ការវាស់សម្ពាធឈាមអាចជាជំនាញដ៏សំខាន់សម្រាប់បុគ្គលិកសុខាភិបាល និងឆ្មប ។ វាមានប្រយោជន៍យ៉ាងខ្លាំងក្នុងការពិនិត្យ ៖
- ស្ត្រីមានផ្ទៃពោះ
- ស្ត្រីមុនពេលសម្រាលកូន និងអំឡុងពេលសម្រាលកូន
- អ្នកដែលមានការបាត់បង់ឈាមយ៉ាងច្រើន ពីផ្នែកណាមួយនៃរាងកាយ នៅខាងក្នុង ឬចេញមកក្រៅរាងកាយ
- អ្នកដែលស្ថិតក្នុងសភាពស្ហូក រួមទាំងស្ហុកដោយប្រតិកម្មទំនាស់ផងដែរ
- អ្នកដែលមានអាយុលើសពី ៤០ឆ្នាំ
- អ្នកដែលធាត់
- អ្នកដែលមានរោគសញ្ញានៃជំងឺបេះដូង ដាច់សសៃឈាមខួរក្បាល ពិបាកដកដង្ហើម ឈឺក្បាលញឹកញាប់ ហើម ទឹកនោមផ្អែម បញ្ហាតម្រងនោមរាំរ៉ៃ ឬបញ្ហារីកសសៃវ៉ែន
- អ្នកដែលដឹងថាមានសម្ពាធឈាមខ្ពស់
- ស្ត្រីដែលលេបថ្នាំ (ឬមានគម្រោងនឹងលេប) គ្រាប់ពន្យារកំណើត ។
ឧបករណ៍សម្រាប់វាស់សម្ពាធឈាមមាន២ប្រភេទ ៖
- ឧបករណ៍វាស់សម្ពាធឈាមដែលមាននាឡិកាក្រិត
- ឧបករណ៍វាស់សម្ពាធឈាមដែលមានបង្ហាញកម្រិតកំពស់បារត
ដើម្បីវាស់សម្ពាធឈាម ៖
- ត្រូវប្រាកដថាគាត់ស្ថិតក្នុងសភាពស្ងប់ស្ងាត់ ៖ ការហាត់ប្រាណក្នុងពេលថ្មីៗ ការខឹង ឬការភ័យព្រួយ អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ និងផ្តល់លទ្ធផលមិនត្រឹមត្រូវ ។ ពន្យលគាត់ពីអ្វីដែលអ្នកនឹងធ្វើ ទើបគាត់មិនភ្ញាក់ផ្អើល ឬភ័យខ្លាច ។
- រុំថង់ខ្យល់នៃឧបករណ៍វាស់សម្ពាធឈាម នៅជុំវិញដើមដៃរបស់អ្នកជំងឺ
- បិទវ៉ាល់ថង់ខ្យល់ ដោយមូលបង្វិលតាមទិសដៅទ្រនិចនាឡិកា
- សប់ខ្យល់រហូតដល់កម្រិត លើសពី២០០មីលីម៉ែត្របារត
- ដាក់ស្តេតូស្កូប នៅផ្នែកខាងមុខនៃកែងដៃ
- ស្តាប់ចង្វាក់ជីពចរដោយយកចិត្តទុកដាក់ នៅពេលបន្ធូរខ្យល់យឺតៗចេញពីឧបករណ៍វាស់សម្ពាធឈាម នៅពេលដែលទ្រនិចនាឡិកា (ឬកម្រិតបារត) កំពុងធ្លាក់ចុះយឺតៗ ត្រូវកត់ចំណាំតួលេខពីរចំណុច ៖
- កត់ចំណាំតួលេខទី១ នៅពេលអ្នកចាប់ផ្តើមឮសម្លេងជីពចរលោត ។ សម្លេងនេះកើតឡើងនៅពេលដែលសម្ពាធក្នុងថង់ខ្យល់នៃឧបករណ៍វាស់សម្ពាធឈាម ធ្លាក់ចុះដល់កម្រិតសម្ពាធខ្ពស់បំផុតនៅក្នុងសសៃអាកទែ (សម្ពាធស៊ីស្កូលិក ឬតួលេខខាងលើ) ។ តួលេខខាងលើនេះ កើតឡើងនៅរាល់ពេលដែលបេះដូងកន្ត្រាក់ ហើយបញ្ជូនឈាមតាមសសៃអាកទែ ។ ចំពោះមនុស្សធម្មតា តួលេខខាងលើនេះ គឺពី១១០ ទៅ១២០មីលីម៉ែត្រ ។
