ជំងឺកុមារ

កង្វះ​ជីវជាតិ​ បេ១


Beri-Beri រឺ​ការ​កង្វះ​ជីវ​ជាតិ បេ១ គឺ​កើត​ឡើង​បន្ទាប់​ពី​ការ​បរិភោគ​មិន​គ្រប់​គ្រាន់​នូវ​ជីវ​ជាតិ​នេះ ។ Beri-Beri ប៉​ះ​ពាល់​ជា​ពិសេស​ ចំពោះ​បុគ្គល​ដែល​តម្រូវ​ការ​ជីវ​ជាតិ បេ១​ កើន​ឡើង ដូច​ជា នៅ​ពេល​មាន​គភ៌​ នៅ​ពេល​បំបៅ​កូន នៅ​ពេល​មាន​គ្រុន​ជាដើម ។ ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ បេ១ មាន​ ទឹក​ដោះ​គោ គ្រាប់​ធញ្ញជាតិ(អង្ករ) បន្លែ ផ្លែឈើ ថ្លើម​ សាច់​ ស៊ុត ។ អង្ករ​សម្រូប សម្បូរ​ទៅ​ដោយ​ជីវជាតិ​ បេ១ ។ ចំពោះ​មនុស្ស​ពេញ​វ័យ កង្វះជីវ​ជាតិ​ បេ១ បណ្តាល​មក​ពីសុរា ។ 

សញ្ញា​គ្លីនិក 
ទម្រង់​ស្រួច​ស្រាវនៃ​ទារក (ទំរង់​បេះដូង)

- ជានិច្ច​កាល​ចំពោះ​ទារក​អាយុ​ពី ១ទៅ​៤ខែ (ជួន​កាល​អាយុ​លើស​នេះ​បន្តិច) ។ 
- ធម្មតា​ជា​ទារក​ដែល​ចិញ្ចឹម​ដោយ​ទឹក​ដោះ​ម្តាយ​ (ពិនិត្យ​ម្តាយ) 
- ជំងឺ​នេះ​ចាប់​ផ្តើម​ញឹក​ញាប់​នៅ​ពេល​មាន​ការ​រលាក​សាមញ្ញ នៅ​ផ្លូវ​ដង្ហើម​(​រលាក​ច្រមុះ ផ្តាសាយ​) ឬ​ពេល​កើត​ជំ​ងឺ​គ្រុន​ចាញ់ 
- កុមារ​មាន​ការ​មិន​ឃ្លាន​អាហារ​ (ពិបាក​បរិភោគ​) និង​ក្អួត មិន​ងងុយ​ដេក និង​ឡេះ​ឡោះ ។

  • ស្លេក​ស្លាំង​ (រួម​សសៃ​ឈាម)
  • គ្មាន​គ្រុន​ ឬ​ស្រៀវ​ស្រាញ
  • ដង្ហើម​ញាប់​ (ចង្វាក់​ដង្ហើម​កើន​ឡើង)
  • បេះដូង​ដើរ​ញាប់​
  • ស្តាប់​សួត ធម្មតា​នៅ​ពេល​ដំបូង​ Rales Crepitants (យូរ​បន្តិច​មក)
  • ថ្លើម​រីក​ធំ
  • នោម​តិច ហើម​មុខ
  • សសៃ​វ៉ែន Jugulaire ឡើង​តឹង​បន្តិច​
  • ជួន​កាល​មាន​សញ្ញា ប៉ះ​ពាល់​ស្រោម​ខួរ​មិន​ច្បាស់​លាស់ ។
ការ​វិវត្តន៍​ឆ្ពោះ​ទៅរក​សភាព​ស្ហុក​ជាមួយ​និង​ហើម​សួត បើ​មិន​ព្យាបាល​ដោយ​ឆាប់​រហ័ស​ទេ ។ 

រោគ​វិនិច្ឆ័យ​ញែក ៖ ការ​ឆ្លង​រោគ​បណ្តាល​ពី​បាក់​តេរី​ខ្លាំង​ក្លា ជាមួយ Acidose Metabolique (ដង្ហើម​ញាប់) គ្រុន​ចាញ់​ស្មុគ​ស្មាញ ។ 
អេម៉ា​តូ​គ្រីត និង​អេម៉ូ​ក្លូ​ប៊ីន​ធម្មតា ។

ការ​ព្យាបាល​ អះអាង​ពី​រោគ​វិនិច្ឆ័យ ៖ ការ​ធូរ​ស្បើយ​យ៉ាង​ឆាប់​រហ័ស (ទឹក​នោម ចង្វាក់​បេះដូង ជីព​ចរ) ។

