ជំងឺកុមារ

ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង (Poliomelitis)


ប្រវត្តិ​នៃ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង

  • ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង គឺ​ជា​ជំងឺ​មួយ​ដែល​ធ្វើ​អោយ​កុមារ​ពិការ​អស់​មួយ​ជីវិត ដោយ​គ្មាន​ឱសថ​សម្រាប់​ព្យាបាល​ ឬ​ក៏​អាច​សម្លាប់​កុមារ​ បើ​សិន​ជា​ករណី​នោះ​ធ្ងន់​ធ្ងរ (អត្រា​ស្លាប់​ពី៥ទៅ១០%) ។
  • ជំង​ឺ​គ្រុន​ស្វិត​ដៃ​ជើង បាន​រាត​ត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុជាកាល​ពី១០០ឆ្នាំ​មុន រហូត​ដល់​ឆ្នាំ ១៩៥៤ ទើប​មាន​ការ​បង្កើត​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ។ 
  • ឆ្នាំ១៩៨៨ ចាប់​ផ្តើម​មាន​កម្មវិធី​លុប​បំបាត់​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង វ៉ាក់​សាំង​ប៉ូលី​យ៉ូ​ត្រូវ​បាន​ផ្តល់​អោយ​កុមារ​ទាំង​អស់​ដែល​មាន​អាយុ​ក្រោម​៥ឆ្នាំ ។ 
  • បន្ទាប់​មក​ចំនួន​អ្នក​ដែល​កើត​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ត្រូវ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ ចាប់​ពី ៣០០ ០០០មក​៣០០០ករណី ក្រោយ​រយៈ​ពេល១០​ឆ្នាំ​មក 
  • ប្រទេស​កម្ពុជា​ចាប់ផ្តើម​ធ្វើ​ការ​លុប​បំបាត់​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង នៅ​ក្នុង​ឆ្នាំ ១៩៩៤ ដោយ​បាន​ចាប់​ផ្តើម​ធ្វើ​ទិវា​ជាតិ​ផ្តល់​បន្ថែម​ថ្នាំ​បង្ការ និង​ធ្វើ​ការ​តាមដាន​ស្រាវ​ជ្រាវជំងឺ​បាន​ជោគ​ជ័យ ។ 
  • ករណី​ចុង​ក្រោយ​គឺ​នៅ​ខែ​មិនា ឆ្នាំ១៩៩៧ បាន​កើត​ទៅ​លើ កុមារី​ម្នាក់​អាយុ​២ឆ្នាំ ឈ្មោះ មុំ ចាន់ធី ហើយ​នេះ​ក៏ជា​ករណី​ចុង​ក្រោយ​ដែល​មាន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិក ។ កុមារី​ មុំ​ ចាន់​ធី នៅ​ពេល​នាង​មាន​អាយុ​៧ឆ្នាំ ជើង​ទាំង​២​របស់​នាង នៅ​តែ​ស្វិតដដែល​ហើយ​ពិការ​ដើរ​មិន​រួច ។ 
  • នៅ​ក្នុង​ឆ្នាំ២០០០ អង្គការ​សុខភាព​ពិភព​លោក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច បាន​ប្រកាស​ថា​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ត្រូវ​បាន​លុប​បំបាត់​នៅ​ក្នុង​តំបន់ ។ 
  • ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​មួយ​ដែល​មាន​គុណភាព​ខ្ពស់​ក្នុង​ការ​តាម​ដាន​ជំងឺ​ហើយ និង​មាន​ការ​ផ្តល់​វ៉ាក់សាំង​ប៉ូលីយ៉ូ​ជា​ប្រចាំ ។ 
  • ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​មួយ​ដែល​គ្មាន​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ។ 
