ប្រព័ន្ទរំលាយអាហារ

ទម្លាប់​ដែល​ប៉ះ​ពាល់​ដល់​សុខភាព


ទម្លាប់​មួយ​ចំនួន​ដែល​ប្រជាជន​ប្រកាន់​យក មិន​ត្រឹម​តែ​បំផ្លាញ​សុខភាព​ផ្ទាល់​ខ្លួន​ទេ ថែម​ទាំង​ផ្តល់​គ្រោះ​ថ្នាក់​ដល់​អ្នក​នៅ​ជុំ​វិញ​ ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល ។ ទម្លាប់​ទាំង​នោះ ភាគ​ច្រើនអាច​បញ្ឈប់​ ឬ​ជៀស​វាង​បាន ប៉ុន្តែ​ជំហាន​ដំបូង​ គឺ​ត្រូវ​យល់​ថា ហេតុ​អ្វី​បាន​ជា​ជាការ​បញ្ឈប់​ទម្លាប់​ទាំង​អស់​នោះ​មាន​សារសំខាន់ ។ 

ការ​ផឹក​ស្រា
បើ​ស្រា​នាំ​មក​នូវ​ក្តី​សប្បាយ​ដល់​អ្នក​ផឹក នោះ​វា​ក៏​នាំ​មក​នូវ​សេចក្តី​ទុក​ផង​ដែរ ជា​ពិសេស​ចំពោះ​ក្រុម​គ្រួសារ​របស់អ្នក​ផឹក​នោះ ។ ការ​ផឹក​ស្រាវ​បន្តិចបន្តួច​ម្តង​ម្កាល អាច​គ្មាន​ផល​អាក្រក់​ទេ ។ ប៉ុន្តែ​ការ​ផឹក​បន្តិច​បន្តួច​តែង​តែ​ឲ្យ​មាន​ការ​ផឹក​ច្រើន ។ នៅ​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ ការ​ផឹក​ស្រាច្រើន​ ឬ​លើស​កម្រិត​ គឺ​ជា​មូល​ហេតុ​មួយ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ជាច្រើន​ មិន​ត្រឹម​តែ​ចំពោះ​អ្នក​ផឹក​ទេ ថែម​ទាំង​ចំពោះ​អ្នក​ដែល​មិន​ផឹក​ទៀត ។ ការ​ប្រមឹក​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​សុខភាព​ដល់​អ្នក​ផឹក​ប៉ុណ្ណោះទេ (ដោយ​សារជំងឺ​ផ្សេងៗ ដូចជា​ជំងឺក្រិន​ថ្លើម​ និងជំងឺ​រលាក​ថ្លើម) ប៉ុន្តែ​វា​ថែម​ទាំង​ប៉ះ​ពាល់​ដល់​ក្រុម​គ្រួសារ​ និង​សហគមន៍​តាម​រូប​ភាព​ជា​ច្រើន​ ។ ដោយ​ការ​បាត់​បង់​ការវិនិច្ឆ័យ​ក្នុង​ពេល​ស្រវឹង​ និង​ការ​បាត់​បង់​តម្លៃ​របស់​ខ្លួន​នៅ​ពេល​ស្វាង​ស្រា នាំ​ឲ្យ​បាត់​បង់​សុភមង្គល ខ្ជះខ្ជាយ​ និង​អំពើ​ហិង្សា​ ហើយ​ភាគ​ច្រើន​វា​ប៉ះ​ពាល់​ដល់​អ្នក​ដែល​ជាទី​ស្រលាញ់​បំផុត ។ 

តើ​មាន​ឪពុក​ប៉ុន្មាន​នាក់​បាន​ចំណាយ​ប្រាក់​ដែល​សល់​បន្តិច​បន្តួច​ទៅ​លើ​ស្រា ក្នុង​ពេល​ដែល​កូន​របស់​ខ្លួន​កំពុង​ឃ្លាន ? តើ​មាន​ជំងឺ​ប៉ុន្មាន​ដែល​កើត​ឡើង​ព្រោះ​តែ​បុរសម្នាក់​ចំណាយ​ប្រាក់​ដែល​រក​បាន​បន្តិច​បន្តួច​ទៅ​លើ​ស្រា​ ជា​ជាង​ទៅ​លើ​ការ​កែ​លម្អ​ស្ថាន​ភាព​រស់​នៅ​របស់​គ្រួសារ​ ? តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ស្អប់​ខ្លួន​ឯង​ដោយ​សារ​ខ្លួន​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្លួន​ស្រលាញ់​រង​ទុក្ខ​ ហើយ​ត្រូវ​ផឹក​បន្ថែម​ដើម្បី​បំភ្លេច ?

