បើនិយាយឲ្យត្រឹមត្រូវ គ្រុនក្តៅគឺជាការកើនឡើងនៃសីតុណ្ហភាពរាងកាយខ្ពស់ជាងធម្មតា ។ ប៉ុន្តែ ជំងឺធ្ងន់មួយចំនួនដែលបណ្តាលឲ្យមានសីតុណ្ហភាពខ្ពស់ ត្រូវបានគេហៅថា គ្រុនក្តៅ ។
ដើម្បីបង្ការ ឬព្យាបាលជំងឺទាំងនោះឲ្យបានជោគជ័យ គេចាំបាច់ត្រូវស្គាល់អំពីលក្ខណៈខុសគ្នានៃជំងឺនីមួយៗ ។
ខាងក្រោមនេះ គឺជាជំងឺស្រួចស្រាវមួយចំនួន ដែលគ្រុនក្តៅគឺជារោគសញ្ញាយ៉ាងសំខាន់របស់វា ៖
ជំងឺគ្រុនចាញ់
ជំងឺនេះចាប់ផ្តើមឡើងដោយមានការអស់កម្លាំង រងារញាក់ និងគ្រុនក្តៅ ។ អាការៈគ្រុនក្តៅអាចកើតមាន និងបាត់ទៅវិញ ក្នុងរយៈពេលពីរបីថ្ងៃ ដោយមានរងារញាក់នៅពេលសីតុណ្ហភាពឡើង ហើយមានបែកញើសនៅពេលសីតុណ្ហភាពថយចុះ ។ បន្ទាប់មក អាចមានគ្រុនក្រៅក្នុងរយៈបេលពីរបីម៉ោងរៀងរាល់ពីរ ឬបីថ្ងៃម្តង ។ នៅថ្ងៃផ្សេងទៀត អ្នកជំងឺហាក់ដូចជា មានសភាពធូរស្រាល ។
ជំងឺគ្រុនពោះវៀន
ជំងឺនេះចាប់ផ្តើមឡើងដូចជំងឺផ្តាសាយដែរ ។ សីតុណ្ហភាពឡើងបន្តិចៗ ជារៀងរាល់ថ្ងៃ ។ ជីពចរយឺត ជួនកាលមានរាក និងខ្សោះជាតិទឹក ។ អាការៈញ័រខ្លួន ឬរវើរវាយ (គំនិតរវើរវាយ) អ្នកជំងឺមានសភាពធ្ងន់ធ្ងរ ។
ជំងឺទីហ្វស
ស្រដៀងនឹងជំងឺគ្រុនពោះវៀនដែរ ។ មានកន្ទួលដូចក្នុងជំងឺកញ្ជ្រិលដែរ ដោយមានស្នាមជាំតូចៗជាច្រើន នៅលើទ្រូងនិងពោះ ។
ជំងឺរលាកថ្លើម
អ្នកជំងឺមិនឃ្លានអាហារ មិនចង់បរិភោគ ចង់ក្អួតចង្អោរ ភ្នែកនិងស្បែកឡើងលឿង ទឹកនោមឡើងពណ៌ទឹកក្រូច ឬពណ៌ត្នោត លាមកមានពណ៌ស ។ ជួនកាលថ្លើមរីកធំហើយឈឺ មានគ្រុនក្តៅស្ទិញៗ ។ អ្នកជំងឺអស់កម្លាំង ។
ជំងឺរលាកសួត
ដកដង្ហើមញាប់ សីតុណ្ហភាពឡើងយ៉ាងលឿន ក្អកមានស្លេះពណ៌បៃតង លឿង ឬលាយឈាម ។ អាចមានការឈឺក្នុងទ្រូង អ្នកជំងឺមានសភាពធ្ងន់ធ្ងរ ។
ជំងឺគ្រុនរលាកសន្លាក់
ច្រើនកើតលើកុមារ និងក្មេងជំទង់ ឈឺក្នុងសន្លាក់ គ្រុនក្តៅ ភាគច្រើនកើតបន្ទាប់ពីមានឈឺបំពង់ក អាចមានការឈឺក្នុងទ្រូងនិងមានការដកដង្ហើមខ្លីៗ ឬដៃនិងជើង មានចលនាដែលមិនអាចគ្រប់គ្រងបាន ។
ជំងឺប៊្រូសេឡូស
ជំងឺនេះចាប់ផ្តើមឡើងយឺតៗ ដោយអស់កម្លាំងឈឺក្បាល ឈឺឆ្អឹងឆ្អែង គ្រុនក្តៅ និងបែកញើស ជាពិសេសនៅពេលយប់ ។ គ្រុនក្តៅបានបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ បន្ទាប់មកក៏ត្រឡប់មកវិញ ។ បញ្ហានេះ អាចកើតមានរាប់ខែ ឬរាប់ឆ្នាំ ។
ជំងឺគ្រុនក្តៅក្រោយសម្រាលកូន
ចាប់ផ្តើមឡើងមួយថ្ងៃ ឬច្រើនថ្ងៃបន្ទាប់ពីសម្រាលកូន ។ ចាប់ផ្តើមដោយមានគ្រុនក្តៅបន្តិចបន្តួច ហើយច្រើនតែ ឡើងខ្ពស់នៅពេលក្រោយ ។ មានធ្លាក់ទឹករំអិលដែលមានក្លិនស្អុយតាមទ្វារមាស មានការឈឺចាប់ និងជួនកាលមានធ្លាក់ឈាម ។
គ្រប់ជំងឺទាំងនេះ សុទ្ធតែអាចមានគ្រោះថ្នាក់ បន្ថែមទៅនឹងជំងឺដែលបានបង្ហាញខាងលើ នៅមានជំងឺជាច្រើនទៀត ដែលអាចមានរោគសញ្ញានិងគ្រុនក្តៅស្រដៀងគ្នានេះ ។ ឧទាហរណ៍ដូចជា ៖ ការមានគ្រុនក្តៅលើសពីមួយខែ ឬមានបែកញើសនៅពេលយប់ អាចបណ្តាលមកពីមេរោគអេដស៍ ជំងឺអេដស៍ ។ ដូច្នេះប្រសិនបើអាចធ្វើបាន ត្រូវស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់ ។
ដកស្រង់ពីសៀវភៅ ទីណាគ្មានវេជ្ជបណ្ឌិត សម្រាប់ការថែទាំសុខភាពជនបទ

0 comments:
Post a Comment