គម្ភពបរិហាវិទ្យា

ផល​វិបាក​នៃ​ការសម្រាល​កូន​ដោយ​វះ​កាត់


ជា​ទូទៅ​ ស្ត្រី​ត្រូវ​បាន​លើក​ទឹក​ចិត្ត​អោយ​សម្រាល​បុត្រ​តាម​ផ្លូវ​ធម្មជាតិ ព្រោះ​ផល​វិបាក​នៃ​ការ​សម្រាល​តាម​ធម្មជាតិ​ មាន​តិច​តួច​ជាង​ការ​វះ​កាត់ ។ ករណី​ក្រុម​គ្រូ​ពេទ្យ​សម្រេច​ធ្វើ​ការ​វះកាត់ លុះ​ត្រា​តែ​ការ​សម្រាល​តាម​ធម្មជាតិ​អាច​មាន​គ្រោះ​ថ្នាក់​ចំពោះ​ម្តាយ​និងកូន ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​អត្រា​នៃ​ការ​សម្រាល​បុត្រ​ដោយ​វះកាត់​ មាន​ការ​កើន​ឡើង​ជា​លំដាប់​គួរ​អោយ​ព្រួយ​បារម្ភ​ ជា​ពិសេស​ការ​វះកាត់​ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ ។ ស្ត្រី​មួយ​ចំនួន​យល់​ខុស​ថា ការ​សម្រាល​កូន​ដោយ​វះកាត់ មាន​ភាព​ងាយ​ស្រួល ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ការ​ឈឺ​ពោះសម្រាល​ និង​មើល​រំលង​ផល​វិបាក​ផ្សេងៗ ទៅថ្ងៃ​អនាគត ដែល​បណ្តាល​មក​ការ​វះ​កាត់​នេះ ។ ដូច្នេះ​តើមាន​ផល​វិបាក​អ្វី​ខ្លះអំឡុង​ និង​ក្រោយ​ពេល​ការ​វះកាត់​សម្រាល​កូន ? 

ផល​វិបាក​អំឡុង​ពេល​វះ​កាត់ 
  • ផល​វិបាក​នៃ​ថ្នាំ​សណ្តំ (Syndrome de Mendelson)
  • ការ​បាត់​បង់​ឈាម​ច្រើន​ពេល​វះកាត់
  • ការ​ដាច់​រហែក​ស្បូន​ខ្លាំង
  • របួស​ប្លោក​នោម ឬ​ពោះ​វៀន ដែល​ទាមទារ​ការ​សម្រាក​ពេទ្យ​រយៈ​ពេល​យូរ

ផល​វិបាក​ក្រោយ​ពេល​វះកាត់​ភ្លាម​ៗ ១០% ទៅ៤២% 
  • ការ​បង្ក​រោគ​ផ្សេងៗ មាន​ដូចជា ការ​រលាក​ប្លោក​នោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន​ រលាក​ស្រោម​ពោះ ឬ​អា​ច​ដល់​បង្ករោគ​ក្នុង​សសៃឈាម 
  • ការ​ហូរឈាម​ក្រោយ​ពេល​វះកាត់ មាន​កកឈាម​លើ​ស្នាម​របួស​ស្បូន​ ឬក្រោម​របួស​ស្បែក​
  • ភាព​ស្លេក​ស្លាំង
  • ផល​វិបាក​ស្ទះ​សសៃ​ឈាម​តូចៗ ជា​ពិសេស​សសៃឈាម​ក្នុង​សួត​ធ្វើ​អោយ​មាន​វិបត្តិ​ផ្លូវដង្ហើម

ផល​វិបាក​ក្រោយ​ពេល​វះកាត់ នៅ​ពេល​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ ស្ត្រី​អាច​ប្រឈម​នឹង
  • ការ​វះកាត់​យក​កូន​សារ​ជាថ្មី
  • ការធ្លាយ​ស្បូន
  • សុកពាំង​មាត់​ស្បូន
  • សុក​ចាក់ឬស​ក្នុង​សាច់​ស្បូន​ ឬ​ចាក់​ដល់​ប្លោក​នោម

ផលវិបាក​ទាំង​អស់​នេះ មិនសូវ​កើតមាន​ញឹក​ញាប់​ទេ តែ​ករណី​ខ្លះ​អាច​គំរាម​គំហែង​ដល់​អាយុ​ជីវិត​ស្ត្រី​បាន ។ ដូច្នេះ​រាល់​ការ​សម្រាល​ទាំង​អស់ ស្ត្រី​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​ ដើម្បី​ជ្រើសរើស​ការ​សម្រាល​មួយដ៏​សម​ស្រប​ និង​មានសុវត្ថិ​ភាព​ទាំង​ម្តាយ និង​កូន ។ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព​និង​រោគស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​នឹង​ផ្តល់​ដំបូន្មាន​ដ៏ត្រឹម​ត្រូវ​ជូន​លោក​អ្នក​ ក្នុង​ការ​ជ្រើ​សរើស​វិធី​សម្រាល​បុត្រ ។ 

ដក​ស្រង់ច​េញពី Page Calmette Hospital

0 comments:

Post a Comment

Powered by Blogger.