ទំ​រង់​ស្ទើរ​ស្រួច​ស្រាវ​នៃ​ទារក (Forme Pseudo-Meningee ឬ aphonique)
  • ជា​ញឹក​ញាប់​ ចំពោះ​ទារក​អាយុ​ច្រើន​បន្តិច​ (៥​ទៅ១១ខែ)
  • ហត់​ ក្អក និយាយ​មិន​ចេញ​សម្លេង (ឬ​និយាយ​ពិបាក​ហើយ ឮ​ខ្សាវៗ)
  • មិន​ងងុយ ឡេះឡោះ បរិភោគ​អាហារ​មិន​បាន 
  • មិន​ងងុយ ទន់​រឡឹក ជួន​កាល​មាន​សញ្ញា​ប៉ះ​ពាល់​ស្រោម​ខួរ ជាញឹក​ញាប់​ កន្ត្រាក់​គ្រាប់​ភ្នែក ជួន​កាល​រីក​កូន​ក្រមុំ 
  • នោម​តិច 
LCR ធម្មតា 
ការ​ព្យាបាល​អះ​អាង​ពី​រោគ​វិនិច្ឆ័យ​ ប៉ុន្តែ​ការ​ធូរ​ស្រាល​មាន​សភាព​យឺត (២ទៅ៣ថ្ងៃ) ។

មនុស្ស​ធំ និង​កុមារ​ធំ (Enfants Plus Ages) មាន​សញ្ញា​គ្លីនិក​ច្បាស់​លាស់

ទម្រង់​សើម ឬ​បេះដូង (ទម្រង់​ស្រួច​ស្រាវ)
  • ត្រូវ​គិត​ទៅ​រក បើ​មាន​ការប៉ះ​ពាល់​មុខងារ​នៃ​បេះដូង ហើយ​មិន​ឆ្លើយ​តប​នឹង​ការ​ព្យាបាល​ធម្មតា
  • នៅ​ដំណាក់​ការ​ដំបូង ​សម្ពាធ​ឈាម មាន​ចន្លោះ​ឃ្លាត​គ្នា​ខ្ពស់
  • ហត់ បេះដូង​ដើរ​លឿន ហើម
  • ការ​ថត​ដោយ​កាំរស្មី​ X លើ​ទ្រូង ពេល​ដំបូង​បេះដូង​មាន​មាឌ​ធម្មតា​ បេះដូង​រីក លេចឡើង​នៅ​ពេល​បន្តិច​ក្រោយ​មក ។
ទម្រង់​ស្ងួត ឬ​រលាក​សសៃ​ប្រសាទ​ច្រើន​ (ទម្រង់​ស្ទើរ​ស្រួច​ស្រាវ ឬ​រាំរ៉ៃ)
  • តារាង​រលាក​សសៃ​ប្រសាទ​ច្រើន​ ប៉ះពាល់​ទាំង​សងខាង ជាមួយ​ការ​ខ្សោយ​ Moteur និង Sensoriel
  • Paresie និង Paresthesie ខាង​ចុង​អវៈយវៈ (ពិបាក​ដើរ)
  • ការ​វិវត្តន៍​ឆ្ពោះ​ទៅ​រក Paralysie Flasque ជាមួ​យ​ការ​ស្វិត​សាច់​ដុំ និង​ចុះ​ថយវេទនា​រម្មណ៍ 
  • រ៉េ​ផ្លិច Osteo-tendineux ខ្សោយ​ ឬ​បាត់ ។
ទម្រង់​ខួរ​ក្បាល (ជំងឺ​ខួរ​ក្បាល​នៃ Gayet-Wernicke)
  • ក្អួត
  • កន្ត្រាក់​គ្រាប់​ភ្នែក
  • គ្រុន​
  • បាត់​តុល្យភាព
  • វង្វេង​វង្វាន់​ ឬ​សន្លប់ 
ការព្យាបាល
ត្រូវ​ប្រើ​ Thiamine (ចាក់​សសៃ​យឺតៗ ឬ​ចាក់​សាច់​ដុំ)
  • ទម្រង់​ស្រួច​ស្រាវ​នៃទារក
  • ទម្រង់​នៃ​បេះដូង​ស្រួច​ស្រាវ
  • ទម្រង់ខួរ​ក្បាល
ការ​ចាក់​ Thiamine តាម​សសៃ អាច​គ្រោះ​ថ្នាក់ (Choc Thiaminique) (​ប្រតិកម្ម​អាណាហ្វីឡាក់​ទិក អាច​បណ្តាល​មក​ពី​ការ​ចាក់​ច្រើន​ដង) 
  • ត្រូវ​គោរព​កម្រិត​ថ្នាំ និង​ចាក់​ដោ​យយឺតៗ (ជា​ពិសេស​លើ​ទារក)
  • ត្រូវឲ្យ​អ្នក​ជំងឺ​ប្រើ​ថ្នាំ​លេប​ជា​បន្ត​យ៉ាង​ឆាប់​រហ័ស ដែល​អាច​ធ្វើ​បាន ។
ទម្រង់​ស្រួច​ស្រាវនៃទារក
  • ថ្ងៃទី១ ចាក់​១ម.ល នៃ Thiamine (១០០ម.ក្រ)​ លាយ​ជាមួយ ទឹក​សម្រាប់​ចាក់ ១០ម.ល ។ ចាក់​ល្បាយ​នេះ ១ម.ល (១០ម.ក្រនៃ Thiamine) ចាក់​សសៃ​យ៉ាង​យឺតៗ ចាក់​ម្តង​ទៀត​ជាយ​ថា​ហេតុ បន្ទាប់​ពី​ ៣០​នាទី ។ បន្ទាប់​ចាក់​សាច់​ដុំ​ ២៥​ម.ក្រ ។ បើ​ចាក់​សសៃ​ពុំ​បាន​ទេ ចាក់​សាច់​ដុំ ៥០ម.ក្រ/ថ្ងៃ  នៅថ្ងៃទី១ ។
  • ចាប់​ពី​ថ្ងៃទី២ ជា​ធម្មតា​គេ​ត្រូវ​ប្តូរ​មក​ព្យាបាល​ដោយ​ថ្នាំ​គ្រាប់​វិញ ។ ក្មេង​ដែល​បំបៅ​ដោយ​ទឹក​ដោះ​ម្តាយ ៖ ព្យាបាល​ម្តាយ​ដោយ​ Thiamine លេប ១០០ម.ក្រ/ថ្ងៃ រយៈ​ពេល​១ខែ ។ ក្មេង​ផ្តាច់​ដោះ ប្រើ Thiamine លេប ១០ម.ក្រ/ថ្ងៃ រយៈ​ពេល​១ខែ ។ 

