ជំងឺទូទៅ

ជំងឺ​ទឹក​នោម​ផ្អែម​ (Diabetes)


និយម​ន័យ​
ទឹក​នោម​ផ្អែម​ ជា​សហ​សញ្ញា​បញ្ជាក់​លក្ខណៈ​ដោយ​ការ​ឡើង​ជាតិ​ស្ករ​រ៉ាំ​រ៉ៃ និង​ការ​រំខាន​នៃ​មេតាបូលីស​ កាបូន​អ៊ី​ដ្រាត ខ្លាញ់​ និ​ងប្រូតេអ៊ីន​ រួម​នឹង​កង្វះ​ទាំង​ស្រុង ឬ​មួយ​ផ្នែក​ក្នុង​ការ​បញ្ចេញ​ និង​សកម្មភាព​អាំងស៊ុយ​លីន ។ អាំង​ស៊ុយ​លីន ធ្វើ​ឲ្យ​ជាតិ​ស្ករ​ចូល​ក្នុង​កោសិកា និង​បំលែង​ជាថាម​ពល ។ វាត្រូវ​ការ​ដើម្បី​សំយោគ ប្រូតេអ៊ីន និង​ខ្លាញ់​ផង​ដែរ​ ។​ ក្នុង​ជំងឺ​ទឹក​នោម​ផ្អែម គ្មាន​ការ​គ្រប់​គ្រង​ល្អជាតិ​ស្ករ និង​ខ្លាញ់នៅ​សល់​ក្នុង​ចរន្ត​ឈាម ហើយ​យូរ​ទៅ​វា​បំផ្លាញ​សរីរាង្គ​សំខាន់​ៗ និង​រួម​ចំណែក​ឲ្យ​មាន​ជំងឺបេះ​ដូង ។ 

ចំណាត់​ថ្នាក់
ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​បាន​គេ​ចែកជា ៣​ប្រភេទចំបងៗ ៖
  • ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ​ទី១
  • ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី២
  • ជំងឺ​ទឹក​នោមផ្អែម​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ 

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី១ 
ការ​កើត​មាន​ឡើង ៖
  • កើត​ដោយ​ប្រព័ន្ធ​ការ​ពារ​ខ្លួនឯង​មាន​ជំងឺ​ប៉ះ​ពាល់​លើ​កោសិកា​បែតតា និង​បំផ្លាញ​វា​នៅ​លំពែង​ បន្ទាប់​មក​ផលិត​បន្តិច​បន្តួច​ ឬ​គ្មាន​អាំង​ស៊ុយ​លីនសោះ ។ 
  • អ្នក​វិទ្យាសាស្ត្រ​មិន​ដឹង​ថា​ហេតុអ្វី​ប្រព័ន្ធ​ការ​ពារ​ខ្លួនឯង​ បំផ្លាញ​កោសិកា​បែតាទេ តែគេ​ជឿថាវា មាន​ពាក់​ព័ន្ធ​នឹង​ហ្សេនេទិច បរិស្ថាន និង​វីរុស ។ 
លក្ខណៈ​សំគាល់ ៖ 
  • ជាញឹក​ញាប់​កើត​លើ​ក្មេង និង​មនុស្ស​ជំទង់ ប៉ុន្តែ​ភាព​មិន​ប្រ​ក្រតីអាច​កើត​នៅ​គ្រប់​អាយុ 
  • រោគ​សញ្ញា​អាច​កើត​នៅ​រយៈ​ពេល​ខ្លី​មួយ ថ្វី​បើ​ការ​ខូច​ខាតកោ​សិកាបែតតា​បាន​កើត​ច្រើន​ឆ្នាំ​មុន 
  • បើ​មិនបាន​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ដោយ​អាំង​ស៊ុយ​លីន អ្នក​ជំងឺ​អាច​ឈាន​ដល់​សន្លប់ ឬ​ស្លាប់ ឬមាន​កូមាអាស៊ីតដូសេតូស ។ 

