ជំងឺឆ្លង

ជំងឺ​គ្រុន​ចាញ់ (Malaria)


ជំងឺ​គ្រុន​ចាញ់​ គឺ​ជា​ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ដែល​បណ្តាល​ឲ្យ​មាន​ការ​ញាក់​ និង​ក្តៅ​ខ្លួន​យ៉ាង​ខ្លាំង ។ ជំងឺ​គ្រុន​ចាញ់​ឆ្លង ដោយ​សារ​មូស​ដែ​ក​គោល ។ មូសខាំ​បឺត​យក​ប៉ារ៉ាស៊ីត​គ្រុន​ចាញ់​ ពី​ក្នុង​ឈាម​មនុស្ស​ដែល​កើត​ជំងឺ​នេះ ហើយ​ក៏​បន្ត​បញ្ចូល​មេរោគ​ទាំង​នោះ​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត ដែល​វាខាំ ។ 

រោគ​សញ្ញា​
  • រោគសញ្ញា​ជាក់​លាក់​នៃ​ការ​ធ្វើ​ទុក្ខ​មាន​៣​ដំណាក់​កាល ៖
  1. វា​ចាប់​ផ្តើម​ដោយ​ការ​រងារញាក់ និង​ឈឺ​ក្បាល​ ។ អ្នក​ជំងឺ​ញាក​់​រយៈ​ពេល ពី១៥​នាទី ទៅ​១ម៉ោង ។ 
  2. ការ​រងារ​ញាក់​នេះ បន្ត​ដោយ​គ្រុន​ក្តៅ​ ដែល​ជា​ញឹក​ញាប់​ គឺ​មាន​កម្តៅ​ ៤០អង្សារ ឬ​លើស​ពី​នេះ​ ។ អ្នក​ជំងឺ​ខ្សោយ ស្បែក​ឡើង​ក្រហម ហើយ​ពេល​ខ្លះ​រវើរ​វាយ គ្រុន​ក្តៅ​មាន​រយៈ​ពេល​ជាច្រើន​ម៉ោង​ ឬ​ច្រើន​ថ្ងៃ ។ 
  3. ចុង​ក្រោយ​ អ្ន​កជំងឺ​ចាប់​ផ្តើម​បែក​ញើស ហើយ​កម្តៅ​ក្នុង​ខ្លួន​ថយ​ចុះ ក្រោយ​ពី​ការ​ធ្វើ​ទុក្ខ​ អ្នក​មាន​អារម្មណ៍​អស់​កម្លាំង​តែ​ក៏​មាន​ការ​ធូរ​ស្រាលដែរ ។ 

  • ជា​ធម្មតា​ជំងឺ​គ្រុន​ចាញ់​បណ្តាល​ឲ្យ​ក្តៅ​ខ្លួន​​រៀង​រាល់​២ឬ​៣ថ្ងៃ​ម្តង (​អាស្រ័យ​តាម​ប្រភេទ​នៃ​ជំងឺ​គ្រុន​ចាញ់​) ។ ប៉ុន្តែ​នៅ​ពេល​ដំបូង​ វាអាច​ធ្វើ​ឲ្យ​មាន​គ្រុន​ក្តៅ​ជា​រៀង​រាល់ថ្ងៃ។ ម្យ៉ាង​ទៀត លក្ខណៈ​នៃ​គ្រុន​ក្តៅ​នេះ អាច​គ្មាន​ភាព​ទៀង​ទាត់ ឬ​ជាក់​លាក់​ទេ ។ ដោយ​ហេតុ​នេះ​ហើយ មនុស្ស​គ្រប់​រូប​ដែល​មាន​គ្រុន​ក្តៅ​ដោយ​គ្មាន​មូល​ហេតុ គួរ​ត្រូវបាន​ពិនិត្យ​ឈាម​រក​មើល​ជំងឺ​គ្រុន​ចាញ់ ។ 
  • ជំងឺ​គ្រុន​ចាញ់​រ៉ាំ​រ៉ៃ ច្រើន​បណ្តាល​ឲ្យ​ អណ្តើក​រីក​ធំ (ធ្លាក់​អណ្តើក) និង​មាន​ភាព​ស្លេក​ស្លាំង ។ 
  • ចំពោះ​កុមារ​តូច​ៗ ភាព​ស្លេក​ស្លាំង​ អាច​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល​១ឬ​២ថ្ងៃ ។ កុមារ​ដែល​កើត​ ជំងឺ​គ្រុន​ចាញ់​ដែល​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល ការ​ប្រកាច់​អាច​កើត​មាន​បន្ទាប់​ពី​មាន​ការសន្លប់​បាត់​ស្មារតី ។ ម្យ៉ាង​ទៀត បាត​ដៃ​អាច​មាន​ពណ៌​ប្រផេះ ហើយ​ចង្វាក់​ដង្ហើម​អាច​ញាប់​ និង​ជ្រៅ​ៗ ។ (ចំណាំ ៖ ទារក​ដែល​មិន​បានទទួល​ការ​បំបៅ​ទឹក​ដោះម្តាយ​ គឺ​ងាយ​នឹង​ទទួល​ជំងឺ​គ្រុន​ចាញ់) ។ 

