ថង់ទឹកប្រមាត់ គឺជាថង់តូចមួយដែលជាប់ជាមួយថ្លើម ។ វាប្រមូលផ្តុំទឹកល្វីងពណ៌បៃតង ដែលហៅថា ទឹកប្រមាត់ ។ ទឹកនេះជួយរំលាយអាហារជាតិខ្លាញ់ ។ ជំងឺថង់ទឹកប្រមាត់ កើតឡើងជាញឹកញាប់លើស្ត្រីដែលមានអាយុលើសពី៤០ឆ្នាំ ដែលលើសទម្ងន់ ហើយនៅមានការឈាមរដូវ ។
រោគសញ្ញា
- ការឈឺចុកសៀតក្នុងពោះ នៅគែមខាងក្រោមនៃឆ្អឹងជំនីរខាងស្តាំ ៖ ការឈឺចាប់នេះ ជួនកាលរាលដាលរហូតដល់ផ្នែកខាងលើ និងខាងស្តាំនៃខ្នង ។
- ការឈឺចាប់អាចកើតឡើងមួយម៉ោង ឬច្រើនម៉ោង បន្ទាប់ពីបានបរិភោគអាហារដែលសម្បូរជាតិខ្លាញ់ ។ ការឈឺចាប់ធ្ងន់ធ្ងរ អាចបណ្តាលឲ្យមានក្អួត ។
- ការភើដែលមានរស់ជាតិអាក្រក់ ។
- ជួនកាលមានគ្រុនក្តៅ ។
- ករណីកម្រ ភ្នែកអាចប្រែពណ៌ជាលឿង ។
ការព្យាបាល
- កុំបរិភោគអាហារដែលមានជាតិខ្លាញ់ ។ មនុស្សលើសទម្ងន់ (ធាត់) គួរបរិភោគតិចតួចព្រមទាំងបញ្ចុះទម្ងន់ផង ។
- លេបថ្នាំអង់ទីស្បាស់ស្មូដិក (Antispasmodic) ដើម្បីរំងាប់ការឈឺចាប់ ។ ជាញឹកញាប់ គេប្រើថ្នាំបំបាត់ការឈឺចុកចាប់ ប្រភេទខ្លាំង ។ (អាស្ពីរីនប្រហែលជាមិនអាចជួយបានទេ) ។
- បើអ្នកជំងឺមានគ្រុនក្តៅ គាត់គួរលេបថ្នាំតេត្រាស៊ីគ្លីន ឬថ្នាំអំពីស៊ីលីន ។
- ក្នុងករណីធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ រកជំនួយពីគ្រូពេទ្យ ។ ជួនកាលគេចាំបាច់ត្រូវវះកាត់ ។
ការបង្ការ
ស្ត្រី និងបុរស ដែលលើសទម្ងន់ គួរព្យាយាមសម្រកទម្ងន់ ។ ជៀសវាងការបរិភោអាហារសម្បូរជាតិផ្អែមនិងខ្លាញ់ កុំបរិភោគច្រើនពេក ហើយហាត់ប្រាណផង ។
ដកស្រង់ចេញពីសៀវភៅ ទីណាគ្មានវេជ្ជបណ្ឌិត សម្រាប់ការថែទាំសុខភាពជនបទ
0 comments:
Post a Comment