  • នៅ​ក្នុង​ឆ្នាំ​២០០៤ លើ​ពិ​ភព​លោក​មាន​៦​ប្រទេស​ដែលមាន​ជំងឺ​គ្រុន​ស្វិត​ដៃជើងឆ្លង​រាតត្បាត ក្នុង​នោះ​មាន (ប្រទេស​ឥណ្ឌា ប៉ា​គីស្ថាន អាហ្គានីស្ថាន អេហ្ស៊ីប នីហ្សេរីយ៉ា និងនីហ្គ័រ) នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ មាន​ចំនួន ១២៦៦​ករណី​ត្រូវ​បាន​រាយការណ៍ ។ 
  • សម្រាប់​យើង​ក្នុង​ពេល​ឥឡូវ​នេះ​ គឺ​ឋិត​នៅ​ក្នងុ​ដំណាក់​កាល​ចុងក្រោយ​ក្នុង​ការ​លុប​បំបាត់​ជំងឺ​គ្រុន​ស្វិត​ដៃជើង តែ​ទោះ​ជា​យ៉ាងណា​ប្រទេស​កម្ពុជា​ត្រូវ​ការ​រក្សា​ការ​តាម​ដាន​អោយ​បាន​កម្រិត​ខ្ពស់​ ព្រោះ​វា​មាន​សារៈ​សំខាន់​ណាស់​ ដើម្បី​ការ​ពារ​នូវ​ការ​ឆ្លង​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ដោយ​មេរោគ​ប៉ូលីយ៉ូវីរុស VDPV ដោយ​មាន​គុណ​ភាព​ខ្ពស់​នៃ​ការ​តាមដាន​ករណី​ខ្វិន​ទន់​អវៈយវៈ ។ 
  • VDPV គឺ​ជា​វីរុស​ប៉ូលីយ៉ូ ធ្វើការបំលែង​ចេញ​ពី​វ៉ាក់សាំង​ OPV (Vaccine Derived Polio Virus) វ៉ាក់សាំង​ប៉ូលីយ៉ូផឹក OPV (Sabin Strain) អាច​ប្រែប្រួល​នៅ​ក្នុង​ពោះ​វៀន​មនុស្ស​នៅ​ក្នុង​នោះ​ផងដែរ វាកម្រ​ធ្វើ​អោយ​មាន​ជាតិ​ពុល ដូច​ប្រភេទ​វីរុស ដែលត្រូវ​បាន​គេហៅថា VDPV (>=1% Divergence of VP1 gene) ។
  • VDPV ត្រូវ​បាន​គេ​រកឃើញនៅ​ក្នុង​ប្រទេសហៃទី ក្នុង​ឆ្នាំ​២០០០ នៅ​ប្រទេស​ហ្វីលីពីន ក្នុងឆ្នាំ២០០១ នៅ​ប្រទេសម៉ាដាហ្គាស្កា ក្នុងឆ្នាំ២០០២ នៅ​ប្រទេស​ចិន និង​ប្រទេសលាវក្នុង​ឆ្នាំ២០០៤ ។
តើ​ករណី​ខ្វិន​ទន់​អវៈយវៈ (AFP) គឺជា​អ្វី ? (AFP = Acute Flaccid Paralysis)
  • ករណី​ខ្វិន​ទន់​អវៈយវៈ គឺ​ជា​ផ្នែក​មួយ​នៃ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ ហើយ​ដើម្បី​តាម​ដាន​រក ប្រភេទ​ជំងឺ​ដែល​ដូចជា​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ដោយ​រួម​បញ្ចូល​ទាំង GBS (Guillain-Barre Syndrom), TM (Transverse Myelitis), Traumatic Neuritis , Other enterovirus infection (Coxsackie, Echo, Entro 70,71 ), Toxic Neurophaty, Tick Paralysis, រោគ​ខ្សោយ​សាច់ដុំ Myasthenia Gravis, រោគ​សសៃ​ប្រសាទ Porphyria, ការ​ពុល Botulism, Polymyositis ។ល។ 
  • ករណី​ខ្វិន​ទន់​អវៈយវៈ បាន​ចង្អុល​បង្ហាញ​អោយ​ឃើញ​នៅ​ការ​ចាប់​ផ្តើម​ ចុះ​ខ្សោយ​នៃ​សាច់​ដុំ​យ៉ាង​ឆាប់​រហ័សអតិបរមា ដែល​ធ្វើ​អោយ​ជំងឺ​វិវត្ត​ទៅ​រកសភាព​ធ្ងន់​ធ្ងរ គឺ​ក្នុង​រយៈ​ពេលពីរ​បីថ្ងៃ ជាមួយ​និង​ការ​បាត់​បង់​លំនឹង​ទប់​ខ្លួន ហើយ​និង​សញ្ញា​ដទៃ​ទៀត ដែល​ពាក់​ព័ន្ធ​ទៅនឹកងជំងឺប្រព័ន្ធ​សសៃ​ប្រសាទ ។ 