នៅ​ពេល​ដែល​បុរស​ម្នាក់​យល់ថា ស្រា​បំផ្លាញ​សុខភាព និង​សុភមង្គល​របស់​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ តើ​គាត់​អាច​ធ្វើ​អ្វី​ខ្លះ? ដំបូង​គាត់​ត្រូវ​ទទួល​ស្គាល់​ថា​ការ​ផឹក​ស្រា​របស់​គាត់​គឺ​ជា​បញ្ហា​ ។ គាត់​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង​ និង​ចំពោះ​អ្នក​ដទៃ ។ មនុស្ស​ខ្លះ​អាច​សម្រេច​ចិត្ត​បាន​យ៉ាង​ងាយ​ថា​ឈប់​ផឹក​ស្រា ។ ប៉ុន្តែ​មាន​ករណី​ជា​ច្រើន​ដែលមនុស្ស​ត្រូវ​ការ​ជំនួយ និង​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​ មិត្ត​ភ្តិ និង​អ្នក​ផ្សេង​ៗទៀត ដែល​យល់​ពី​ការ​លំបាក​ក្នុង​ការ​បញ្ឈប់​ទម្លាប់​នេះ ។ អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ច្រើន ហើយ​អាច​ឈប់​ផឹក​បាន តែងតែ​ជា​អ្នក​ដែល​សក្តិ​សម​បំផុត​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគាត់​ដែរ ។ 
ការ​ផឹក​ស្រា​មិន​មែន​ជា​បញ្ហា​ធំ​សម្រាប់​បុគ្គល​នោះទេ តែ​វា​ជា​បញ្ហា​សម្រាប់​សហគមន៍​ទាំង​មូល​តែ​ម្តង ។ សហគមន៍​ដែល​យល់​អំពី​បញ្ហា​នេះ អាច​ជួយ​បាន​ច្រើន​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​មាន​ការ​តាំង​ចិត្ត​ធ្វើ​ការ​ផ្លាស់​ប្តូរ ។ បើ​អ្នក​បារម្ភណ៍​អំពី​ការ​ផឹក​ស្រា​ដ៏​លើសលប់​នៅ​ក្នុង​សហគមន៍​របស់​អ្នក​ ជួយ​រៀប​ចំ​ការ​ប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទាំង​នេះ​ហើយ​សម្រេច​ថា​ត្រូវ​ធ្វើ​សកម្ម​ភាព​អ្វី​ខ្លះ ។ 

បញ្ហា​ជា​ច្រើន​អាច​ដោះស្រាយ​បាន​នៅ​ពេល​ប្រជាជន​ធ្វើ​ការ​រួម​គ្នា​ និង​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ។


ការ​ជក់​បារី 
មាន​មូល​ហេតុ​ជាច្រើន​ដែល​ថា​ការ​ជក់​បារី​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​អ្នក​ជក់​ផ្ទាល់​ និង​សុខភាព​របស់​គ្រួសារ​ ។
  • ការ​ជក់​បារី​បង្កើន​ការ​ប្រឈម​នឹក​ការ​កើត​ជំងឺ​មហារីក​សួត មហារីក​មាត់ បំពង់​ក និង​បបូរ​មាត់ ។ (បើ​អ្នក​ជក់​បារី​កាន់​តែ​ច្រើន​ឱកាស​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ ក៏​កាន់​តែ​ខ្ពស់) ។ 
  • ការ​ជក់​បារី​នាំ​ឲ្យ​មាន​ជំងឺ​សួត​ធ្ងន់​ធ្ងរ រួម​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ និង​ជំងឺ​ហើម​សួត​ដោយ​ខ្យល់ (និង​មានគ្រោះថ្នាក់​ដល់​ជីវិត​ចំពោះ​អ្ន​ដែល​មានជំងឺ​ទាំង​នេះ​ស្រាប់ ឬ​មាន​ជំងឺ​ហឺត) ។ 
  • ការ​ជក់​បារី​អាច​បណ្តាល​ឲ្យ​ដំបៅ​ក្រពះ​ ឬ​ធ្វើ​ឲ្យ​ជំងឺ​ដំបៅ​ក្រពះ​កាន់​តែធ្ងន់​ធ្ងរ ។ 
  • ការ​ជក់​បារី​បង្កើន​ឱកាសក្នុង​ការ​មាន​ជំងឺ​ ឬ​ស្លាប់​ដោយ​ជំងឺ​បេះដូង​ ឬ​ជំងឺ​ដាច់​សសៃ​ឈាម​ខួរ​ក្បាល ។ 
  • កុមារ​ដែល​មាន​ឪពុក​ម្តាយ​ជា​អ្នក​ជក់​បារី​ មាន​ជំងឺ​រលាក​សួត និង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត ញឹក​ញាប់​ជាង​កុមារ​ដែល​មាន​ឪពុក​ម្តាយ​មិន​ជក់​បារី ។ 
  • ទារក​ដែល​មាតា​របស់​ខ្លួន​ជក់​បារី​នៅ​ពេល​មាន​ផ្ទៃពោះ​ មាន​មាឌ​តូចជាង និង​លូត​លាស់​យឺត​ជាង​ទារក​ដែល​មាន​មាតា​មិន​ជក់​បារី ។ 
  • ឪពុក​ម្តាយ​ គ្រូបង្រៀន​ បុគ្គលិក​សុខាភិបាល និង​អ្នកផ្សេង​ទៀត​ដែល​ជក់​បារី​ បាន​ធ្វើ​ជា​គំរូ​មិន​ល្អ​ដល់​កុមារ​ និង​យុវវ័យ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ចាប់​ផ្តើម​ជក់​បារីដែរ ។ 
  • ម្យ៉ាង​ទៀត ការ​ជក់​បារី​ក៏​ធ្វើ​ឲ្យ​មាន​ការ​ចំណាយ​ប្រាក់​ដែរ ។ មើល​ទៅ​វាហាក់​ដូចជា​បន្តិច​បន្តួច​ទេ ប៉ុន្តែ​នៅ​ពេល​បូក​បញ្ចូល​គ្នា​ វា​គឺ​ជា​ការ​ចំណាយ​យ៉ាង​ច្រើន ។ នៅ​តាម​ប្រទេស​ក្រី​ក្រ មាន​ប្រជា​ជន​ក្រី​ក្របំផុត​ជាច្រើន​ បាន​ចំណាយ​ប្រាក់​ទៅ​លើ​បារី ច្រើន​ជាង​ការ​ចំណាយ​របស់​ប្រទេស​នោះ​ទៅ​លើកម្មវិធី​សុខភាព​ សម្រាប់​មនុស្ស​ម្នាក់​ៗទៅទៀត ។ 
បើ​ប្រាក់​ដែល​បាន​ចំណាយ​ទៅ​លើ​ថ្នាំ​ជក់​ ត្រូវ​បាន​ចំណាយ​ទៅ​លើ​អាហារ​ ជំនួស​វិញ​នោះ​កូន​ៗ និង​គ្រួសារ​ទាំង​មូល​ច្បាស់​ជា​អាច​មាន​សុខភាព​ប្រសើរ​ជាង​នេះ ។ 

