ជំងឺកុមារ

ជំនួយ​បឋម គ្រុន​ក្តៅ​ខ្លាំង


ការ​មាន​គ្រុន​ក្តៅខ្លាំង​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ប្រសិន​បើ​វា​មិន​ថយ​ចុះ​វិញ​ឆាប់​ៗ​ទេ ។ វា​អាច​បណ្តាល​ឲ្យ​ប្រកាច់​ ឬ​ធ្វើ​ឲ្យ​ខូច​ខួរ​ក្បាល​រហូត​ (ខ្វិន ប្រាជ្ញា​អន់​ថយ ឆ្កួត​ជ្រូក ។ល។) ។ គ្រុន​ក្តៅ​ខ្លាំង​មាន​គ្រោះថ្នាក់​បំផុត​ចំពោះ​កុមារ​តូចៗ ។ 

នៅ​ពេល​ដែល​គ្រុន​ក្តៅ​កើន​ឡើង (លើស​ពី៤០អង្សា) គេ​ត្រូវ​បញ្ចុះ​កម្តៅ​នោះ​ជាបន្ទាន់​ ៖
  • ដាក់​អ្នក​ជំងឺ​នៅ​កន្លែង​ដែល​ត្រជាក់
  • ដោះ​សម្លៀក​បំពាក់​គាត់​ចេញ​ទាំង​អស់
  • បក់​ឲ្យ​គាត់​
  • ប្រោះ​ទឹក​ត្រជាក់​ល្មម​លើខ្លួ​ន​គាត់ ឬ​យក​ក្រណាត់​ជ្រលក់​ទឹក​ត្រជាក់​ល្មម​ហើយ​ដាក់​លើ​ទ្រូង និង​ថ្ងាសរបស់​គាត់ ។ ត្រូវ​បក់ក្រណាត់​នេះ និង​ប្តូរ​វា​ឲ្យ​បាន​ញឹក​ញាប់ ដើម្បី​រក្សា​វាឲ្យ​នៅ​ត្រជាក់​ល្មមដដែល ។ ត្រូវ​បន្ត​ធ្វើ​របៀប​នេះ រហូត​ដល់​កម្តៅ​ចុះ​ថយ (ក្រោម​៣៨អង្សា) 
  • ឲ្យ​គាត់​ផឹក​ទឹក​ត្រជាក់​ល្មម​ឲ្យ​បាន​ច្រើន 
  • ឲ្យ​ថ្នាំ​បញ្ចុះ​កម្តៅ​ដល់​គាត់ ។ អាស្ពីរីន ឬ​អាសេតាមីណូហ្វែន មាន​ប្រសិទ្ធភាពល្អ ។ 
កម្រិត​ប្រើ ៖ អាស្ពីរីន ឬអាសេតាមីណូហ្វែន (ប៉ារ៉ាសេតាមុល) (ដោយ​ប្រើ​គ្រាប់ ៣០០ម.ក្រ របស់​មនុស្សធំ)
  1. មនុស្ស​ដែល​មាន​អាយុ​លើសពី១២ឆ្នាំ ៖ ប្រើ​២គ្រាប់​ រៀង​រាល់​៤ម៉ោង​ម្តង
  2. កុមារ​អាយុ ៦ទៅ១២ឆ្នាំ ៖ ប្រើ​ ១គ្រាប់​ រៀង​រាល់​៤ម៉ោង​ម្តង
  3. កុមារ​អាយុ ៣ទៅ៦ឆ្នាំ ៖ ប្រើ​កន្លះ​គ្រាប់​ រៀង​រាល់​៤ម៉ោង​ម្តង
  4. កុមារ​អាយុ​ក្រោម ៣ឆ្នាំ ៖ ប្រើ​មួយភាគ​បួន​នៃគ្រាប់ រៀង​រាល់​៤ម៉ោង​ម្តង
ចំណាំ ៖ ប៉ារ៉ាសេតាមុល មាន​សុវត្ថិភាពជាងអាស្ពីរីន សម្រាប់​កុមារ​អាយុ​ក្រោម​១២ឆ្នាំ ដែល​មានជំងឺ​ផ្តាសាយ ហៀរសម្បោរ និង​ជំងឺអ៊ុតស្វាយ ។ 

ប្រសិន​បើ​អ្នក​ជំងឺ​គ្រុន​ក្តៅ​ម្នាក់​មិន​អាច​លេប​ថ្នាំ​គ្រាប់​បាន កិន​វា ហើយ​លាយ​វាជាមួយ​ទឹក​រួច​បាញ់​បញ្ចូល​តាម​រន្ធគូថ ដូច​លាង​ពោះ​វៀន​ដែរ ឬ​ដោយ​ប្រើសឺរ៉ាំង​ដែលគ្មាន​ម្ជុល ។ វេជ្ជបណ្ឌិត​ខ្លះយល់ថា​ ថ្នាំ​អាសេតាមីណូហ្វែន ឬ​ប៉ារ៉ាសេតាមុល ពុំ​មានគ្រោះថ្នាក់​ដូច​អាស្ពីរីន​ទេ ចំពោះ​កុមារ​តូចៗ ។ 

ប្រសិន​បើ​គ្រុន​ក្តៅ​មិន​ថយ​ចុះ​យ៉ាង​ឆាប់​ទេ ឬ​ប្រសិន​បើ​អ្នក​ជំងឺ​សន្លប់​បាត់​ស្មារតី​ ឬ​ប្រសិន​បើ​ការ​ប្រកាច់​ចាប់​ផ្តើម​ឡើង បន្ត​បញ្ចុះ​កម្តៅ​ដោយ​ប្រើ​ទឹក ហើយ​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​បន្ទាន់ ។ 

ដក​ស្រង់​ពីសៀវភៅ ទីណា​គ្មាន​វេជ្ជបណ្ឌិត​ សម្រាប់​ការថែ​រក្សា​សុខភាព​ជន​បទ 

0 comments:

Post a Comment

Powered by Blogger.