និយម​ន័យ​នៃ​ករណី​សង្ស័យ​គ្រុន​ស្វិត​ដៃ​ជើង 
កុមារ​ដែល​មាន​អាយុ​ក្រោម​១៥ឆ្នាំ កើត​ជំងឺ​ខ្វិន​ទន់​អវៈយវៈ AFP ហើយ​នឹង​អ្នក​ជំងឺ​ដទៃ​ទៀត ដែល​មាន​អាយុផ្សេង​ពីនេះ ហើយ​ត្រូវ​បាន​សង្ស័យ​ថា​ជា​ជំងឺ​គ្រុន​ស្វិត​ដៃជើង ។ ជំងឺ​ដែល​បង្ក​រោគ​ដោយ​មេរោគ GBS (គឺ​មាន​១ក្នុង​ចំណោម ១០០០០០ករណី​នៃ​កុមារ​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ) គឺ​ច្រើន​កើត​មាន​បន្ទាប់​ពីជំងឺ​គ្រុន​ស្វិត​ដៃ​ជើងត្រូវ​បាន​លុប​បំបាត់ ។ 

ភ្នាក់​ងារ​បង្ក​រោគ (Infectious Agents)
ប៉ូលីយ៉ូវីរុស គឺ​ជា​ក្រុម​មួយ​ដែល​បង្ក​រោគ​នៅ​ក្នុង​ពោះ​វៀន ហើយ​ក៏ជាក្រុម​គ្រួសារ​ជាមួយ និង​វីរុស​ Picorna vividae ហើយ​និង RNA Virus ។ មាន​៣​ប្រភេទ ៖ 
  • P1
  • P2
  • P3 
ប្រភេទ​ P2 ត្រូវ​បាន​លុប​បំបាត់​នៅ​ក្នុង​ឆ្នាំ ១៩៩៩ (ករណី​ចុង​ក្រោយ​នៅ​ប្រទេស​ឥណ្ឌា) ។
ប្រភេទ P1 ហើយ​និង P3 គឺ​នៅ​មាន​ការ​ចម្លង​ ហើយ​ប្រភេទ​ដែល​ធ្វើ​អោយ​ទន់​អវៈយវៈ ។ 
ប៉ូលីយ៉ូវីរុស​នេះ គឺ​វាចូល​ទៅ​ក្នុង​សសៃ​ឈាម ហើយ​ធ្វើ​ការ​ប្រឆាំង​និង​បំផ្លាញ​ទៅ​លើ​ប្រពន្ធ​បញ្ជា​នៃ​សសៃ​ប្រសាទ​ និង​ខួរ​ឆ្អឹង​ខ្នង ។ 

របៀប​ឆ្លង រយៈ​ពេល​បង្ក​រោគ ការ​ចម្លង (Mode of Transmission - Incubation - Communicability)
  • ការ​ចម្លង​រោគ​ ជាបឋមគឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាមរយៈ​លាមក​ដោយ​ឆ្លង​កាត់​តាម​មាត់ ហើយ​វា​ក៏​អាចចម្លង​ផង​ដែរ​តាម​រយៈ​ ការ​ប៉ះ​ពាល់​ទៅ​លើ​កំហាក​ ឬ​វត្ថុរាវ ដែល​ចេញ​ពី​បំពង់​ក​អ្នក​ជំងឺ​ដែល​ទើ​ប​និង​ចាប់​ផ្តើម​ឈឺ 
  • រយៈ​ពេល​បង្ករោគ​ប្រហែល​ពី៧ទៅ១៤ថ្ងៃ
  • រយៈ​ពេល​ចម្លង​គឺ​ក្នុងរយៈ​ពេល​ពី២ទៅ៣ថ្ងៃ​មុន​ពេល​ហើយ​និង​បន្ទាប់​ពី​ចាប់​ផ្តើម​ទន់​អវៈយវៈ​ហើយ​បន្ទាប់​ពី​នោះ​មក​ទៀត​ការ​ចម្លង​អាច​មាន​រហូត​ដល់៣ទៅ៦សប្តាហ៍ ។