អ្នក​ដែល​ចាប់​អារម្មណ៍​ទៅ​លើសុខភាព​របស់​អ្នក​ដទៃ​ មិន​គួរ​ជក់​បារី​ទេ ព្រម​ទាំង​គួរ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​កុំ​ឲ្យ​ជក់​បារីផងដែរ ។


ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូណាត (ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្រវឹង​ សូដា​ កូកា ភេសជ្ជៈ​មាន​ឧស្ម័ន​កូឡា) 
នៅ​តំបន់​មួយ​ចំនួន​ភេសជ្ជៈ​ទាំង​នេះបាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ។ ជា​ញឹក​ញាប់​ម្តាយ​ដែល​មាន​ជីវភាព​ក្រី​ក្រ បាន​ទិញ​ភេសជ្ជៈ​បែប​នេះ ឲ្យ​កូន​ដែល​មាន​អាហារូបត្ថម្ភ​មិនល្អ នៅ​ពេល​ដែល​គេ​អាច​យក​ប្រាក់​ចំនួន​ដដែល​នោះ​ទៅ​ប្រើ​ប្រាស់​បាន​ប្រសើ​រជាង​នេះ គឺ​ដោយ​យក​វា​ទៅ​វិញ​ស៊ុត​បាន​២គ្រាប់ ឬ​អាហារ​បំប៉ុន​រាង​កាយ​ផ្សេង​ទៀត ។​

ភេសជ្ជៈ​ជាតិ​កាបូណាត​ គ្មាន​សារជាតិ​ចិញ្ចឹម​រាងកាយ​អ្វី​ទេ ក្រៅ​តែ​ពី​ជាតិ​ស្ករ ។ ហើយ​សម្រាប់​បរិមាណ​ជាតិ​ស្ករ ដែល​មាន​ក្នុង​នោះ​វិញ​ វា​មាន​តម្លៃ​ថ្លៃខ​្លាំង​ណាស់ ។ កុមារ​ដែល​ផឹក​ភេសជ្ជៈ​ជាតិ​កាបូណាត និងភេសជ្ជៈ​ផ្អែមផ្សេង​ទៀត ច្រើន​ពេក​តែង​តែ​មាន​ធ្មេញ​ប្រហោង​និង​ពុក តាំង​ពី​អាយុ​នៅ​ក្មេង ។ ភេសជ្ជៈ​ជាតិ​កាបូណាត ផ្តល់​ផល​អាក្រក់ជា​ពិសេស​ដល់​អ្នក​មានជំងឺ​ដំបៅ​ក្រពះ​ ឬ​មិន​រំលាយ​អាហារ ។ 

ភេសជ្ជៈ​ធម្មជាតិ​ដែល​ធ្វើ​ពី​ផ្លែ​ឈើ​ មាន​ប្រយោជន៍​ដល់​សុខភាព​ជាង​ និង​ភាគ​ច្រើន​មាន​តម្លៃ​ថោក​ជាង​ភេសជ្ជៈ​ជាតិ​កាបូណាត ។ 

មិន​ត្រូវ​ទម្លាប់​កូន​ៗ​របស់​អ្នក​ឲ្យ​ផឹក​ភេសជ្ជៈ​ជាតិ​កាបូណាតទេ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ​ទីណា​គ្មាន​វេជ្ជបណ្ឌិត​សំរាប់​ការ​ថែទាំ​សុខភាព​ជន​បទ

0 comments:

Post a Comment

Powered by Blogger.