- បន្តបន្ធូរខ្យល់យឺតៗ ខណៈពេលស្តាប់ដោយយកចិត្តទុកដាក់ ។ កត់ចំណាំតួលេខទី២ នៅពេលដែលសម្លេងជីពចរចាប់ផ្តើមថយចុះ ឬឈប់ឮ ។ សម្លេងនេះកើតឡើងនៅពេលដែលសម្ពាធនៅក្នុងថង់ខ្យល់ ធ្លាក់ចុះរហូតដល់កម្រិតសម្ពាធទាបបំផុតនៅក្នុងសសៃអាកទែ (សម្ពាធដ្យាស្កូលិក ឬតួលេខខាងក្រោម) តួលេខខាងករ្ោមនេះ កើតឡើងនៅពេលបេះដូងសម្រាក នៅចន្លោះជីពចរនីមួយៗ ។ តាមធម្មតាវាមានពី៦០ទៅ៨០មីលីម៉ែត្រ ។
នៅពេលអ្នកកត់ត្រាកម្រិតសម្ពាធឈាមរបស់នរណាម្នាក់ ត្រូវសរសេរទាំងតួលេខខាងលើ និងតួលេខខាងក្រោម ។ យើងនិយាយថា សម្ពាធឈាមធម្មតារបស់មនុស្សធំ គឺ ១២០លើ៨០ ហើយសរសេរវារបៀបនេះ ៖
BP120/80 ដែល
- ១២០ គឺជាតួលេខខាងលើ (សម្ពាធស៊ីស្កូលិក)
- ៨០ គឺជាតួលេខខាងក្រោម (សម្ពាធដ្យាស្កូលិក)
បុគ្គលិកសុខាភិបាល ប្រហែលជាមានការងាយស្រួលក្នុងការនិយាយថា តួលេខខាងលើ និងតួលេខខាងក្រោម ជាងការប្រើពាក្យដែលពិបាកថា ដូចជាពាក្យថា សម្ពាធស៊ីស្កូលិក និងសម្ពាធដ្យាស្កូលិក ។
តួលេខខាងក្រោមគឺជាតួលេខដែលតែងតែប្រាប់យើងអំពីសុខភាពរបស់មនុស្សម្នាក់ ។ ឧទាហរណ៍ ៖ បើសម្ពាធឈាមរបស់គាត់គឺ ១៤០/៨៥ នោះមិនចាំបាច់បារម្ភច្រើនទេ ។ ប៉ុន្តែបើវាគឺ ១៣៥/១១០ នោះគាត់មានសម្ពាធឈាមខ្ពស់យ៉ាងខ្លាំង ហើយគួរតែបញ្ចុះទម្ងន់ (បើធាត់) ឬទទួលការព្យាបាល ។ តួលេខខាងក្រោមដែលលើសពី ១០០ មានន័យថាសម្ពាធឈាមបានឡើងខ្ពស់ ដល់កម្រិតដែលត្រូវយកចិត្តទុកដាក់ហើយ (របបអាហារ និងជួនកាលត្រូវប្រើថ្នាំពេទ្យ) ។
សម្ពាធឈាមធម្មតា សម្រាប់មនុស្សពេញវ័យ គឺប្រហែល ១២០/៨០ ប៉ុន្តែបើពី ១០០/៦០ ទៅ ១៤០/៩០ ក៏អាចទុកថាធម្មតាបានដែរ ។
បើមនុស្សម្នាក់មានសម្ពាធឈាមទាបជាប្រចាំ នោះក៏មិនចាំបាច់ភ័យព្រួយអ្វីដែរ ។ តាមពិត សម្ពាធឈាមទាបក្នុងកម្រិតធម្មតាពី ៩០/៦០ ទៅ ១១០/៧០ មានន័យថា គាត់ទំនងជាមិនអាចរស់នៅបានយូរ និងហាក់ដូចជាមិនសូវមានបញ្ហាបេះដូង ឬដាច់សសៃឈាមខួរក្បាល ។
ការធ្លាក់ចុះភ្លាមៗនៃសម្ពាធឈាម គឺជាសញ្ញាគ្រោះថ្នាក់មួយ ជាពិសេសបើវាធ្លាក់ចុះក្រោម ៦០/៤០ ។ បុគ្គលិកសុខាភិបាលគួរប្រុងប្រយ័ត្នចំពោះការធ្លាក់ចុះភ្លាមៗ នៃសម្ពាធឈាមលើមនុស្សដែលកំពុងបាត់បង់ឈាម ឬមានការប្រឈមនឹងសភាពស្ហុក ។
ដកស្រង់ចេញពីសៀវភៅ ទីណាគ្មានវេជ្ជបណ្ឌិត សម្រាប់ការថែទាំសុខភាពជនបទ

0 comments:
Post a Comment