សញ្ញា​គ្លីនិក 
  • អាការៈ​ទន់​អវយៈ​វៈដំបូង​គឺ​ចាប់​ផ្តើម​ញ័រ​នៅ​ក្នុង​ដំណាក់​កាល​កំពុង​ឈឺ ហើយ​ជា​ធម្មតា​ ការ​ទន់​អវៈយវៈ មិន​កើត​នោ​ពេ​លក្រោយ​គ្រុន​ក្តៅ​នោះទេ ។ ដោយយោង​ទៅ​លើ​ភាព​ខុស​គ្នា​រវាង GBS ជា​រឿយៗ​ពុំ​មាន​គ្រុន​ក្តៅ​ហើយ​ការ​ចាប់​ផ្តើម​ទន់​អវៈយវៈ​គឺចាប់​ពី​ជើង​មក​ដៃ ។ 
  • អាការៈ​ទន់​អវៈយវៈ​ ដោយសារ​ជំងឺ​ប៉ូលីយ៉ូច្រើន​តែ​កើ​នៅ​លើ​ជើង បន្ទាប់​មក​ដៃ ពោះ​ទ្រូង សសៃ​សាច់​ដុំ​នៅ​លើ​មុខ សាច់​ដុំ​សម្រាប់​ទប់​ទឹក​នោម ហើយ​ដែល​អាច​ធ្វើ​អោយ​មាន​ការ​ប៉ះ​ពាល់ និង​ធ្វើអោយ​រលាក​ដល់​ខួរ​ឆ្អឹងខ្នង ។ 
  • អត្រា​ស្លាប់​របស់​កុមារ​ដោយ​សារ​ជំងឺ​នេះមាន​ពី ៥ទៅ១០% ។ 

ការ​តាម​ដាន​តាម​រយៈ​មន្ទីរ​ពិសោធន៍
  • ការ​ធ្វើវិភាគ​ដែល​យក​មក​ពី​ឆ្អឹង​ខ្នង​បាន​បង្ហាញ​អោយ​ឃើញ​ថា​ចំនួន​គឺ​កើន​ឡើង​ Lymphocytes (10-200Cell/dl) ហើយ​ប្រូតេអ៊ីនក៏​ឡើង​តិចតួចដែរ (40-50mg/100mg) ទៅ​លើ​ភាព​ផ្ទុយ​គ្នា​រវាង​ GBS បាន​បង្ហាញ​អោយ​ឃើញ​ថា​ពេល​ណា​មាន​ប្រូ​តេអ៊ីនឡើង​ក៏​ចំនួន​កោសិកា​គឺធ្លាក់ចុះ 
  • ប៉ូលីយ៉ូ​វីរុស គឺ​ចម្លង​មក​ពី​លាមក ។ ជា​ធម្មតា​វីរុស​ចូល​ទៅ​សំងំ​លាក់​ខ្លួន​គឺ​មាន​រយៈ​ពេល​២សប្តាហ៍ ។ វីរុស​នេះ​អាច​រក​ឃើញ​នៅ​ក្នុង​លាមក​ក្នុង​រយៈ​ពេលពី៦ទៅ៨សប្តាហ៍ ។ ការ​យក​វត្ថុ​វិភាគ​ គឺ​ត្រូវ​លាមក​២ដង ហើយ​អោយ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បានក្នុង​រយៈ​ពេល ២៤ទៅ៤៨ម៉ោង ។ 
  • នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​យក​វត្ថុ​វិភាគ​គឺ​ត្រូវ​យក​ដោយ​បុគ្គលិក​មន្ទីរ​សុខាភិបាល​ដែលទទួល​បន្ទុក​ផ្នែក​យ​វត្ថុ​វិភាគ ។ ត្រូវ​រក្សា​វត្ថុ​វិភាគ​នោះនៅ​ក្នុង​កម្រិត​អង្សារ(៤ទៅ៨អង្សារសេ) ហើយ​ត្រូវ​បញ្ជូន​ទៅ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​បន្ទាប់​មក​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​ និង​អង្គ​ការ​សុខភាព​ពិភព​លោកផ្ញើ​វត្ថុ​វិភាគ​នោះ ទៅ​វិទ្យាស្ថាន​ជាតិ​តាម​ដាន​ជំងឺ​ឆ្លង​នៅ​ប្រទេស​ជប៉ុន​រៀង​រាល់​សប្តាហ៍ ។ លទ្ធផល​នៃ​ការ​ធ្វើ​ការ​វិភាគ វិជ្ជ​មាន​រឺ អវិជ្ជមាន​គឺ​ត្រូវ​រាយ​ការណ៍​មក​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​ក្នុងរយៈ​ពេល ៤សប្តាហ៍ ។ បន្ទាប់​មក​លទ្ធផល​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ខេត្ត​វិញ​ជា​បន្ទាន់​ដើម្បី​រាយការណ៍​ដល់អ្នក​ពិគ្រោះ​ជំងឺ ។ 

