ការចង្អុលបង្ហាញ
រាល់ការចាក់បញ្ចូលឈាម រមែងបង្ហាញអោយឃើញនូវគ្រោះថ្នាក់ដល់អ្នកទទួលឈាម ។
បើទុកជាគេបានធ្វើ ក្រូស្មាត់ នឹងធ្វើតេស្តសេរ៉ូមសាស្ត្រហើយក៏ដោយ គ្រោះថ្នាក់នេះ នៅតែកើតឡើងបាន ។ នៅពេលអនាគតដ៏ខ្លី គេនឹងធ្វើតេស្តប្លោកឈាមទាំងអស់ ដើម្បីស្រាវជ្រាវរកជំងឺស៊ីដា (HIV) ជំងឺស្វាយ ជំងឺរលាកថ្លើមប្រភេទបេ និងជំងឺគ្រុនចាញ់ ។
ថ្វីត្បិតតែមានការប្រុងប្រយ័ត្នយ៉ាងនេះក៏ដោយ ការចាក់បញ្ចូលឈាម នៅតែមានការចំលងមេរោគបាន ដល់អ្នកដែលទទួលឈាមដែរ ពីព្រោះការធ្វើតេស្តសេរ៉ូមសាស្ត្រ ត្រូវរង់ចាំទទួលលទ្ធផលវិជ្ជមាន ពន្យារពេលរហូតទៅច្រើនអាទិត្យទៀតឯណោះ ហើយចំពោះជំងឺខ្លះៗ វាគ្មានតេស្តណាដែលធ្វើកើត នៅក្នុងស្ថានភាពបច្ចុប្បន្ននេះផង ។ (ឧទាហរណ៍ រលាកថ្លើមប្រភេទសេ ជាដើម) ។
ម្យ៉ាងវិញទៀត ជាការគួរអោយស្តាយ វាក៏នៅមានប្រតិកម្មច្រើនទៀតក្រោយចាក់បញ្ចូលឈាម ដែលគេមិនអាចគិតទុកជាមុនបាន (ប្រតិកម្មអាឡែកហ្ស៊ី ... ) ។ ដូច្នេះ គេត្រូវតែធ្វើការកំណត់ចង្អុលអោយបានច្បាស់ នូវការចាក់បញ្ចូលឈាម ។
រាល់ការចាក់បញ្ចូលឈាមណាដែលមិនត្រូវការចាំបាច់ដាច់ខាតទេ គឺដាច់ខាតមិនអោយធ្វើ ។
សញ្ញាចង្អុល អោយចាក់បញ្ចូលឈាម
ជំងឺខ្វះឈាមរ៉ាំរ៉ៃ(កើតឡើងបន្តិចម្តងៗ)
ឧទាហរណ៍ ជំងឺដោយបរាសិត កង្វះផ្សេងៗ ជំងឺរលាកយូរអង្វែង ជំងឺដែលឆ្លងរ៉ាំរ៉ៃផ្សេងៗ(របេងជាដើម...)
ជំងឺខ្វះឈាមរ៉ាំរ៉ៃអស់ទាំងនេះ សរីរាង្គច្រើនតែអាចទ្រាំទ្របានមិនធ្វើទុក្ខប៉ុន្មានទេ ពីព្រោះសរីរាង្គនេះ សម្របសម្រួលខ្លួនបានបន្តិចម្តងៗ ។
វាជាការលំបាកបំផុត ដើម្បីដៅទុក កំហិតដើមភាពធ្ងន់ធ្ងរ (ស្លាំងតិច ឬច្រើន) ដើម្បីអោយគេសម្រេចថាតើត្រូវចាក់បញ្ចូលឈាម ឬមិនបញ្ចូល និងកំហិតដើមនៃភាពធ្ងន់ធ្ងរនេះ ខុសប្លែកគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ។
ដូច្នេះវាជាការចាំបាច់ ក្នុងការវាយតម្លៃ សណ្ឋានគ្លីនិកអោយបានល្អ (ពិបាកដង្ហើម បេះដូងញាប់ខ្លាំង សម្ពាធឈាម និងពិនិត្យចុងដៃចុងជើង ...) ។ ពេលណាមួយដែលអាចធ្វើបាន សាកល្បងព្យាបាលដោយប្រើឱសថសិន ហើយជាញឹកញាប់ គេអាចជៀសវាងមិនចាក់បញ្ចូលឈាមបាន ។
ត្រូវសាកល្បងព្យាបាលតាមមូលហេតុជំងឺ
ឧទាហរណ៍
- ព្យាបាលជំងឺបរាសិត ឬរលាកក្រពះ
- បញ្ឈប់ប្រើពពួក Corticoid ឬ ពពួកថ្នាំបំបាត់ការរលាកផ្សេងៗ (ថ្នាំអាស្ពីរិន ឬផ្សេងទៀត ...)