ការ​វិភាគ​ និង​ការព្យាបាល 
  • បើ​អ្នក​សង្ស័យ​ថា​មានជំងឺ​គ្រុន​ចាញ់​ ឬ​មាន​គ្រុន​ក្តៅ​ជា​ញឹក​ញាប់ បើ​អាច​ទៅមណ្ឌល​សុខភាព​ដើម្បី​ពិនិត្យឈាម ។ នៅ​ក្នុង​តំបន់​ដែល​មាន​ប្រភេទ​ជំងឺ​គ្រុន​ចាញ់​ដែល​គ្រោះ​ថ្នាក់​ កើត​ឡើង​ជាញឹក​ញាប់​ ជាពិសេស​ ប្រភេទ​ជំងឺ​គ្រុន​ចាញ់​ដែល​គេ​ហៅថា ហ្វាល់ស៊ីប៉ារ៉ូម នោះ​ត្រូវ​ស្វែក​រក​ការ​ព្យាបាល​ជា​បន្ទាន់ ។ 
  • នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ជំងឺ​គ្រុន​ចាញ់ ព្យាបាលរាល់​ការ​គ្រុន​ក្តៅ​ដែល​គ្មាន​មូល​ហេតុ​ ដូច​ជំងឺ​គ្រុន​ចាញ់ដែរ ។ ប្រើ​ថ្នាំ​គ្រុន​ចាញ់​ដែល​អ្នក​ដឹង​ថា​មាន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​តំបន់​របស់​អ្នក ។
  • បើ​អ្នក​បាន​ធូរ​ស្រាល​ដោយ​ការ​ប្រើ​ថ្នាំ​ ប៉ុន្តែ​ជា​ច្រើន​ថ្ងៃ​ក្រោយ​មក​ គ្រុន​ក្តៅកើត​ឡើង​វិញ អ្នក​ប្រហែល​ជា​ត្រូវ​ប្រើ​ថ្នាំ​ផ្សេង​វិញ ។ ស្វែក​រក​ដំបូន្មាន​ពី​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​អ្នក ។ 
  • បើ​មនុស្សណា​ម្នាក់​ ដែល​ប្រហែស​ជា​មាន​ជំងឺ​គ្រុន​ចាញ់ ចាប់​ផ្តើម​ប្រកាច់​ ឬ​មាន​រោគ​សញ្ញា​ផ្សេង​ទៀតនៃ​ជំងឺ​រលាក​ស្រោម​ខួរ ។ អ្នក​នោះ​អាច​មាន​ជំងឺ​គ្រុន​ចាញ់​ដែល​ប៉ះ​ពាល​់​ដល់​ខួរ​ក្បាល ។ បើ​អាច​ចាក់​ថ្នាំ​គ្រុន​ចាញ់​ភ្លាម ។ 