ជំងឺ​ទឹក​នោម​ផ្អែ​ម​ប្រភេទ​ទី២
ការ​កើត​មានឡើង ៖
  • ជា​ទម្រង់​ញឹក​ញាប់​តែង​ឃើញ​មាន​ក្នុង​ចំនោម​ទឹក​នោម​ផ្អែម
  • បណ្តាល​ម​ពី​ការ​ថយ​ចុះ​នូវ​ការ​បញ្ចេញ​អាំងស៊ុយលីន ឬ​ភាពស៊ាំ​នឹង​សកម្មភាព​អាំងស៊ុយលីនរបស់កោសិកា
  • លទ្ធផលដូច​ប្រភេទទី១ ដែលជាតិ​ស្ករ​កើន​ច្រើន​ក្នុង​ឈាម ហើយ​រាងកាយ​មិន​អាច​ប្រើ​ប្រាស់​ មាន​ប្រសិទ្ធភាព​នូវ​ប្រភព​ថាម​ពល 
  • ជា​ញឹក​ញយ​ជា​ចំណែក​នៃ​សហសញ្ញា ដែល​រួម​មាន​ភាព​ធាត់​ឡើង​សម្ពាធ​ឈាម និង​កម្រិត​ជាតិ​ខ្លាញ់​ឡើង​ខ្ពស់ 
លក្ខណៈសម្គាល់ ៖
  • រួម​មាន​ ៩០ទៅ៩៥% នៃ​ជំងឺ​ទឹក​នោម​ផ្អែម និង​១ភាគ៣ មិន​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​នៅ​លើយ 
  • ទម្រង់​នៃ​ជំងឺ​ប្រភេទ​នេះ កើ​តជា​ធម្មតា​នៅ​វ័យចាស (ពេញ​វ័យ)
  • ប្រហែល​៨០% នៃ​អ្នក​កើត​ទឹក​នោមផ្អែមប្រភេទ​២ មាន​ភាព​លើស​ទម្ងន់ 
  • ការ​កើន​ឡើង​នៃ​ក្មេងៗ​ដែល​ធាត់​ឈាន​ទៅ​មាន​ទឹក​នោម​ផ្អែមប្រភេទទី២កាន់​តែ​ច្រើន​ឡើង ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង 

រោគ​សញ្ញា និង​ការ​គ្រប់​គ្រងសម្រាប់​ទឹក​នោមផ្អែម​ប្រភេទ​ទី១ និង​ទី២
រោគសញ្ញា ៖
  • ចេះ​តែ​ស្រេក​ទឹក និង​នោម​ញឹក
  • ចេះ​តែ​ឃ្លាន​ជា​ប្រចាំ
  • ចុះ​គីឡូ (ទម្ងន់)
  • ស្រវាំង​ភ្នែក​
  • អស់​កម្លាំង​ល្ហិត​ល្ហៃ
  • ដំបៅ​ ឬ​របួស​ក្រជា​សះ​ស្បើយ 
ការគ្រប់​គ្រង​ ឬ​ព្យាបាល
  • ធ្វើរបប​អាហារ​ត្រឹម​ត្រូវ​
  • ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់
  • ប្រើ​អាំងស៊ុយលីន​សម្រាប់​ប្រភេទ​ទី១ និង​ប្រើ​ថ្នាំ​គ្រាប់​ ឬ​អាំងស៊ុយលីន​សម្រាប់​ប្រភេទទី២ 
  • ការ​សិក្សា​អប់​រំ
  • ការ​ត្រួតពិនិត្យ​ជាតិ​ស្ករ និង​ធ្វើ​ការ​ព្យាបាល​

ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ 
ការកើត​មានឡើង ៖
  • កើត​ពេល​មានផ្ទៃ​ពោះ និង​អាច​បាត់​វិញ​ក្រោយ​ពេល​សម្រាល​ហើយ ទោះ​ជា​យ៉ាង​ណា​វា​នឹង​អាច​កើត មាន​ឡើង​វិញ​នៅ​ពេល​ក្រោយ​មក​ទៀត
  • ដោយ​មាន​ភាពស៊ាំ​ ទៅ​នឹង​អាំងស៊ុយ​លីន ក្នុង​កំឡុង​ពេល​មានផ្ទៃ​ពោះ
  • ដោយ​មាន​ហ្សែន​កំណត់​ដែល​ងាយ​រង​នូវ​ជំងឺ​នេះ 

របៀ​បគ្រប់​គ្រង​ ឬ​ព្យាបាល
  • របប​អាហារ ៖ ផ្តល់​នូវ​កាឡូរី​ត្រឹម​ត្រូវ​ ដែល​មិន​នាំ​ឲ្យ​មាន​ជាតិ​ស្ករ​ខ្ពស់ ឬ​មាន​សេតូន​កើ​នក្នុង​ឈាម
  • លំហាត់​ប្រាណ​ ៖ ធ្វើ​លំហាត់​ដែល​មិន​បណ្តោយ​ឲ្យ​មាន​វិបត្តិ​ដល់​ទារកក​ ការ​កន្ត្រាក់​នៃ​ស្បូន​ ឬ​លើស​ឈាម 
  • អាំងស៊ុយលីន ៖ ដើម្បី​រក្សាជាតិ​ស្ករ ពេល​ព្រឹក​ <95mg/dl (<=5,3mmol/l) មួយម៉ោង​ និង​ពីរ​ម៉ោង​ក្រោយ​អាហារ <=120mg/dl (<=6,7mmol/l) ។ 

ការ​ធ្វើ​រោគ​វិនិច្ឆ័យ
ជាតិ​ស្ករ​ពេល​ព្រឹក​ក្នុង​ប្លាស្មា​ជាតេស្ត ដែល​គេចូលចិត្ត​ធ្វើ​សម្រាប់​រក​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ​១ ឬ​ប្រភេទ២ ។ ទោះ​ជាយ៉ាង​ណា​គេត្រូវ​ធ្វើ​តេស្ត​ណាមួយ ក្នុង​ចំណោម​តេស្តទាំង៣​ខាង​ក្រោម និង​តេស្ត​លើក​ទី២​ នៅ​ថ្ងៃ​បន្ទាប់​ផ្សេង​គ្នា ៖
  • តេស្ត​ចៃដន្យនៅ​ពេល​ណា​ក៏បាន >=200mg/dl ដោយ​មាន​រោគ​សញ្ញា​រួម​ផ្សំ
  • ពេល​ព្រឹក >=126mg/dl ដោយ​អត់​អាហារ​រយៈ​ពេល​៨ម៉ោង
  • តេស្ត​ផឹក​ជាតិ​ស្ករ (OGTT) >=200mg/dl ក្នុង​ប្លាស្មា​ឈាម​យក​២ម៉ោង​ក្រោយ​ពី​ផឹក 75g គ្លុយ​កូស​លាយ​ទឹក ។ តេស្ត​នេះ​អាច​ធ្វើ​នៅ​ទី​ពិសោធន៍​ ឬ​កន្លែង​គ្រូ​ពេទ្យ​ គេ​វាស់​ជាតិ​ស្ករ​ក្នុង​ប្លាស្មា ចន្លោះ​ពេល​៣ម៉ោង​ឆ្លាស់​គ្នា ។ 
  • HbA1C>6,5% តេស្ត​នេះ​អាច​ធ្វើ​នៅ​ទី​ពិសោធន៍​ ដោយ​ប្រើ​វិធី​តាម​កម្មវិធី​ស្តង់ដារ​ជាតិ​ផ្នែក​ជាតិ​ស្ករ អេម៉ូក្លូប៊ីន (NGSP) ដែល​មាន​វិញ្ញាបនប័ត្រ និង​ស្តង់​ដារតាម​ក្រុម​សិក្សា​ត្រួតពិនិត្យ​ ទឹកនោម​ផ្អែម និង​ផល​វិបាក (DCCT) ។

ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ 
រោគ​វិនិច្ឆ័យ​ឈរ​លើ​ជាតិ​ស្ករ​ក្នុង​ប្លាស្មា​វាស់​នៅ​ពេល​តេស្ត OGTT ។​ ជា​ធម្មតា​ជាតិ​ស្ករ ពេល​មានផ្ទៃ​ពោះ ទាប​រួច​ទៅ​ហើយ ដូច្នេះ​ការ​កំណត់​ជាតិ​ស្ករ សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​កើ​តជំងឺ​ទឹក​នោមផ្អែម​ត្រូវ​ទាបជាង​អ្នក​ធម្មតា ។ បើ​ស្ត្រី​ម្នាក់​មាន​ជាតិ​ស្ករ ២ដង​ស្មើ ឬ​លើស​ពី​តួ​លេខ​ខាង​ក្រោម​ ក្រោយ​ពី​ផឹក 100g OGTT នាង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ 
  • ជាតិ​ស្ករ​មុន​អាហារ​ពេល​ព្រឹក​ស្មើ 95mg/dl
  • ១ម៉ោង​ក្រោយ​ស្មើ 180mg/dl
  • ២ម៉ោង​ក្រោយស្មើ 155mg/dl ឬ៣ម៉ោងក្រោយស្មើ 140mg/dl

មនុស្ស​ដែល​មាន​ភាព​មិន​ប្រក្រតី​នូវ​ មេតាបូលីស​ជាតិ​ស្ករ គឺ​សភាព​រវាង​ធម្មតា និង​កើត​ជំងឺ​ទឹកនោម​ផ្អែម​ អាច​ប្រឈម​មុខ នឹង​កើត​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​គាំង​បេះដូង និង​ដាច់​សសៃ​ឈាម​ខួរ​ក្បាល ។​ វាមាន​២ទម្រង់​នៃ​ភាព​មិន​ប្រក្រតី​នូវ​មេតាបូលីស​ជាតិ​ស្ករ ៖ 
  • ភាព​មិន​ប្រក្រតី​ជាតិស្ករ​មុន​អាហារ​ពេល​ព្រឹក (IFG) : 110-125mg/dl ខ្ពស់​ជាតួលេខធម្មតា​ តែ​មិន​ទាន់​ដល់​កម្រិត​កើត​ទឹក​នោមផ្អែម 
  • ភាព​មិន​ប្រក្រតី​ជាតិ​ស្ករ​ក្រោយ​តេស្ត ឬ​ក្រោយ​អាហារ​ (IGT) : 141-199mg/dl មានន័យ​ថា​ក្រោយ​ផឹក​ជាតិ​ស្ករ វាកើន​ឡើង​លើស​ធម្មតា ប៉ុន្តែ​មិន​ទាន់​អាច​ចាត់​ថាទឹក​នោមផ្អែម ។ IGT 141-199mg/dl នៅ​២​ម៉ោង​ក្រោយ​ផឹក​ទឹក​ស្ករ 75g ។ 

