នៅពេលមនុស្សបាត់បង់ទឹកច្រើនជាងអ្វីដែលពួកគេពិសាចូល ពួកគេនឹងខ្វះជាតិទឹក ។ ទារក និងក្មេងអាចខ្វះជាតិទឹកងាយជាងមនុស្សពេញវ័យដោយសារទំហំដ៏តូចរបស់ពួកគេ ។ មនុស្សចាស់ និងមនុស្សដែលមានជំងឺខ្លះក៏មានហានិភ័យខ្ពស់ផងដែរ ។
សញ្ញានៃការខ្វះជាតិទឹកតិចតួច ឬមធ្យម
- មានអារម្មណ៍ស្រេកទឹកខ្លាំង
- មាត់ស្ងួតខ្លាំង
- នោមតិចតួច ឬទឹកនោមពណ៌ក្រម៉ៅ
- វិលមុខតិចតួច ឬមមើមមាយ
- ឈឺក្បាល
សញ្ញានៃការខ្វះជាតិទឹកបន្ថែមទៀតចំពោះទារក និងក្មេង
- មានភាពមិនសូវសកម្ម
- ទឹកភ្នែកតិចនៅពេលយំ
- ស្នាមទន់ផតបន្តិចលើផ្នែកខាងលើនៃក្បាលទារក
- កន្ទបមិនសូវសើមដូចក្មេងធម្មតា ឬទម្ងន់នៃកន្ទបសើមស្រាលជាងធម្មតាចំពោះរូបគេ ។
ការខ្វះជាតិទឹកធ្ងន់ធ្ងរ (មិនមានវត្ថុរាវគ្រប់គ្រាន់ក្នុងរាងកាយ) គឺជាសញ្ញាសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ។ មនុស្សដែលខ្វះជាតិទឹកធ្ងន់ធ្ងរ អាចត្រូវការវត្ថុរាវចាក់តាមសសៃ (តាមរយៈម្ជុលចាក់ទៅក្នុងដៃ) នៅមន្ទីរព្យាបាល ឬមន្ទីរពេទ្យ ។ នៅពេលអ្នកកំពុងរង់ចាំជំនួយវេជ្ជសាស្ត្រ សូមបន្តផ្តល់ឲ្យមនុស្សនោះនូវវត្ថុរាវតិចៗឲ្យបានញឹកញាប់ ។
របៀបបង្ការ និងព្យាបាលការខ្វះជាតិទឹក
អ្នកឈឺគួរពិសាទឹក ទឹកផ្លែឈើ និងបន្លែ ស៊ុប និងស៊ុបសាច់រម្ងាស់ ព្រមទាំងភេសជ្ជៈដូចជា Gatorade ឬម៉ាកផ្សេងទៀត (សម្រាប់មនុស្សពេញវ័យ) និង Pedialyte ឬម៉ាកផ្សេងទៀត (សម្រាប់ក្មេង) ឲ្យបានគ្រប់គ្រាន់ ។ ជៀសវាងជាតិកាហ្វេអ៊ីន និងអាល់កុល ។
ជំរុញឲ្យអ្នកឈឺពិសាវត្ថុរាវតិចៗឲ្យបានញឺកញាប់ ។ តាមដានអ្នកឈឺជាប្រចាំ ព្រោះការខ្វះជាតិទឹកអាចកើតឡើងឆាប់ណាស់ ជាពិសេសកូនក្មេង ។ ជាធម្មតាជំងឺគ្រុនផ្តាសាយមិនបង្កឲ្យមនុស្សពេញវ័យរាគទេ ប៉ុន្តែពេលខ្លះអាចធ្វើឲ្យក្មេងរាគ ។ មនុស្សដែលរាគត្រូវការវត្ថុរាវដែលមានបរិមាណអំបិល និងស្ករត្រឹមត្រូវ ។ ទារក ឬក្មេងទើបចេះដើរតេះតះ ដែលបៅដោះម្តាយគួរបន្តការបៅ ។ ចំពោះក្មេងដែលមិនបំបៅទឹកដោះម្តាយ Pedialyte , Ceralyte និង Oralyte ទាំងអស់នេះ មានបរិមាណអំបិល និងស្ករត្រឹមត្រូវ ។ ទាំងនេះ គឺជាវត្ថុរាវដ៏ល្អបំផុតដែលត្រូវផ្តល់ឲ្យក្មេងដែលរាគ។
ពេលដែលត្រូវហៅទូរស័ព្ទទៅវេជ្ជបណ្ឌិត
ទទួលការថែទាំវេជ្ជសាស្ត្រ សង្គ្រោះបន្ទាន់ ប្រសិនបើអ្នកឈឺមានរោគសញ្ញាទាំងនេះណាមួយ ៖
- ភាពលំបាកដកដង្ហើម
- ភាពមួម៉ៅ ឬងងុយគេងជ្រុល (ចំពោះទារក និងក្មេង)
- ភាពឆាប់ខឹងជ្រុល មិនសូវដឹងខ្លួន ការប្រែប្រួលសំដី ការច្របូកច្របល់ ឬការបាត់បង់ស្មារតី (ចំពោះមនុស្សពេញវ័យ និងក្មេង)
- ភាពខ្សោយសាច់ដុំ និងអត្រាបេះដូងលោងញាប់
ហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាមៗ ប្រសិនបើអ្នកឈឺមាន ៖
- ការស្រេកទឹកជ្រុល
- មាត់ ឬក្នុងច្រមុះស្ងួតខ្លាំង ឬស្បែកមិនត្រឡប់ទៅភាពប្រក្រតីវិញប្រសិនបើក្តិចវាថ្នមៗ
- ការនោមតិចតួច ឬគ្មានសោះ
- ការស្រកទម្ងន់
- អត្រាបេះដូងលោតញាប់
- កម្រិតសកម្មភាពទាបណាស់
- ស្នាមទន់ផតជ្រៅលើផ្នែកខាងលើនៃក្បាលទារក
មើលអ្នកឈឺដោយយកចិត្តទុកដាក់ចំពោះសញ្ញាខ្វះជាតិទឹកកាន់តែធ្ងន់ធ្ងរ ។ ហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើមានរោគសញ្ញាមិនប្រក្រតីណាមួយដែលធ្វើឲ្យអ្នកព្រួយបារម្ភ ។
ដកស្រង់ចេញពីសៀវភៅជំងឺគ្រុនផ្តាសាយ អ្វីដែលអ្នកអាចធ្វើបាន
0 comments:
Post a Comment