នៅពេលដែលស្ត្រីម្នាក់ធ្វើសកម្មភាពបញ្ចប់គភ៌របស់គាត់ មុនពេលដែលទារកក្នុងផ្ទៃមានជីវិតពេញលេញ ហៅថា ការរំលូតកូន ។ (យើងប្រើពាក្យ ការរំលូតកូន ចំពោះការបញ្ចប់គភ៌ដែលបានគ្រោងទុកជាមុនប៉ុណ្ណោះ ចំណែកឯការបាត់បង់ទារកក្នុងផ្ទៃដោយធម្មជាតិ ដោយមិនបានគ្រោងទុក យើងហៅថា ការរលូតកូន ។
ការសម្រេចចិត្តថារំលូតកូន ឬមិនរំលូត អាចចជាការពិបាកមួយ ។ ដើម្បីធ្វើការសម្រេចចិត្ត ស្ត្រីភាគច្រើនត្រូវការភាពកក់ក្តៅ ដំបូន្មានដ៏គួរឲ្យគោរព និងការគាំទ្រយ៉ាងជិតស្និទ្ធ ។ នៅពេលដែលការរំលូតកូនត្រូវបានធ្វើឡើងជាមួយឧបករណ៍ស្ទេរីលត្រឹមត្រូវ នៅក្នុងមន្ទីរពេទ្យ ឬគ្លីនិក ដោយអ្នកបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាល ជាធម្មតាស្ត្រីនឹងមានសុវត្ថិភាព ។ ការរំលូតកូននឹងមានសុវត្ថិភាពបំផុត បើធ្វើក្នុងដំណាក់កាលដំបូងនៃគភ៌ ។
ប៉ុន្តែនៅពេលដែលការរំលូតកូនត្រូវបានធ្វើនៅតាមផ្ទះ ដោយអ្នកដែលគ្មានជំនាញ ឬក្នុងស្ថានភាពមិនស្អាត នោះវាអាចមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ។ នៅទីណាដែលការរំលូតកូន ជាអំពើខុសច្បាប់ ឬពិបាករកកន្លែងធ្វើបាន ការរំលូតកូននៅផ្ទះ ច្រើនតែជាមូលហេតុចម្បងនៃការស្លាប់របស់ស្តី ដែលមានអាយុចន្លោះពី១២ និង៥០ឆ្នាំ ។
វិធីសាស្ត្រសម្រាប់បញ្ចប់គភ៌ ដូចជាការដាក់ឈើ ឬវត្ថុរឹងទៅខាងក្នុងទ្វារមាស ឬស្បូន ការសង្កត់ស្បូន ឬការប្រើថ្នាំពេទ្យ ឬថ្នាំរុក្ខជាតិ អាចបណ្តាលឲ្យមានការធ្លាក់ឈាមយ៉ាងធ្ងន់ធ្ងរ ការបង្ករោគ និងការស្លាប់ ។
រោគសញ្ញាគ្រោះថ្នាក់បន្ទាប់ពីរំលូតកូន ៖
- គ្រុនក្តៅ
- ឈឺចាប់ក្នុងពោះ
- ធ្លាក់ឈាមយ៉ាងច្រើន
បើអ្នកឃើញរោគសញ្ញាទាំងនេះលើស្ត្រីដែលប្រហែលជាមានផ្ទៃពោះ នោះអាចជាលទ្ធផលនៃការរំលូតកូន ។ ប៉ុន្តែវាក៏អាចជារោគសញ្ញានៃការរលូតកូន ការមានគភ៌ក្រៅស្បូន ឬជំងឺរលាកអាងត្រគាកផងដែរ ។
