ភ្នែក

ជំងឺ​ភ្នែក​ឡើង​បាយ (Cataract)


ជំងឺ​ភ្នែក​ឡើង​បាយ 
ជា​ធម្មតា​កែវ​ភ្នែក​មនុស្ស​យើង​មាន​លក្ខណៈ​ថ្លា ដែល​អនុញ្ញាត​ឲ្យ​កាំ​ពន្លឺ​រូប​ភាព​ឆ្លង​កាត់​ដល់​សសៃ​រ៉េទីន​ទើប​ធ្វើឲ្យ​យើង​អាច​មើល​ឃើញ​រូប​ភាព​នានា​បាន​ច្បាស់ ។ ជំងឺ​ភ្នែក​ឡើង​បាយ គឺ​ជា​ការ​ស្រអាប់​កែវ​ភ្នែក​ដែ​ល​បណ្តាល​មក​ពី​ជរា​ភាព និង​ជំងឺ​ ឬ​មូល​ហេតុ​ផ្សេងៗ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​មើល​ឃើញ​ថយ​ចុះ ។ 

ប្រភេទ​ភ្នែក​ឡើង​បាយ 
- ភ្នែក​ឡើង​បាយមនុស្សចាស់ ៖ មនុស្ស​គ្រប់​រូប​ចាប់​ពី​អាយុ​ ៤៥​ឆ្នាំឡើង​ទៅ អាច​ជួប​ប្រទះ​នឹង​ជំងឺ​ភ្នែក​ឡើង​បាយ​ដែល​បណ្តាល​មក​ពី​ស្រអាប់​កែវ​ភ្នែក​ ដោយជរា​ភាព ។ 
- ភ្នែក​ឡើង​បាយ​ពី​កំណើត និង​កុមារភាព ដែល​បណ្តាល​មក​ពី 
  • តំណរ​ពូជ
  • ម្តាយ​មានជំងឺ​ស្អូច (Rubella) ក្នុង​កំឡុង​ពេល​មានគភ៌
  • ការ​ប្រើ​ប្រាស់​ថ្នាំ មាន​សារធាតុស្តេរ៉ូអ៊ីត​រយៈ​ពេល​យូរ​ពេល​មាន​ផ្ទៃពោះ
  • ការ​ប៉ះ​ទង្គិច ឬ​របួស​ភ្នែក​ដោយ​គ្រោះ​ថ្នាក់
  • ការ​ប្រើ​ប្រាស់​ថ្នាំមាន​សារជាតិ​ស្តេរ៉ូអ៊ីត​ដោយ​ពុំ​មាន​ការ​ត្រួត​ពិនិត្យ
ភ្នែក​ឡើង​បាយ​ដែល​បណ្តាល​មក​ពី​ការ​ប៉ះ​ទង្គិច 
ការ​ប៉​ះ​ទង្គិច​ ឬ​របួសគ្រាប់​ភ្នែក​ ឬ​រលាក​ដោយសារ​ជាតិ​គីមី អាច​បណ្តាល​ឲ្យ​ កើត​ជំងឺ​ភ្នែក​ឡើង​បាយ ចំពោះ​មនុស្ស​គ្រប់​វ័យ ។ 

ភ្នែក​ឡើង​បាយ​បណ្តាល​មក​ពី​ជំងឺ​ភ្នែក​នានា 
អ្នក​ដែល​មានជំងឺ​ផ្សេងៗ​ដូចជា 
  • ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក
  • រលាក​ប្រស្រី​ភ្នែក​ និង​ជំងឺ​ទឹក​នោមផ្អែមជា​ដើម​អាច​បណ្តាល​ឲ្យ​ភ្នែក​ឡឡើង​បាយ​យ៉ាង​ឆាប់​រហ័ស 

ភ្នែក​ឡើង​បាយ​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ
ការ​ប្រើ​ប្រាស់​ថ្នាំ​ដំណក់ ឬ​ថ្នាំ​លេប​ប្រភេទ​ស្តេរ៉ូអ៊ីតយូរ​អាច​បណ្តាល​អោយកើត​ជំងឺ​ភ្នែក​ឡើង​បាយផងដែរ ។ 

