រោគវិនិច្ឆ័យ
កុមារដែលមានជំងឺរលាកសួត អាចមានទឹកក្នុងស្រោមសួត ឬខ្ទុះក្នុងស្រោមសួត ។
- នៅពេលពិនិត្យ ទ្រូងមិនសូវមានសម្លេងខ្ទរទេពេលគោះ ហើយមិនសូវឮ ឬគ្មានសម្លេងដង្ហើមក្នុងកន្លែងដែលរងការប៉ះពាល់ ។
- អាចឮសម្លេងត្រដុសស្រោមសួត (Pleural Rubbing) នៅក្នុងដំណាក់កាលដំបូង មុនពេលដែលការចូលទឹកកើតឡើងទាំងស្រុង ។
- ការថតសួតដោយកាំរស្មី X ឃើញមានទឹកនៅក្នុងទ្រូងម្ខាង ឬទាំងសងខាង ។
- នៅពេលមានខ្ទុះក្នុងស្រោមសួត នោះគ្រុនក្តៅមានជាប់ជានិច្ច ទោះបីមានការព្យាបាលដោយអង់ទីប៊ីយូទិកក៏ដោយ ហើយទឹកក្នុងស្រោមសួតមានពណ៌ស្រអាប់ ឬអាចជាខ្ទុះ ។
ការព្យាបាល
ការបង្ហូរ
- គួរបង្ហូរទឹកក្នុងស្រោមសួតចេញ លើកលែងតែវាមានចំនួនតិចបំផុត ។ បើទឹកចូលសួតទាំងពីរ ត្រូវបង្ហូរទាំងពីរ ។ អាចត្រូវបង្ហូរពីរ ឬបីដង បើទឹកនៅតែមានឡើងវិញ ។
- ការព្យាបាលបន្តបន្ទាប់ទៀត គឺអាស្រ័យលើលក្ខណៈរបស់ជាតិទឹកដែលត្រូវបានបង្ហូរចេញ ។ នៅពេលដែលអាច គួរវិភាគទឹកក្នុងស្រោមសួតនោះ រកមើលសារធាតុប្រូតេអ៊ីន និងជាតិស្ករ តេស្ត៍រាប់កោសិកា និងតេស្ត៍រាប់កោសិកាឈាមពេញលេញ ព្រមទាំងពិនិត្យមើលបន្ទាប់ពីអនុវត្តបចេ្ចកទេសចាត់ថ្នាក់មេរោគ (Gram and Ziehl-Neelsen Staining) និងការបណ្តុះរកបាក់តេរី និង Mycobacterium Tuberculosis រួចហើយ ។
ការព្យាបាលដោយអង់ទីប៊ីយោទិក
- ផ្តល់ឱសថ Ampicillin ឬ Cloxacillin ឬ Flucloxacillin (៥០ម.ក្រ/គ.ក តាមសាច់ដុំ ឬតាមសសៃ រៀងរាល់៦ម៉ោង) និងឱសថ Gentamicin (៧.៥ម.ក្រ/គ.ក តាមសាច់ដុំ ឬតាមសសៃ មួយថ្ងៃម្តង) ។ នៅពេលកុមារបានប្រសើរ (បន្ទាប់ពីផ្តល់អង់ទីប៊ីយោទិកតាមសាច់ដុំ ឬតាមសសៃ យ៉ាងតិច៧ថ្ងៃ) គួរបន្តផ្តល់ឱសថ Cloxacillin តាមមាត់ មួយថ្ងៃ៤ដង រយៈពេល៣សប្តាហ៍ ។
ចំណាំ ៖ គួរប្រើឱសថ Cloxacillin ប្រសិនបើសង្ស័យមានការបង្ករោគដោយបាក់តេរី Staphylococcus ។ អាចជំនួសដោយឱសថប្រឆាំងបាក់តេរី Staphylococcus ដទៃទៀតដូចជា ឱសថ Oxacillin Flucloxacillin ឬ Dicloxacillin ។ វាទំនងជាការបង្ករោគដោយបាក់តេរី S.Aureus ប្រសិនបើមានខ្យល់ក្នុងប្រហោងសួត ។
ស្ថានភាពមិនបានប្រសើរ
បើនៅតែមានគ្រុនក្តៅ និងមានសញ្ញាដទៃទៀត ទោះបីជាបានធ្វើការបង្ហូរទឹក និងផ្តល់ការព្យាបាលប្រឆាំងមីក្រុបហើយក៏ដោយ នោះគួរធ្វើតេស្ត៍រកមេរោគអេដស៍ ព្រមទាំងវាយតម្លៃរកជំងឺរបេង ។
ដកស្រង់ពីសៀវភៅហោប៉ៅស្តីពី ការថែទាំព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់កុមារ
0 comments:
Post a Comment