ជំងឺកុមារ

ជំងឺ​គ្រុន​ឈាម​

មូសខ្លា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម

ជំងឺ​គ្រុន​ឈាម បង្ក​ឡើង​ដោយ​វីរុស​ (Arbovirus) ដែល​ត្រូវ​បាន​ចម្លង​ដោយ​មូស​ខ្លា ។ វា​កើត​ឡើង​តាម​រដូវ​កាល​នៅ​ក្នុងប្រទេស​ជា​ច្រើន​ក្នុង​ទ្វី​ប​អាស៊ី និង​អាមេរិក​ខាង​ត្បូង​ហើយ​កើត​ឡើង​យ៉ាង​ច្រើន​ក្នុង​ទ្វី​បអាហ្វ្រិក ។ ជា​ធម្មតា​ ជំងឺ​គ្រុន​ឈាម​ចាប់​ផ្តើម​ដោយ​មាន​គ្រុន​ក្តៅ​ខ្លាំង​ភ្លាមៗ ការ​ឈឺចាប់​នៅ​ខាង​ក្រោយ​ភ្នែក និង​សីតុណ្ហភាព​ខ្ពស់​បន្ត​រយៈ​ពេល​២-៧ថ្ងៃ ។ កុមារ​ភាគ​ច្រើន​បាន​ធូរស្បើយ​ឡើង​វិញ ប៉ុន្តែ​មួយ​ចំនួន​តូច​កើត​មាន​ជា​ជំងឺ​ធ្ងន់​ធ្ងរ ។ ជា​ញឹក​ញាប់​ ក្នុង​អំឡុង​ធូរស្បើយ​ឡើង​វិញ កុមារ​តែង​មានស្នាម​កន្ទួល​ក្រហម​លើស្បែក ។

Arbovirus

រោគវិនិច្ឆ័យ
គួរ​សង្ស័យ​ជំងឺ​គ្រុន​ឈាម នៅ​ពេល​កុមារ​មាន​គ្រុន​ក្តៅ​យូរជា​ង ២ថ្ងៃ ហើយ​រស់​នៅ​ក្នុង​តំបន់​ដែល​ប្រឈម​នឹង​ជំងឺ​គ្រុន​ឈាម​ ។ 
- ឈឺ​ក្បាល​ ឈឺ​ចាប់​ក្រោយ​ភ្នែក ឈឺចាប់​តាម​សន្លាក់​និង​សាច់​ដុំ ឈឺ​ពោះ ក្អួត និង​ឬ​ស្នាម​អុចៗ​ក្រហម​អាច​កើត​ឡើង​ ប៉ុន្តែ​មិន​មែន​កើត​ឡើង​ជានិច្ច​នោះទេ ។ ការញែក​ជំងឺ​គ្រុន​ឈាម ចេញ​ពីជំងឺ​ដទៃ​ដែល​កើត​ឡើង​ញឹក​ញាប់​លើ​កុមារ​អាចជា​ការ​ពិបាក​ ។

ការ​ព្យាបាល​
កុមារ​ភាគ​ច្រើន​ អាច​ត្រូវ​បាន​ព្យាបាល​នៅ​ផ្ទះ ប្រសិន​បើ​កកុមារ​នៅ​មិន​ឆ្ងាយ​ពី​មន្ទីរ​ពេទ្យ ។
- ប្រាប់​ឪពុកម្តាយ​របស់​កុមារឱ្យ​នាំ​កូន​ត្រលប់​មក​វិញ ដើម្បី​តាម​ដាន​បន្ត​រៀង​រាល់​ថ្ងៃ និង​ត្រូវ​ត្រលប់​មក​វិញជា​បន្ទាន់​ បើ​មាន​សញ្ញាណា​មួយ​កើត​ឡើង ៖ ឈឺ​ពោះជាខ្លាំង ក្អួត​ជាប់​រហូត ចុងដៃ​ចុងជើង​ត្រជាក់​ស្អិត ល្ហិត​ល្ហៃ ឬ​ឡេះឡះ ចេញ​ឈាម ឧ. លាមក​ខ្មៅ ឬ​កម្អួត​ដូច​កាក​កាហ្វេ ។
- លើក​ទឹក​ចិត្ត​ឲ្យ​កុមារ​ផឹក​ទឹក​ស្អាត ឬ​ទឹក​អូរ៉ា​លីត​ ដើម្បី​ជំនួស​ជាតិ​ទឹក​ដែល​បាត់​បង់​ក្នុង​ពេល​គ្រុន​ក្តៅ​ និង​ក្អួត ។
- ផ្តល់ឱ​សថ Paracetamol បើ​កុមារ​មាន​គ្រុន​ក្តៅ​ខ្លាំង​ដែល​ពិបាក​ក្នុង​ខ្លួន ។ មិនត្រូវ​ផ្តល់​ឱសថ​ Aspirin ឬឱសថ​ប្រឆាំង​ការ​រលាកដែល​គ្មាន​ជាតិស្តេ​រ៉ូអ៊ីដ (NSAINs) ដូចជា Ibuprofen ទេ ព្រោះឱសថ​ទាំង​នេះ​អាច​ធ្វើឲ្យ​ចេញ​ឈាម​កាន់​តែធ្ងន់​ធ្ងរ ។ 
- តាម​ដានកុមារ​រៀង​រាល់​ថ្ងៃ រហូត​សីតុណ្ហភាព​ត្រឡប់​មក​ធម្មតា ។ ពិនិត្យ​អេម៉ាតូគ្រីត រៀង​រាល់​ថ្ងៃ បើ​អាច ។ ពិនិត្យ​រកសញ្ញា​នៃជំងឺ​ធ្ងន់​ធ្ងរ ។
- អោយ​សម្រាក​ពេទ្យ​ ចំពោះ​កុមារ​ណា​ដែល​មាន​សញ្ញា​នៃជំងឺ​ធ្ងន់​ធ្ងរ​ (ចេញឈាមតាម​ស្បែក​ ស្ហុក ស្ថានភាព​ផ្លូវ​ចិត្ត​ប្រែ​ប្រួល ប្រកាច់​ ឬ​កើត​លឿង) ឬ​មាន​អេម៉ាតូគ្រីត​កើនឡើង​រហ័ស ។

ដក​ស្រង់​ពី​សៀវភៅហោប៉ៅ​ស្តីពី ការថែទាំព្យាបាល​ក្នុង​មន្ទីរពេទ្យសម្រាប់​កុមារ

0 comments:

Post a Comment

Powered by Blogger.