ចុងបញ្ចប់ចំពោះជំងឺទាំងឡាយណាដែលមិនអាចព្យាបាលអោយជាទៅថ្ងៃមុខ (មហារីក ដែលជឿនទៅមុខ មហារីកកោសិកា ស មិនលូតលាស់ ...) គួរតែពន្យល់ប្រាប់ការពិតដល់គ្រួសាររបស់គេ ហើយអោយជៀសវាង កុំចាក់បញ្ចូលឈាម ឥតប្រយោជន៍នោះ ដែលមុខជាមិនផ្លាស់ប្តូរ រោគរបស់អ្នកជំងឺបានឡើយ ។
ខ្វះឈាមខ្លាំងភ្លាមៗ (កើតឡើងភ្លាមៗ បណ្តាលមកពីការបាត់បង់ឈាមច្រើន)
គឺសុទ្ធសឹងជាករណីវះកាត់ និងករណីជំងឺស្ត្រីសម្រាលកូនពិសេសៗ
ការខ្វះឈាមខ្លាំងភ្លាមៗនេះ សរីរាង្គទ្រាំទ្របានតិចជាងជំងឺខ្វះឈាមរ៉ាំរ៉ៃ ពីព្រោះសរីរាង្គមិនអាចសម្របសម្រួលខ្លួនទៅនឹងភាពខ្វះឈាមខ្លាំងភ្លាមៗឡើយ (ចាប់ផ្តើមលឿន) ។
ឧទាហរណ៍
- ចេញឈាមក្នុង ឬចេញឈាមហូរមកក្រៅ
- កូនក្រៅស្បូន សុកពាំងមាត់ស្បូន
- ហូរឈាមប្រដាប់រំលាយអាហារ
- ជំងឺមកពីរបួស គ្រោះថ្នាក់ផ្សេងៗ ...
ការចង្អុលបង្ហាញ អោយចាក់បញ្ចូលឈាម ផ្អែកជាសំខាន់ទៅលើ ៖
- គ្លីនិក (ស្ហុក...)
- ការវិវត្តន៍ នៃអ្នកជំងឺ ក្រោយពីវិធានការធ្វើអោយដឹងខ្លួនឡើងវិញ (សញ្ញាទ្រទ្រង់ជីវិតផ្សេងៗ ការបញ្ចេញទឹកនោម ចុងដៃចុងជើង ...)