រោគ​សញ្ញា
  • ចាញ់​ពន្លឺ 
  • ពេល​ថ្ងៃ​ស្រវាំង​ខ្លាំង ពេល​ល្ងាច​ស្រឡះ
  • កូន​ក្រមុំភ្នែក​ឡើង​ស និង​ពុំ​មាន​ការ​ឈឺចាប់ គំហើញ​ថយ​ចុះ​បន្តិច​ម្តងៗ រហូត​ឃើញ​តែ​ពន្លឺ
តើ​ការ​វះ​កាត់​ភ្នែក​ឡើង​បាយ​អាច​មាន​ផល​វិបាក​អ្វី​ខ្លះ ?
ការ​វះ​កាត់​ភ្នែក​ឡើង​បាយ​គឺ​ជា​ប្រភេទ​នៃ​ការ​វះ​កាត់​ជំងឺ​ភ្នែក​ច្រើន​បំផុត ។ ហើយ​ជា​ធម្មតា​ការ​វះកាត់​ភ្នែក​ឡើង​បាយ​នេះ ៩០% ​ពុំ​មាន​ផល​វិបាក​អ្វី​ឡើយ ក្រោយ​ពី​ការ​វះ​កាត់ រួច​ហើយ​គំហើយ​អ្នក​ជំងឺ​មាន​ភាព​ប្រសើរ​ឡើង​វិញ ធ្វើ​អោយ​អ្នក​ជំងឺ​ពេញ​ចិត្ត​ ទៅ​នឹង​លទ្ធផល​ដែលទទួល​បាន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​វះ​កាត់​ក៏​អាច​មាន​ផល​វិបក​តិចតួច​ ទោះ​បី​ជា​ការ​វះ​កាត់​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ គ្រូ​ពេទ្យ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​ហើយ​ក៏​ដោយ ។ ហេតុ​ដូច្នេះហើយ​អ្នក​ជំងឺ​ត្រូវ​យល់​ដឹង​ពី​ផល​វិបាក​ដែល​អាច​កើត​មាន​ឡើង​ក្រោយ​ពី​ការ​វះ​កាត់​ភ្នែក​ឡើង​បាយ​មុននឹង​សម្រេច​អោយ​គ្រូ​ពេទ្យ​ធ្វើ​ការ​វះ​កាត់ ។
  • ភ្នែក​រលាក​ខ្ទុះ​ក្រោយ​ការ​វះ​កាត់ ៖ នេះ​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​បំផុត​ ហើយ​អាច​ធ្វើ​អោយ​អ្នក​ជំងឺ​បាត់​បង់​គំហើយ​ ឬ​ពិការ​ភ្នែក​ គេ​សង្កេត​ឃើញ​ផល​វិបាក​នេះ កើត​មាន​ឡើង​ចាប់ពី ៣ទៅ២១​ថ្ងៃ ក្រោយ​ពី​កា​រ​វះ​កាត់ រោគ​សញ្ញា​ដំបូង​ គឺ​អ្នក​ជំងឺ​មាន​ការ​ឈឺ​ចុក​ចាប់​ខ្លាំង​នៅ​ក្នុង​គ្រាប់​ភ្នែកខ្លាច​ពន្លឺថ្ងៃ គំហើយ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ហើយ​ភ្នែក​ក្រហម និង​ហើម​បើ​សិន​ជា​អ្នក​ជំងឺ​ជួប​ប្រទះ​បញ្ហា​ខាង​លើ ត្រូវ​ប្រញាប់​មក​ជួប​ គ្រូ​ពេទ្យ​ឯកទេសជា​បន្ទាន់​ និង​អោយ​បាន​ទាន់​ពេល​វេលា ដើម្បី​ធ្វើ​ការ​ព្យាបាល ។ 
  • ហើម​សសៃ​បាត​ភ្នែក​មាន​សណ្ឋាន​ជា​គីស ៖ នៅ​ក្នុង​ផ្នែកកណ្តាល​នៃ​សសៃ​រ៉េទីន​មាន​កន្លែង​សំខាន់​មួយ​ឈ្មោះ​ថា Macular ដែល​មាន​តួនាទី​ធ្វើ​អោយ​ឃើញ​ឆ្ងាយ ។