ទម្រង់​ស្ទើរ​ស្រួច​ស្រាវ​នៃ​ទារក
  • ថ្ងៃ​ទី១ Thiamine ២៥ម.ក្រ ចាក់​សាច់ដុំ ២ដង/ថ្ងៃ ។
  • ចាប់​ពី​ថ្ងៃ​ទី​២ ជា​ធម្មតា​គេ​ត្រូវ​ប្តូរ​មក​ព្យាបាល​ ដោយ​ថ្នាំ​គ្រាប់​វិញ ។ ក្មេង​បៅ​ដោះ ព្យាបាល​ម្តាយ​ដោយ Thiamine លេប១០០ម.ក្រ/ថ្ងៃ រយៈ​ពេល ១ខែ ។ ក្មេង​លែង​ដោះ ប្រើ Thiamine លេប ២០ម.ក្រ/ថ្ងៃ រយៈ​ពេល​១ខែ ។ 
ទម្រង់​ស្រួច​ស្រាល​នៃ​មនុស្ស​ធំ និង​កុមារ​ធំ (នៃ​បេះដូង ឬ​ខួរ​ក្បាល)
  • ថ្ងៃទី​១ Thiamine ៥០ម.ក្រ ចាក់​សសៃ​យឺតៗ ៣ដង​ក្នុង​១ថ្ងៃ ។
  • ចាប់​ពី​ថ្ងៃទី ២ ជាធម្មតាគេ​ត្រូវ​ប្តូរ​មក​ព្យាបាល​ ដោយ​ថ្នាំ​គ្រាប់​វិញ រយៈ​ពេល ១ខែ Thiamine លេប​ ១០០ម.ក្រ/ថ្ងៃ ។ 
ទម្រង់​រ៉ាំរ៉ៃនៃ​មនុស្សធំ និង​កុមារ​ធំ
  • Thiamine លេប១០០ម.ក្រ/ថ្ងៃ រយៈ​ពេល​១ខែ ។ ក្នុង​គ្រប់​ករណី ត្រូវ​ព្យាបាល​កង្វះអាហារូបត្ថម្ភ រួម​ផ្សំ និង​កង្វះ​ផ្សេងៗ​ទៀត​ដូចជា ជាតិ​ដែក អាស៊ីត​ហ្វូលីក វីតាមីន 


ការ​បង្ការ​ 
ការ​អប់រំ​អាហារូបត្ថម្ភ (ថ្លើម​សត្វ អង្ករ​សម្រូប បន្លែ​បៃតង ដំឡូង​បារាំង គ្រាប់​ផ្លែ​ឈើ ដូចជា​គ្រាប់​ស្វាយ​ចន្ទី) ។


ដក​ស្រង់​ពី​សៀវភៅ​ មគ្គុទ្ទេសក៍​គ្លីនិក និង​រូបមន្ត​ព្យាបាល​មន្ទីរ​ពេទ្យ​បង្អែក

0 comments:

Post a Comment

Powered by Blogger.