OGTT ការ​ផឹក​ជាតិ​ស្ករ​ដើម្បី​ធ្វើតេស្ត
  • OGTT ជា​ការ​ផឹក​ជាតិ​ស្ករ 75-100g ពេល​ព្រឹក​មុន​អាហារ​ ពោះ​ទទេ​៨ម៉ោង ។ អាច​ផឹក​ទឹក​បាន ប៉ុន្តែ​មិន​អាច​ផឹក​កាហ្វេ​ និង​ជក់​បារីទេ ។
  • តេស្ត​នេះ ត្រូវ​ធ្វើ​លើ​បុគ្គល​សុភាព​ល្អ និង​មិនមាន​ប្រើ​ថ្នាំ​ផ្សេង​ទេ ។ តេស្ត​នេះ​មិន​ត្រឹម​ត្រូវ​ទេ បើ​មាន​ភាព​កង្វះ​អាហារូបត្ថម្ភ ការ​តម​ជាតិ​កាបូន​អ៊ីដ្រាត ឬអ្នក​មានជំងឺ​ស្រួ​ចស្រាវ ឬរ៉ាំរ៉ៃ ។ 
  • អ្នក​មាន​ជំងឺ​ត្រូវ​អាច​ធ្វើ​ចលនា​បាន មិន​នៅ​មួយ​កន្លែង​សម្រាក រឺ​មិន​អាច​កម្រើក​បាន​នោះទេ នៅ​ពេល​ធ្វើ​តេស្ត អ្នក​ជំងឺ​ត្រូវ​សម្រាក​ដោយ​សុខ​ស្រួល ។ 
  • អ្នក​ជំងឺ​មិន​គួរ​បរិភោ​គ​ដោយ​តម​របបអាហារ​ទេ យ៉ាង​ហោច​ណាស់ 150g កាបូន​អ៊ីដ្រាត​ ប្រចាំ​ថ្ងៃ​រយៈ​ពេល​៣ថ្ងៃ​មុនតេស្ត ។ 
  • គ្រាន់​តែ​ជាតេស្ត​សម្រាប់​បញ្ជាក់​បន្ថែម មិន​មែន​សម្រាប់​ធ្វើ​ជា​ប្រចាំ​នោះទេ ។ 

HbA1C ជាតិ​ស្ករ​មធ្យម​ ៣ខែ​ក្នុង​អេម៉ូ​គ្លូប៊ីន
  • បញ្ជាក់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធម្យម​រយៈ​ពេល​ប្រហែល​៣ខែ​កន្លងមក ។ តួ​លេខធម្មតា​ប្រែ​ប្រួល​ទៅ​តាម​របៀប​វាស​់របស់​ទី​ពិសោធន៍ ជា​ទូទៅ 4-7% ដែល​សមា​មាត្រ​ទៅ​នឹង​ជាតិ​ស្ករ​ជា​មធ្យម​ 60-150mg/dl (3,4-8,3mmol/l) 
  • គួរ​បញ្ជាឲ្យ​ធ្វើ​ដោយ​អ្នក​ផ្តល់​សេវា​សុខភាព​រាល់​៣ខែ​ម្តង​សម្រាប់​អ្នក​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទទី១ និង​៣ទៅ៦ខែ​ម្តង​សម្រាប់​ប្រភេទទី២ ដើម្បី​កំណត់​នូវ​ការ​តាម​ដាន​រយៈ​ពេល​វែង ។ 
  • អ្នក​ជំងឺ​មិន​ចាំ​បាច់​តម​អាហារ​មុន​ពេល​ធ្វើ​តេស្ត​នេះទេ ។ 

តេស្ត​រក​ជាតិ​សេតូន
សេតូន​កើត​ពី​មេតាបូលីស​ជាតិ​ខ្លាញ់ ។ វត្តមាន​សេតូន​បញ្ជាក់​ពី​រាង​កាយ​មេតាបូលីស​ អាហារ​មិន​បាន​ត្រឹម​ត្រូវ​ ដោយ​កង្វះ​អាំងស៊ុយ​លីន ឬ​កាបូន​អ៊ីដ្រាត វា​អាច​បញ្ជាក់​ពី​ការ​ជិត​មាន ឬ​មាន​អាស៊ីត​ដូ​សេតូស (DKA) ​ជា​លក្ខខណ្ឌ​ទាមទារ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការព្យាបាល​ជា​បន្ទាន់ ។ 
របៀប​ធ្វើ ៖ ប្រើ​តេស្តទឹក​នោម (Dispstick)
ពេលណា​ត្រូវ​ធ្វើ​តេស្ត ៖
  • ពេលណា​ដែលជាតិ​ស្ករ​ក្នុង​ឈាម​ធំជាង 300mg/dl (16,7mmol/l)
  • នៅ​កំឡុង​ពេល​មាន​ជំងឺ​ស្រួច​ស្រាវ (ជំងឺ​ស្រួចស្រាវ​ជាស្ត្រេស​ដែល​បណ្តាល​ឲ្យ​មាន​ឡើង​ជាតិ​ស្ករ ខ្ពស់​ក្នុង​ឈាម)
  • នៅ​ពេល​រោ​គសញ្ញា​នៃ​ការ​ឡើង​ជាតិ​ស្ករ​ស្តែង​ដោយ​ចង្អោរ​ ក្អួត​និង​ឈឺ​ពោះកើត​មានឡើង ។ 