ការ​ព្យាបាល​
  • ការ​វះ​កាត់​ ឬ​ប​កយ​ក​បាយ​ភ្នែគ (កែវភ្នែក​ដែល​ស្រអាប់) ចេញ​គឺ​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ​និ​ងអាច​ធ្វើ​អោយ​ភ្នែក​អ្នក​ជំងឺភ្លឺ​ឡើង​វិញ​បាន ។ 
  • ការ​វះ​កាត់​អាច​ធ្វើ​ឡើង​យ៉ាង​សាមញ្ញ​បន្ទាប់​ពី​បាន​ពិនិត្យ​ដោយ​ឧបករណ៍​ចក្ខុសាស្ត្រនានា​ នៅ​តាម​មន្ទីរ​ពេទ្យ​ភ្នែក​ដោយ​គ្រូ​ពេទ្យ​ឯកទេស​ចក្ខុរោគ ។ ក្រោយ​ពី​ការ​វះ​កាត់​បក​យក​បាយ​ភ្នែក​ចេញហើយ គេ​ប្រើ​ប្រាស់​កែវ​សិប្បនិម្មិត​ ជំនួស​កែវ​ភ្នែក ដើម្បី​អោយ​អ្ន​ក​ជំងឺ​អាច​មើល​ឃើញ​ឡើង​វិញ ។ ការ​វះ​កាត់​ពុំ​មាន​ការ​ឈឺ​ចាប់​ទេ និង​ចំណាយ​ពេល​តែ ១៥ទៅ​២០​នាទី​ប៉ុណ្ណោះ ។ 

ប្រការ​គួរ​ចងចាំ
  • ការ​វះកាត់​ ឬ​បក​យក​បាយ​ភ្នែក​ចេញ​ជាជម្រើស​តែ​មួយ​គត់​ក្នុង​ការ​ព្យាបាល​ភ្នែក​ឡើង​បាយគ្រប់​ប្រភេទ​ ។
  • ការ​វះ​កាត់​ភ្នែក​ឡើង​បាយ​ទាន់​ពេល​វេលា​ អាច​ជួយ​សង្គ្រោះ​គំ​ហើយញ​របស់​អ្នក​ជំងឺ​ឲ្យ​​បាន​ប្រសើរ​ឡើង​វិញ ។ 
  • ពុំ​មាន​ឱសថ​ ឬ​ថ្នាំ​ដំណក់​ណា​ដែល​អាច​ជួយ​ព្យាបា​ល​ភ្នែក​ឡើង​បាយ​បានទេ ។ 
  • ចំពោះ​កុមារ​ដែល​មាន​ជំងឺ​ភ្នែក​ឡើង​បាយ ត្រូវ​រួស​រាន់​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ភ្នែក ។
  • ការ​ប្រើ​ប្រាស់​ថ្នាំ ឬ​វ៉ែនតា​ពុំ​អាច​ជួយ​ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ​បានទេ ។ 
  • អ្នក​ជំងឺ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ចាំបាច់​របស់​គ្រូ​ពេទ្យ បន្ទាប់​ពី​ការ​វះ​កាត់​ដើម្បី​ជៀស​វាង​នូវ​ផល​វិបាក​ផ្សេងៗ ដែល​អាចកើត​មាន​ដោយ​យថាហេតុ ។ 
ដក​ស្រង់​ពី​ ទស្សនា​វដ្តី​សុខភាព​ភ្នែក​ ចេញ​ផ្សាយ​ដោយ​សមាគមគ្រូ​ពេទ្យ​ភ្នែក​កម្ពុជា ២០១១

0 comments:

Post a Comment

Powered by Blogger.