- ការវាយតម្លៃ ការបាត់បង់ឈាមដែលហូរមកក្រៅ
- ភាពចាំបាច់ ក្នុងការវះកាត់អ្នកជំងឺ ។
មនុស្សម្នាក់ដែលពីមុនមានសុខភាពល្អ អាចទ្រាំទ្របាននូវការបាត់បង់ឈាម ២០% នៃមាឌឈាមរបស់ខ្លួនដោយមិនបាច់ចាក់បញ្ចូលឈាមឡើយ ។
ឧទាហរណ៍ មនុស្សម្នាក់មានទំងន់ ៦០គ.ក្រ មាឌឈាមសរុប គឺ ៦០គ.ក្រ គុណនឹង ៧៥ម.ល ស្មើ ៤៥០០ម.ល ដែលគេអាចទ្រាំទ្របានការបាត់បង់ឈាម ៩០០ម.ល
ការចាក់បញ្ចូលឈាមមិនមែនជាវិធានការតែមួយគត់ដែលធ្វើអោយដឹងខ្លួនឡើងវិញនោះទេ ត្រូវមាន
- ទប់សង្កត់ទៅលើកន្លែងហូរឈាមផង (ឃាត់ឈាម)
- លើកជើងអោយខ្ពស់ជាងដងខ្លួន
- បំពេញដោយសេរ៉ូមឡាក់តាតរាំងហ្សេ និងប្រសិនបើចាំបាច់ អោយម៉ាក្រូម៉ូលេគុល
- បញ្ចូលអុកស៊ីហ្សែន
ខ្វះឈាមលើស្ត្រីមានផ្ទៃពោះ (ក្រៅពីជំងឺដែលឆ្លងឯទៀតរួមផ្សំ)
ស្ត្រីមានផ្ទៃពោះ ត្រូវតែចាក់បញ្ចូលឈាមប្រសិនបើ ៖
ក. ខ្វះឈាមធ្ងន់ធ្ងរ (អេម៉ូក្លូប៊ីន តិចជាង ៧ក្រ ឬអេម៉ាតូគ្រីត តិចជាង ២០% និង
ខ. មានសញ្ញាបាត់ការបំពេញបេះដូង ដង្ហើម (ពិបាកដង្ហើមខ្លាំង ដំណើរបេះដូងញាប់ ... ) ឬ
គ. ស្ត្រីជិតគ្រប់ខែ (លើសពី៨ខែ)
ត្រូវយក ក+ខ ឬ ក+គ
ចំពោះករណីផ្សេងៗទៀត គេគួរព្យាបាលដោយប្រើឱសថល្អជាង ហើយកុំបាច់ចាក់បញ្ចូលឈាម ។
ជំងឺគ្រុនចាញ់
និងខ្វះឈាម វេជ្ជសាស្ត្រ ខ្លាំងភ្លាមៗផ្សេងទៀត ។ (សភាព ជំងឺបង្ករោគខ្លាំងក្លា ជំងឺដោយមានមេរោគក្នុងឈាម ...)
ចាក់បញ្ចូលឈាម បើ ៖
- មនុស្សចាស់ មានអេម៉ូក្លូប៊ីន តិចជាង ៦ក្រ អេម៉ាតូគ្រីត តិចជាង ១៥%
- ស្ត្រីមានផ្ទៃពោះ និងកុមារ មានអេម៉ូក្លូប៊ីន តិចជាង ៧ក្រ អេម៉ាតូគ្រីត តិចជាង ២០%
កំណត់ចំណាំ
- ចំពោះកុមារអោយកម្រិតខ្ពស់បំផុត ២០ម.ល/គ.ក្រ (ឈាមស្រស់) ឬ ១០ម.ល/គ.ក្រ នៃគ្រាប់ឈាមខាប់
- ចំពោះកុមារមានគ្រោះថ្នាក់ខ្លាំងដោយលើសចំណុះ ធ្វើអោយហើមសួតស្រួច (អូអាប៉េ) ។ បញ្ចូលឈាមយ៉ាងយឺតៗ ១ទៅ២ដំណក់ក្នុង១គីឡូក្រាម ក្នុង១នាទី តាមដានពិនិត្យមើលចង្វាក់ដង្ហើម និងទឹកនោមបញ្ចេញមក ។