វិធីជៀស​វាង​ជំងឺ​គ្រុន​ចាញ់​ (និងគ្រុន​ឈាម)
ជំងឺ​គ្រុន​ចាញ់​កើត​មាន​ជា​ញឹក​ញាប់​នៅ​ក្នុង​រដូវ​ភ្លៀង​ ហើយ​ក្តៅ ។ បើ​មនុស្ស​គ្រប់​រូប​សហការណ៍​គ្នា​ ជំងឺ​នេះនឹង​ត្រូវ​បាន​ទប់​ស្កាត់ ។ វិធាន​ការ​ទប់​ស្កាត់​នេះ​គួរ​ត្រូវ​បាន​អនុវត្តន៍​ជាបន្ទាន់ ។ 
  • ជៀស​វាង​មូស​ខាំ ។ ដេក​នៅ​កន្លែង​ដែល​គ្មាន​មូស ឬ​ដេក​ក្នុងមុខ ដែល​មានជាតិ​ថ្នាំ​សម្លាប់​សត្វ​ល្អិត ។ គ្រប​អង្រឹង​ដែល​ទារក​ដេក​ដោយ​មុខ ឬ​ក្រណាត់​ស្តើង​ដែល​មាន​ជាតិ​ថ្នាំ ។ 
  • សហការ​ជាមួយ​ភ្នាក់​ងារ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ពេល​ដែល​គេ​មក​ក្នុង​ភូម​ិរបស់​អ្នក ។ ប្រាប់​ពួក​គេ​បើ​មាន​អ្នកណា​ម្នាក់​ក្នុង​គ្រួសារ​របស់​អ្នក​មាន​គ្រុន​ក្តៅ​ហើយ​ឲ្យ​គេ​ពិនិត្យ​ឈាម ។ 
  • បើ​អ្នក​សង្ស័យ​ថា​កើត​ជំងឺ​គ្រុន​ចាញ់​ព្យាបាល​ជា​បន្ទាន់ ។ បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល​ហើយ មូសដែល​ខាំ​អ្នកនឹង​មិន​អាច​ចម្លង​ជំងឺ​គ្រុន​ចាញ់​ទៅ​អ្នក​ផ្សេង​ៗទៀតទេ ។ 
  • បំផ្លាញ​មូស​និង​កូន​របស់​វា​ឲ្យ​អស់ ។ មូស​បន្ត​ពូជ​នៅ​ក្នុង​ទឹក​ដែល​មិនហូរ លុប​ថ្លុក​ រណ្តៅ និង​បំបាត់​សម្បក​កំបុង​ចាស់ៗ ឬ​ឆ្នាំង​បាក​់​បែកទាំង​អស់​ដែល​អាច​ដក​់​ទឹក ។ ចិញ្ចឹម​ត្រី​ក្នុង​ពាង​ទឹក ដើម្បីឲ្យ​ស៊ី​ដង្កូវ​ទឹក ។ ចាក់​ដី​ខ្សាច់​លុប​នៅ​ចុង​បង្គោល​បំពង់​ប្ញស្សី ។ 
  • ជំងឺ​គ្រុន​ចាញ់​អាច​បង្ការ​បាន​ ឬឥទ្ធិពល​របស់​វា​អាច​កាត់​បន្ថយ​បាន តាមរយៈ​ការ​ប្រើ​ថ្នាំ​ប្រឆាំង​គ្រុន​ចាញ់​ ឲ្យ​ទៀង​ទាត់​តាម​ពេល​កំណត់របស​់​វា ។ 
ថ្នាំសម្រាប់ជំងឺ​គ្រុនចាញ់ 

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ទីណា​គ្មានវេជ្ជបណ្ឌិត សម្រាប់​ការ​ថែ​ទាំ​សុខភាព​ជន​បទ 

0 comments:

Post a Comment

Powered by Blogger.