ជំងឺកុមារ

ជំងឺ​គ្រុន​ពោះ​វៀន លើ​កុមារ

ពិចារណា​ពី​ជំងឺ​គ្រុន​ពោះ​វៀន បើ​កុមារ​មាន​គ្រុន​ក្តៅ និង​សញ្ញា​ទាំង​នេះណាមួយ ៖ ទល់​លាមក, ក្អួត, ឈឺពោះ, ឈឺ​ក្បាល, ក្អក, ស្នាម​កន្ទួល​រយៈ​ពេល​ខ្លី, ជា​ពិសេស​បើ​គ្រុន​ក្តៅ​អូស​បន្លាយ​លើសពី​ ៧​ថ្ងៃ ហើយ​ជំងឺ​គ្រុន​ចាញ​ត្រូវ​បាន​ច្រាន​ចោល ។ 

រោគ​វិនិច្ឆ័យ
ក្នុង​ពេល​ពិនិត្យ​ លក្ខណៈ​រោគ​វិនិច្ឆ័យ​ចម្បង​របស់​ជំងឺ​គ្រុន​ពោះ​វៀន​គឺ ៖ 
- គ្រុន​ក្តៅ​ដែល​គ្មាន​ចំណុច​បង្ក​រោគ​ច្បាស់​លាស់
- គ្មាន​រឹង​ក ឬ​សញ្ញា​ជាក់​លាក់​ដទៃ​ទៀត​នៃ​ជំងឺ​រលាក​ស្រោម​ខួរ, ឬ​ការ​បូម​យក​ទឹក​ខួរ​ឆ្អឹង​ដើម្បី​រក​ជំងឺ​រលាក​ស្រោម​ខួរ មាន​លទ្ធផល​អវិជ្ជមាន (ចំណាំ៖ ម្តង​ម្កាល​ ជំងឺ​គ្រុន​ពោះ​វៀនក៏អាច​ធ្វើ​ឱ្យ​មាន​រឹង​កផង​ដែរ)
- សញ្ញា​នៃ​ការ​ប៉ះ​ពាល់​ឆ្ងាយ​ពី​ចំណុច​បង្ក​ ឧ. មិន​អាច​ផឹក​ទឹក ឬ​បៅ​ដោះ​, ប្រកាច់, ល្ហិត​ល្ហៃ, វង្វេង​វង្វាន់, ឬ​ក្អួត​អ្វី​គ្រប់​យ៉ាង
- អាច​ឃើញ​មាន​ស្នាម​អុចៗ​ពណ៌​ផ្កា​ឈូក​នៅ​លើ​ពោះ ចំពោះ​កុមារ​ដែល​មាន​ស្បែក​លឿង 
- រីក​ថ្លើម​ និង​អណ្តើក, រឹង​ ឬ​ហើម​ពោះ

ជំ​ងឺ​គ្រុន​ពោះ​វៀន​អាច​បង្ហាញ​ឡើង​យ៉ាង​ចម្លែក​លើ​ទារក​តូច ដែល​មានលក្ខណៈ​ជា​ជំងឺ​គ្រុន​ក្តៅ​ស្រួច​ស្រាល​ រួម​ជាមួយ​ស្ហុក​ និង​សីតុណ្ហភាព​ចុះ​ទាប ។ ក្នុង​តំបន់​ដែល​សំបូរ​ជំងឺ​ទីហ្វូស (Typhus), ការញែក​ឱ្យដាច់​រវាង ជំងឺ​គ្រុន​ពោះ​វៀន និង​ជំងឺ​ទីហ្វូស ដោយ​ផ្អែក​លើ​ការ​ពិនិត្យ​បែប​គ្លីនិក​តែ​មួយ​មុខ គឺ​ជា​ការ​លំបាក (សម្រាប់​ការវិនិច្ឆ័យជំងឺ​ទីហ្វូស)