- ក្នុងករណីខ្វះឈាម ទ្រាំទ្រមិនបានដោយសារផ្នែកខាងបេះដូង ដង្ហើម ឬមានបរាសិតក្នុងឈាមខ្ពស់ (លើសពី ១០%) មានពេលខ្លះ ចាំបាច់ត្រូវចាក់បញ្ចូលឈាមដែរ បើមានរួមផ្សំតួលេខ អេម៉ូក្លូប៊ីន និងអេម៉ាតូគ្រីតខ្ពស់ផង (សម្រេចលើគ្លីនិកជាមូលដ្ឋាន)
ជំងឺគ្រុនឈាម
មានកំណត់ចង្អុលអោយចាក់បញ្ចូលឈាម២យ៉ាង ៖
- ធ្លាក់ឈាមខ្លាំង និងឃើញជាក់ស្តែង (ក្អួតឈាម ឬជុះឈាម) ដោយមានអេម៉ាតូគ្រីតថយចុះ ។ ដោយហេតុឈាមខាប់ជាសំណាកនៃជំងឺគ្រុនឈាម អេម៉ាតូគ្រីត ប្រមាណពី ៣០% ទៅ៣៥% អាចឆ្លុះបញ្ចាំងអោយឃើញពីការបាត់បង់ឈាមដ៏ច្រើនបាន ។ គេមិនអាចប្រើប្រាស់លក្ខណៈវិនិច្ឆ័យដូចគ្នានេះទៅនឹងជំងឺគ្រុនចាញ់បានទេ ។ បើគេរង់ចាំ អេម៉ាតូគ្រីតមកនៅក្រោម ២០% នោះ គេបាត់បង់អ្នកជំងឺយ៉ាងច្រើន ។
- អ្នកជំងឺស្ថិតនៅក្នុងភាពស្ហុកដែលការព្យាបាលត្រឹមត្រូវគ្មានប្រសិទ្ធភាព ។ អ្នកជំងឺស្ថិតនៅក្នុងភាពស្ហុក ឬរៀបនឹងស្ហុក ដោយមានអេម៉ាតូគ្រីតខ្ពស់ពេលចូលមក ហើយដែលមិនបានធូរស្រាល ដោយបញ្ចូល ឡាក់តាតរាំងហ្សេ ឬពួកម៉ាក្រូម៉ូលេគុលនោះ ។ អេម៉ាតូគ្រីតរបស់គេ ស្ថិតនៅខ្ពស់បង្គួរដដែល គេមិនសង្កេតឃើញធ្លាក់ចុះខ្លាំងទេ គេត្រូវនឹកគិតថា អ្នកជំងឺបែបនេះ មានចេញឈាមបរិមាណច្រើន ប៉ុន្តែការធ្លាក់ចុះអេម៉ាតូគ្រីត មានសភាពយឺតយ៉ាវពីព្រោះជាមួយគ្នានោះ អ្នកជំងឺខាតបង់ប្លាស្មា ដោយជ្រាបចេញពីសសៃឈាមតូចៗ គេត្រូវគិតទៅដល់ស្ថានភាំព របៀបនេះ ពីព្រោះគេខ្លាចក្រែងបណ្តោយអោយមានហើមសួតស្រួច (អូអាប៉េ) បើសិនជាគេបន្តបំពេញបន្ថែមនូវសេរ៉ូមរាំហ្សេ ឬពពួកម៉ាក្រូម៉ូលេគុល ថែមទៀត ។ អ្នកជំងឺបែបនេះត្រូវការឈាមចាក់បញ្ចូលវិញ ។
ការខុសឆ្គងញឹកញាប់
- នៅរយៈបេលសះស្បើយ គេអាចសង្កេតឃើញមានការថយចុះអេម៉ាតូគ្រីតបន្ទាប់បន្សំនៃការជ្រាបចូលប្លាស្មាទោវីញ ។
- ដំណាក់កាលនេះ សញ្ញាជាអាយុជីវិតផ្សេងៗ មានលំនឹក ហើយមិនត្រូវការចាក់បញ្ចូលឈាមដាច់ខាត ពីព្រោះគេខ្លាចបណ្តាលអោយមានហើមសួតស្រួច (អូអាប៉េ) ។
ដកស្រង់ចេញពីសៀវភៅមគ្គុទ្ទេសក៍គ្លីនិក និងព្យាបាលជំងឺ

0 comments:
Post a Comment