ជំងឺកន្ទុយថ្លែន ជាកោសិកាសាច់ដែលដុះចេញពីភ្នាសស្តើងនៃគ្រាប់ភ្នែក មានសសៃឈាមលាតសន្ធឹងទៅដល់កញ្ចក់ភ្នែក ទ្រង់ទ្រាយនៃការដុះសាច់ដូចជាស្លាបសត្វ ដូចនេះគេបានដាក់ឈ្មោះជំងឺនេះជាភាសាក្រិចថា Wing ។
ជាធម្មតាកន្ទុយថ្លែន ដុះលាតសន្ធឹងទៅលើកញ្ចក់ភ្នែកអាចជួបប្រទះនៅផ្នែកខាងក្រៅផងដែរ ។ កន្ទុយថ្លែនអាចកើតមាននៅលើភ្នែកទាំងសងខាង ។
រោគសញ្ញា
រោគសញ្ញាជាបឋមកន្ទុយថ្លែន គឺឈឺចាប់នៅម្តុំកោសិកាសាច់ដុះពណ៌សជាមួយសសៃឈាមខាងក្នុង ។
- រលាកភ្នែក ផ្នែកឡើងក្រហម
- ក្រហាយភ្នែកញឹកញាប់ហៀរទឹកភ្នែក
- ក្រៅពីនេះទៀតធ្វើឲ្យយើងមើលមិនច្បាស់ដោយសារវារលាក និងឈឺរកាំខ្លាំង ។
មូលហេតុដែលកើតមានកន្ទុយថ្លែន
កាំរស្មី UV នៃពន្លឺព្រះអាទិត្យជាមូលហេតុចំបងមួយដែលនាំឲ្យកើតមានជំងឺកន្ទុយថ្លែនភ្នែក ។ នេះអាចពន្យល់ប្រាប់បានថា ជំងឺកន្ទុយថ្លែន កើតមានឡើងក្នុងតំបន់ក្តៅស្ងួត និងកខ្វកដោយធូលីដីច្រើនក្នុងប្រទេសជិតតំបន់អេក្វាទ័រ ។ កន្ទុយថ្លែន ច្រើនកើតលើមនុស្សដែលធ្វើការងារហាលវាលដូចជា ៖
- កម្មករ កសិករ អ្នកធ្វើស្រែ ចំការ អ្នកនេសាទ ប៉ះពាល់នឹងពន្លឺថ្ងៃក្តៅខ្លាំង ខ្យល់ខ្លាំងប៉ះពាល់ធូលីច្រើន ភាពកខ្វក់
- ជាពិសេសប្រជាជនរស់នៅតំបន់ក្តៅស្ងួត
- កន្ទុយថ្លែនកម្រកើតលើកុមារណាស់
ការបង្ការជំងឺកន្ទុយថ្លែន
វិធីសាស្ត្រនៃការបង្ការជំងឺកន្ទុយថ្លែនដ៏មានប្រសិទ្ធភាពបំផុតនោះគឺ ៖
- ការពាក់វ៉ែនតា ការពារកម្តៅថ្ងៃកម្រិត UV400 ជាប្រចាំនៅពេលដែលចេញទៅក្រៅត្រូវនឹងកម្តៅព្រះអាទិត្យ ។
- បន្ថែមការការពារ ដោយពាក់មួកដែលមានជាយធំកាន់តែប្រសើរថែមទៀត ។
- វ៉ែនតាការពារកម្តៅថ្ងៃត្រូវមានគែមបាំងជុំវិញកុំអោយមានចំហរ ។
ប្រវត្តិការវះកាត់ជំងឺកន្ទុយថ្លែន
អស់រយៈកាលជាច្រើនឆ្នាំមកហើយ ការវះកាត់ជំងឺកន្ទុយថ្លែនមានការវិវត្តយ៉ាងរហ័ស ហើយនឹងមានការវះកាត់ជំងឺកន្ទុយថ្លែន តាមវិធីទំនើបទទួលបានជោគជ័យគួរជាទីកត់សម្គាល់ ។
ការព្យាបាលជំងឺកន្ទុយថ្លែន
- ពុំមានថ្នាំសម្រាប់ដាក់កាត់កន្ទុយថ្លែនទេ
- ក្នុងករណីកម្រិតស្រាល អាចប្រើថ្នាំបន្តក់ភ្នែកទឹក ភ្នែកសប្បនិម្មិតការពារភាពផ្សាភ្នែក ។
- ក្នុងករណីកន្ទុយថ្លែនដុះកាន់តែជ្រៅធ្វើឲ្យមានការប៉ះពាល់ដល់គំហើញ អាចធ្វើការវះកាត់តាមបែបវិទ្យាសាស្ត្រទំនើប ហើយអាចកាត់បន្ថយការដុះឡើងវិញបាន ៥០%
- ក្រោយវះកាត់អាការៈរោគនឹងធូរស្បើយ ក្នុងរយៈពេល២ទៅ៤សប្តាហ៍
- ក្រោយវះកាត់ពាក់វ៉ែនតា កុំឲ្យត្រូវពន្លឺខ្លាំង និងមួយដែលមានហាមធំ ។
- គ្រូពេទ្យមានការប្រើនូវ បច្ចេកទេសវះកាត់ផ្សេងៗគ្នាដើម្បី កាត់បន្ថយនូវការដុះឡើងវិញរួមទាំងការព្យាបាលដោយប្រើសារធាតុថ្នាំ Antimetabolite ផងដែរ ។
ដកស្រង់ចេញពី ទស្សនាវដ្តីសុខភាពភ្នែក ចេញផ្សាយដោយសមាគមគ្រូពេទ្យភ្នែកកម្ពុជា ២០១១
0 comments:
Post a Comment