ការ​ព្យាបាល​
- ព្យាបាល​ដោយ​ឱសថ​ Ciprofloxacin តាម​មាត់​ចំនួន ១៥ម.ក្រ/គ.ក មួយថ្ងៃ​២ដង ឬ​ពពួក​ឱសថ Fluroquinolone ដទៃ​ទៀត (Gatifloxacin, Ofloxacin, Perfloxacin), រយៈ​ពេល​៧-១០ថ្ងៃ ជា​ការ​ព្យាបាល​ជម្រើស​ទី​មួយ ។
- បើ​ការ​ឆ្លើយ​តប​បន្ទាប់​ពី ៤៨​ម៉ោង មាន​កម្រិត​ទាប, គួរ​ពិចារណាពីជំងឺ​គ្រុន​ពោះ​វៀនដែល​ស៊ាំ​នឹង​ឱសថ​ រួច​ព្យាបាល​ដោយអង់ទី​ប៊ីយោទិក​ជម្រើស​ទី២ ។ ផ្តល់​ឱសថ​ Ceftriaxone តាម​សសៃ​ចំនួន ៨០ម.ក្រ/គ.ក ក្នុង​១​ថ្ងៃ, ឬឱសថ​ Azithromycine តាម​មាត់​ចំនួន ២០ម.ក្រ/គ.ក ក្នុង​១ថ្ងៃ ឬ​ពពួក​ឱសថ​ Cephalosporin ជំនាន់​ទី៣​ដទៃ​ទៀត រយៈ​ពេល​៥-៧​ថ្ងៃ ។ 
- នៅ​ពេល​ដឹង​ថា​មាន​ភាព​ស៊ាំ​នឹង​អង់​ទីប៊ីយោទិក​ ក្នុង​ចំណោម​បាក់​តេរី Salmonella សូម​មើល​គោលការណ៍​ណែនាំថ្នាក់​ជាតិ ពី​ឱសថ​ដែល​មាន​ប្រសិទ្ធ​ភាព ។ 

ការថែ​ទាំ​គាំទ្រ
- ផ្តល់​ឱសថ Paracetamol បើ​កុមារ​មាន​គ្រុន​ក្តៅ​ខ្លាំង​ (លើស​ពី៣៩អង្សាសេ ឬ លើ​សពី១០២.២ ហ្វារិនហៃ) ដែល​ធ្វើឱ្យ​មានបញ្ហា​ ពិបាក​ដង្ហើម​ ឬ​ពិបាក​ក្នុង​ខ្លួន ។

ការ​តាម​ដាន 
គិលានុបដ្ឋាក​គួរ​ពិនិត្យ​កុមារ​រៀង​រាល់​៣ម៉ោង ហើយ​វេជ្ជបណ្ឌិត​គួរ​ពិនិត្យ​យ៉ាង​តិច​២​ដង​ក្នុង​មួយថ្ងៃ ។ 

ផល​វិបាក
ផល​វិបាក​នៃ​ជំងឺ​គ្រុន​ពោះ​វៀន រួម​មាន​ការ​ប្រកាច់​ ឬ​សន្លប់,​ រាក, ខ្វះ​ជាតិ​ទឹក ស្ហុក, បេះដូង​ផ្តល់​ឈាម​មិន​គ្រប់, ជំងឺ​រលាក​សួត, ជំងឺ​រលាកឆ្អឹង​និង​ភាព​ស្លេក​ស្លាំង ។ ចំពោះ​ទារក​តូច អាចមាន​ស្ហុក និង​សីតុណ្ហភាព​ចុះទាប ។ 

អាច​មាន​ការ​ធ្លាយ​ក្រពះ​ពោះ​វៀន​យ៉ាង​ធ្ងន់​ធ្ងរ​ រួម​ជាមួយ​ការ​ចេញ​ឈាម និង​ការ​រលាក​ស្រោម​ពោះ, ដែល​ជា​ទូទៅ​បង្ហាញ​ជាការ​ឈឺចាប់​ក្នុង​ពោះ​ធ្ងន់​ធ្ងរ, ក្អួត​, រឹង​ពោះ​នៅ​ពេល​ស្ទាប, ភាព​ស្លេក​ស្លាំង​នៅ​បាត​ដៃ និង​ស្ហុក ។ ការ​ពិនិត្យ​ពោះ អាច​បង្ហាញ​ពី​ដុំ​ក្នុង​ពោះ​ដោយ​សារ​អាប់​សែ និង​រីក​ថ្លើម និង​ឬអណ្តើក ។ ប្រសិន​បើ​មាន​សញ្ញា​នៃ​ការ​ធ្លាយ​ក្រពះ​ពោះ​វៀន គួរ​ចាក់​សេរ៉ូម​តាម​សសៃ និង​ស៊ក​បំពង់​ចូល​ក្រពះតាមច្រមុះ , ចាប់​ផ្តើម​ផ្តល់​ជាតិ​ទឹក​សម​ស្រប រួច​ស្វែង​រក​ការ​ពិនិត្យ​បន្ទាប់​ពី​គ្រូ​ពេទ្យជំនាញ​វះ​កាត់ ។ 

ដក​ស្រង់​ពី​សៀវ​ភៅ​ហោ​ប៉ៅស្តី​ពី ការថែ​ទាំ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​សម្រាប់​កុមារ

0 comments:

Post a Comment

Powered by Blogger.