វិធី​ព្យាបាល​
គោល​បំណង​នៃ​ការ​ព្យាបាល​
  • គ្រប់​គ្រង​ការ​ឡើង​ជាតិ​ស្ករខ្ពស់​
  • ជៀស​វាង​ការ​ចុះ​ជាតិ​ស្ករ​ទាប​ពេក
  • ព្យាបាល​ទាំង​ជំងឺ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត​ដូច​ជា ការ​ឡើង​ឈាម ជាតិ​ខ្លាញ​មិន​ធម្មតា និង​ភាព​ធាត់
  • ការ​បង្ការ​ និង​ពន្យឺត​ការ​វិវត្តន៍​នៃ​ផល​វិបាក​របស់​ទឹក​នោម​ផ្អែម ដូចជា​ងងឹត​ភ្នែក ខ្សោយ​តម្រង​នោម ជំងឺ​បេះដូង ដាច់​សសៃ​ឈាម​ខួរ​ក្បាល និង​ការ​កាត់​ជើង​ ។ល។
គម្រោង​នៃ​ការ​ព្យាបាល​
១. ការ​គ្រប់​គ្រង​ជាតិ​ស្ករ 
គោល​ដៅ​នៃ​កម្រិត​ជាតិ​ស្ករ ៖ (តាម​អនុសាសន៍​របស់​សមាគមទឹក​នោមផ្អែម​អាមេរិក (ADA))
  • ជាតិ​ស្ករ​មុន​អាហារ 80-120mg/dl
  • ជាតិ​ស្ករ​ក្រោយ​អាហារ 100-140mg/dl
  • HbA1C <7%
ដោយ​មាន​កម្រិត​ខ្ពស់​នៃ​តួលេខ​ធម្មតាគឺ 6% តួលេខធម្មតា​ ប្រែ​ប្រួល​ពី​ទីពិសោធន៍​មួយ​ទៅ​មួយ​តាម​ការ​កម្រិត ។ ទោះ​បីជា​យ៉ាងណា មិន​មែន​គ្រប់​អ្នកជំងឺ​ត្រូវ​តែ​ធ្វើ​តេស្ត​យ៉ាង​តឹងរឹង​នេះទេ ។ តេស្ត​នេះ​មិន​គួរ​ធ្វ​ើក្នុង​ចំណោម ៖ 
  • ភាព​កំសោយ​ ទ្រុឌ​ទ្រោម​ មនុស្ស​ចាស់ ដែល​មាន​ផល​វិបាក​ពីទឹកនោមផ្អែម​រួចហើយ ដូចជា​មានងងឺតភ្នែក​ និង​ខ្សោយ​តម្រង​នៅ​ដំណាក់​កាល​ចុង​ក្រោយ ។ 
  • មនុស្ស​ជរា​ដែល​មាន​ដំណាក់​កាល​ចុះ​ជាតិ​ស្ករ​ទាប​ជា​ញឹក​ញាប់ ។ 