ស្ត្រីមួយចំនួនដែលមានបញ្ហាក្រោយពេលរំលូតកូន ទៅរកគ្រូពេទ្យឲ្យជួយ ប៉ុន្តែមានការភ័យខ្លាច និងខ្មាសអៀន ក្នុងការប្រាប់អំពីបញ្ហាដែលបានកើតឡើង ។ អ្នកខ្លះទៀតអាចមានការភ័យខ្លាច ឬខ្មាសអៀន រហូតមិនហ៊ានទៅជួបគ្រូពេទ្យ ជាពិសេសបើការរំលូតកូននោះគឺជាការសម្ងាត់ ឬខុសច្បាប់ ។ ពួកគេអាចរងចាំរហូតទាល់តែមានសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ។ ការពន្យារពេលនេះ អាចនាំឲ្យស្លាប់ ។ ការធ្លាក់ឈាមធ្ងន់ធ្ងរ (ច្រើនជាងការធ្លាក់ឈាមរដូវធម្មតា) ឬការបង្ករោគបន្ទាប់ពីរំលូតកូន មានគ្រោះថ្នាក់យ៉ាងខ្លាំង ។ រកជំនួយពីគ្រូពេទ្យជាបន្ទាន់ ក្នុងពេលជាមួយនេះ ធ្វើតាមការណែនាំខាងក្រោម ៖
- ព្យាយាមឃាត់ឈាម ឲ្យថ្នាំអ៊ែរហ្គូណូវីន
- ព្យាបាលសភាពស្ហុក
- បើមានរោគសញ្ញានៃការបង្ករោគ ឲ្យថ្នាំអង់ទីប៊ីយូទិកដូចជាមានគ្រុន្តៅពេលសម្រាលកូន ។
ដើម្បីបង្ការការមានជំងឺ និងការស្លាប់ដោយសារការរំលូតកូន
- ឲ្យថ្នាំអង់ទីប៊ីយូទិក (អំពីស៊ីលីណ ឬតេត្រាស៊ីគ្លីន) ក្រោយពេលរំលូតកូន ទោះជាធ្វើនៅតាមផ្ទះ ឬនៅមណ្ឌលសុខភាពក៏ដោយ វាជួយកាត់បន្ថយការប្រឈមនឹងការបង្ករោគ និងផលវិបាកដ៏គ្រោះថ្នាក់ផ្សេងៗ ។
- ជៀសវាងការមានផ្ទៃពោះមិនតាមបំណង ។ វិធីសាស្ត្រពន្យារកំណើតគួរតែមានសម្រាប់ទាំងបុរសនិងស្ត្រី ។
- ប្រែក្លាយសហគមន៍របស់អ្នកឲ្យជាកន្លែងល្អប្រសើរមួយ ជាពិសេសសម្រាប់ស្ត្រីនិងកុមារ ។ នៅពេលដែលសង្គមធានាថាតម្រូវការរបស់មនុស្សគ្រប់គ្នាត្រូវតែបានបំពេញ នោះចំនួនស្ត្រីដែលត្រូវការរំលូតកូន កក៏នឹងថយចុះដែរ ។
- ស្ត្រីគួរទទួលបានសេវារំលូតកូន ដែលមានភាពស្អាត និងមានសុវត្ថិភាព ហើយធ្វើឡើងដោយបុគ្គលិកសុខាភិបាលជំនាញ ដោយឥតបង់ថ្លៃ ឬមានតម្លៃទាប ។ តាមវិធីនេះ ស្ត្រីនឹងមិនត្រូវការរំលូតកូនដោយគ្រោះថ្នាក់ និងខុសច្បាប់ទៀតទេ ។
- ស្ត្រីដែលមានរោគសញ្ញាណាមួយនៃបញ្ហាទាំងឡាយដែលកើតឡើងបន្ទាប់ពីរំលូតកូន ទោះបីជាធ្វើនៅតាមផ្ទះ ឬនៅមន្ទីរពេទ្យក្តី គួរបានទទួលការថែទាំភ្លាមៗ ។ ដើម្បីលើកទឹកចិត្តឲ្យធ្វើយ៉ាងដូច្នេះបានគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល មិនគួរធ្វើឲ្យស្ត្រីដែលបានរំលូតកូន មានអារម្មណ៍ខ្មាសអៀនទេ ។
ដកស្រង់ចេញពីសៀវភៅទីណាគ្មានវេជ្ជបណ្ឌិត សំរាប់ការថែទាំសុខភាពជនបទ
0 comments:
Post a Comment