងាយ ។ ដំបៅ​នេះតែង​តែ​គ្មាន​ការ​ឈឺចាប់​ទេ ហើយ​បើ​វា​ស្ថិត​នៅ​ក្នុង​រន្ធ​ទ្វារ​មាស ស្ត្រី​ប្រហែល​ជា​មិនដឹង​ថា​គាត​មាន​ដំបៅ​នេះ​ទេ ប៉ុន្តែ​គាត់​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​យ៉ាង​ងាយ ។ 
  • ដំបៅ​នេះ​កើត​ឡើង​តែពីរ​បីថ្ងៃ​ប៉ុណ្ណោះ​ ហើយ​វា​ក៏​បាត់​ទៅវិញ​ដោយ​មិន​បាច់​ព្យាបាល ។ ប៉ុន្តែ​ជំងឺ​នេះ​នៅ​តែ​បន្ត​រាលដាល​ពេញ​រាង​កាយ ។
  • ជា​ច្រើន​សប្តាហ៍​ ឬ​ច្រើន​ខែ​ក្រោយ​មក អាច​មាន​ការ​ឈឺ​បំពង់​ក គ្រុន​ក្តៅ​បន្តិច​បន្តួច​ ដំបៅ​មាត់​ ឬ​ហើម​សន្លាក់​ ។ ឬ​អាច​មាន​រោគ​សញ្ញា​ណាមួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ទាំង​នេះ បង្ហាញ​ឡើង​នៅ​លើ​ស្បែក ៖


តាម​ធម្មតា​រោគ​សញ្ញា​ទាំង​អស់​នេះ បាត់​ទៅ​វិញ​ដោយ​ឯកឯង​ ។ ហើយ​ជារឿយៗ​ អ្នក​ជំងឺ​គិត​ថា​បានជា​វិញ​ហើយ ប៉ុន្តែ​តាម​ពិត​ជំងឺ​នៅ​តែមាន​នៅ​ឡើយ ។ បើ​ពុំ​បាន​ព្យាបាល​ឲ្យ​បាន​ពេញ​លេញ​ទេ ជំងឺ​ស្វាយ​អាច​រាត​ត្បាត​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ បណ្តាល​ឲ្យ​កើត​ជំងឺ​បេះដូង​ ខ្វិន វិកលចរិត និង​បញ្ហា​ផ្សេងៗទៀត​ជាច្រើន ។ 
សំគាល់ ៖ ជំងឺ​យ៉ស៍​ក៏​មាន​រោគ​សញ្ញា​ជាច្រើន​ដែល​ដូច​គ្នា​នឹង​ជំងឺ​ស្វាយដែរ ។
ប្រយ័ត្ន ៖ បើ​មាន​កន្ទួល​ចម្លែក​ ឬ​បញ្ហា​ស្បែក​ ដែល​កើត​ឡើង​ជា​ច្រើន​ថ្ងៃ ឬ​ច្រើន​សប្តាហ៍​ បន្ទាប់​ពី​មាន​ពង​បែក ឬ​ដំបៅ​លើ​ប្រដាប់​បន្ត​ពូជ​ នោះ​វាអាច​ជា​ជំងឺ​ស្វាយ ។ ស្វែង​រក​ដំបូន្មាន​ពី​គ្រូ​ពេទ្យ ។ 

ការព្យាបាល​ជំងឺ​ស្វាយ ៖ (​ដើម្បី​ឲ្យ​ជាសះ​ស្បើយ​ជា​ស្ថាពរ ការ​ព្យាបាល​ឲ្យ​បាន​ពេញ​លេញ​គឺ​ជា​ការចាំ​បាច់)
  • បើ​រោគ​សញ្ញា​កើត​ឡើង​តិច​ជាង​មួយ​ឆ្នាំ ចាក់​ថ្នាំប៉េនី​ស៊ីលីន​បេនហ្សាទីន (Benzanthine Penicillin) ២,៤លាន អ៊ុយនីតេ តែ​ម្តង ។ ចាក់​ពាក់​កណ្តាល​នៃ​កម្រិត​ថ្នាំ​នៅ​កំប៉េះ​គូថ​ម្ខាង​ៗ ។ អ្នក​ដែល​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ប៉េនីស៊ីលីន អាច​លេប​តេត្រាស៊ីគ្លីន ៥០០ម.ក្រ ៤ដងក្នុង១ថ្ងៃ រយៈ​ពេល​១៥​ថ្ងៃ ។ 
  • បើ​រោគ​សញ្ញា​កើត​ឡើង​លើស​ពី​មួយ​ឆ្នាំ ចាក់​ថ្នាំ​ប៉េនីស៊ីលីន​បេនហ្សាទីន ២,៤លាន​អ៊ុយនីតេ ពាក់​កណ្តាល​នៅ​កំប៉េះ​គូថ​ម្ខាង​ៗ ១អាទិត្យ​ម្តង រយៈ​ពេល​៣អាទិត្យ ដែល​សរុបគឺ ៧,២លាន​អ៊ុយនីតេ ។ បើ​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ប៉េនី​ស៊ីលីន លេប​តេត្រា​ស៊ីគ្លីន ៥០០ម.ក្រ ៤ដង​ក្នុង​១ថ្ងៃ រយៈ​ពេល៣០ថ្ងៃ ។ 
  • បើ​សង្ស័យ​ថា​នរណា​ម្នាក់កើត​ជំងឺ​ស្វាយ គាត់​គួរ​តែ​ទៅ​ជួប​បុគ្គលិក​សុខាភិបាល ។ ការ​ធ្វើ​តេស្ត​ឈាម​អាច​ជា​ការ​ចាំ​បាច់ ។ បើ​មិន​អាច​ធ្វើ​តេស្ត​ឈាម​ទេ អ្នក​នោះ​គួរ​តែ​ព្យាបាល​ជំងឺ​ស្វាយ ទោះ​បី​ក្នុង​ករណី​ណា​ក៏​ដោយ ។ 
  • អ្នក​ដែល​បាន​រួម​ភេទ​ជាមួយ​មនុស្ស​ដែល​គេ​ដឹង​ថាមាន​ជំងឺ​ស្វាយ ក៏​គួរ​តែ​ទទួល​ការ​ព្យាបាល​ផង​ដែរ ជា​ពិសេស​ប្តី​ឬ​ប្រពន្ធ​របស់​អ្នក​ដែល​គេដឹង​ថា​មាន​ជំងឺ​នេះ ។ 
ចំណាំ ៖ ស្ត្រី​មាន​ផ្ទៃ​ពោះ ឬ​ស្ត្រី​បំបៅ​កូន​ដោយ​ទឹក​ដោះ ដែល​មាន​ប្រតិកម្ម​ទំនាស់​ជាមួយ​ថ្នាំ​ប៉េនី​ស៊ីលីន អាច​លេប​ថ្នាំអេរីត្រូមីស៊ីន (Erythromycin) តាម​កម្រិត​ដូច​គ្នា និង​ថ្នាំ​តេត្រាស៊ីគ្លីនដែរ ។ 

ដក​ស្រង់​ពី​សៀវភៅ ទីណា​គ្មាន​វេជ្ជបណ្ឌិត​ សម្រាប់​ការថែ​ទាំ​សុខភាព​ជន​បទ 

0 comments:

Post a Comment

Powered by Blogger.