២.ការ​គ្រប់​គ្រង​ជាតិ​ខ្លាញ់ 
គោល​ដៅ​ជាតិ​ខ្លាញ់​ ដែល​កម្រិត​ដោយ​អនុសាសន៍​នៃ​សមាគម​ទឹក​នោមផ្អែម​អាមេរិក (ADA)
  • LDL <100mg/dl
  • HDL >45mg/dl
  • TG <200mg/dl

៣.ការ​គ្រប់​គ្រង​ការ​ឡើង​សម្ពាធ​ឈាម 
  • គោល​ដៅ​សម្ពាធ​ឈាម​លើ​អ្នក​ជំងឺ​ទឹក​នោមផ្អែម​ត្រូវ​តែ​ទាប​ជាង 130mmHg ស៊ីសស្តូល និង​ទាបជាង 85mmHg ដែល ជា​អនុសាសន៍​របស់​សមាគម​ទឹក​នោមផ្អែម​អាមេរិក (ADA) ។ 
  • របៀប​នៃ​ការ​ព្យាបាល​ពាក់​ព័ន្ធ​ផងដែរ​នឹង​អាហារូបត្ថម្ភ​ត្រឹម​ត្រូវ​ លំហាត់​ប្រាណ​សមរម្យ​ និង​ការប្រើ​ថ្នាំ​ពេទ្យ​ទៀង​ទាត់ ។ 

អាហារូបត្ថម្ភ 
  • អាហារូបត្ថម្ភ​ គឺជា​ធាតុ​មួយ​យ៉ាង​ចាំ​បាច់​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោមផ្អែម
  • របប​អាហារ​ត្រូវ​មាន​ជាតិ​សាច់ី 10-20% កាបូន​អ៊ីដ្រាត 60% និង​ខ្លាញ់ 20%
របប​អាហារ​ត្រូវ​ធ្វើ​សម្រាប់​អ្នក​ទឹក​នោមផ្អែម 
  • របបអាហារ​ត្រូវ​មាន​បរិមាណ​ធាតុ​ផ្សំ​ និង​ពេល​វេលា​សម​ស្រប​តាម​ការ​ប្រើ​ប្រាស់​ថ្នាំ 
  • ប្រើ​វីតាមីន ដែល​ជា​ប្រភេទ​ប្រឆាំង​អុកស៊ីត​កម្ម ដូច​ជាវីតាមីន A បេតាការូ​តែន វីតាមីន C និង E 
  • យ៉ាង​តិច 1200Kcal ក្នុង​១ថ្ងៃ​សម្រាប់​ស្ត្រី​ និង​ 1500Kcal ក្នុង​១ថ្ងៃ​សម្រាប់​បុរស
  • កម្រិត​សូល្យូម​ (អំបិល) ត្រូវ​រក្សា​ពី​ 2,4-3g ក្នុង​១ថ្ងៃ សម្រាប់​អ្នក​គ្មាន​ឡើង​ឈាម និង​ 2,4g ក្នុង​១ថ្ងៃ​សម្រាប់​អ្នក​ឡើង​ឈាម​តិចតួច​ និង​មធ្យម ។ 
  • ជាតិ​សសៃ​ប្រហែល​ 20-35g ក្នុង​១ថ្ងៃ ពី​ប្រភព​អាហារ​ប្លែក​ៗគ្នា ។ 
របប​អាហារ​ដែល​មិន​ត្រូ​វធ្វើ
  • ជៀស​វាង​ជាតិ​ស្រា ជាពិសេស​បើ​ទឹក​នោម​ផ្អែម​មិន​ទាន់​មាន​លំនឹង
  • ជៀស​វាង​បរិភោគ​នៅ​ចន្លោះ​អាហារ​ ត្រូវ​ចេះ​លៃ​ទៅ​តាម​ពេល​ និង​បរិមាណ​អាហារ​
  • ត្រូវ​ជៀស​វាងការ​តម​បើ​មាន​សញ្ញា​មិន​ប្រក្រតី​មេតាបូលីស​របស់​រាងកាយ​ ផល​អាក្រក់​អាចប៉ះពាល់​ ដល់​សភាព​របស់​ទឹក​នោមផ្អែម ។ 