ការ​ព្យាបាល​ ការ​ការ​ពារ និង​វិធាន​ការ​ទប់​ស្កាត់ 
  • គ្មាន​ថ្នាំ​ព្យាបាល​ទេ ហើយ​មាន​តែ​វ៉ាក់​សាំង​ទេ​ដែល​អាច​ការ​ពារ​នូវ​ការ​ចម្លង​វីរុស​នេះ​បាន ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ប្រើ​វ៉ាក់សាំង​ប៉ូលីយ៉ូ​ (OPV) ហើយ​វ៉ាក់សាំង​ប៉ូលីយ៉ូ​គឺ​ត្រូវ​បាន​គេ​ផ្តល់​អោយ​ដោយ​មិន​គិត​ថ្លៃ តាមរយៈ​ការ​ផ្តល់​ថ្នាំ​បង្ការ​ជា​ប្រចាំ (អាយុ​៦សប្តាហ៍ ១០សប្តាហ៍ ហើយ​និង​១៤​សប្តាហ៍) ។ នៅ​្នុង​នោះ​ផងដែរ ក៏​មាន​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង​ប៉ូលីយ៉ូ​បន្ថែម​ទៅ​ដល់​កុមារ​ដែល​មាន​អាយុ​តិចជាង ៥ឆ្នាំ ។ 
  • រាល់​ករណី​សង្ស័យ​ចំពោះ​កុមារ​​មាន​អាយុ​ក្រោម​១៥ឆ្នាំ មាន​អាការៈ​ខ្វិន​ទន់​អវៈយវៈ ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​មណ្ឌល​សុខភាព​ ស្រុក​ប្រតិ​បត្តិ មន្ទីរ​សុខាភិបាល កម្មវិធី​ជាតិ​ផ្តល​់ថ្នាំ​បង្ការ ដែល​នៅ​ជិត​នោះ ។ 
  • បន្ទាប់​ពីទទួល​បាន​របាយការណ៍ បុគ្គលិក​មន្ទីរ​សុខាភិបាល​ខេត្ត​ទទួល​បន្ទុក​កម្មវិធី​ផ្តល់​ថ្នាំ​បង្ការ​ត្រូវ​ចុះ​ទៅ​អង្កេត​អោយ​បាន​ឆាប់​រហ័ស​ដោយ​សរសេរ​បំពេញ​ទៅ​ក្នុង​ទម្រង់​របាយការណ៍ និង​យក​លាមក​ករណី​ចំនួន​២លើក​ដើម្បី​ផ្ញើ​ទៅ​ធ្វើ​វិភាគ​រោគ ។ 
ដក​ស្រង់​ចេញ​ពី Page Facebook កម្មវិធីជាតិ​ផ្តល់​ថ្នាំ​បង្ការ រៀប​រៀង​ដោយ វេជ្ជ.ឆេង ម៉ន

0 comments:

Post a Comment

Powered by Blogger.