លំហាត់​ប្រាណ 
លំហាត់​ប្រាណ​អាច​ធ្វើ​អោយ​ប្រសើ​រដល់​សុខភាព និង​ដល់​ទស្សនៈ​វិស័យ​ពី​ជីវិត ។ លំហាត់​ប្រាណ​ទៀង​ទាត់ និង​ត្រឹម​ត្រូវ​មិន​ត្រឹម​តែ​ជួយ​បង្កើន​ការ​ប្រើ​ប្រាស់ជាតិ​ស្ករ​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​ជួយ​ថែរក្សា​សុខភាព​ល្អ​តាម ដែល​គេ​ចង់​បានទៀត​ផង ។ 
អ្វី​ដែល​គួរ​ធ្វើ​ពេល​ហាត់​ប្រាណ 
  • ត្រូវ​ពិនិត្យ​សម្ពាធ​ឈាម ជាតិ​ខ្លាញ HbA1C សុខភាព​បេះ​ដូង ប្រព័ន្ធ​ឈាម​រត់ និង​ប្រព័ន្ធ​ប្រសាទ មុខងារ​តម្រង​នោម ភ្នែក​ និង​ជើង
  • ជ្រើស​រើស​លំហាត់​ប្រាណ​ដែល​សម​នឹង​សុខភាព​អ្នក​ជំងឺ
  • លំហាត់​ប្រាណ​គួរ​ធ្វើ​សន្សឹម​ៗ បន្ត​បន្ទាប់កើ​នពី 5-10 នាទិ​ម្តង នៅ​កន្លែង​មាន​ខ្យល់​អាកាស​ល្អ​
  • កុំ​ភ្លេច​ជើង​គេ​ត្រូវ​ពាក់​ស្បែក​ជើង​ងាយស​្រួល​សម្រាប់​កីឡា
  • ប្រយ័ត្ន​ជាតិ​ស្ករ​ចុះ​ទាប ថ្នាំ​ចាក់ ឬ​ថ្នាំ​លេប​អាច​ឲ្យ​ជាតិស្ករ​ទាប​ខ្លាំង 
  • ចូរ​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ជំងឺ​ត្រូវ​មាន​អាហារ​សម្រន់​តាម​ខ្លួន​ដើម្បី​ជៀស​វាង​ជាតិ​ស្ករ​ចុះ​ខ្លាំង​ ពេល​ធ្វើ​លំហាត់​ប្រាណ
អ្វី​ដែល​មិន​គួរ​ធ្វើ​ពេល​លំហាត់​ប្រាណ
  • ចូរ​ផ្តល់​ដំបូន្មាន​ កុំ​ហូប​អាហារ​សម្រន់​មិន​ចាំ​បាច់​ មុន​ពេល​ធ្វើ​លំហាត់​ប្រាណ
  • ស្បែក​ជើង​មិន​សម​ស្រួល នឹង​ជើង​កុំពាក់​ពេល​ធ្វើ​លំហាត់​ប្រាណ
  • ចូរ​កុំ​ហាត់​ប្រាណ​ពេល​ត្រជាក់​ខ្លាំង​ពេក ឬ​ពេល​ក្តៅ​ខ្លាំង​ពេក​
  • មិនត្រូវ​ឲ្យ​បេះដូង​លោត​លើស​ពី 60-80% នៃ​ចង្វាក់​បេះដូង​អតិបរមា 
ដក​ស្រង់​ចេញពីសៀវភៅ អត្ថបទ​ដកស្រង់​អំពីជំងឺ​ទឹកនោមផ្អែម រៀប​រៀង​ដោយ​សមាគមន​ជំងឺ​ទឹក​នោម​ផ្អែម​កម្ពុជា

0 comments:

Post a Comment

Powered by Blogger.