ជំងឺកុមារ

ជំងឺ​រាក​ លើ​កុមារ​


នៅ​ពេល​មាន​ជំងឺ​រាក​ កុមារ​បាត់​បង់​ជាតិ​ទឹក អេឡិក​ត្រូវ​លីត (សូដ្យូម​ ប៉ូតាស្យូម និង​ប៊ី​កាបូណាត) និង​ជាតិ​ស័ង្ក​សី​យ៉ាង​ច្រើន​តាម​រយៈ​លាមក​ដែល​រាក ។ ការ​ខ្វះ​ជាតិ​ទឹក​កើត​ឡើង​នៅ​ពេល​ដែល​ការ​បាត់​បង់​ទាំង​នេះ មិន​ត្រូ​វបាន​បំពេញ​ជំនួស​វិញ​គ្រប់​គ្រាន់​ហើយ​ក៏​មាន​ការ​ខ្វះ​ជាតិ​ទឹក​ និង​អេឡិក​ត្រូ​លីត ។​ កម្រិត​នៃ​ការ​ខ្វះ​ជាតិ​ទឹក ត្រូវ​បាន​ចាត់​ថ្នាក់​ទៅ​តាម​រោគ​សញ្ញា​ដែល​ឆ្លុះ​បញ្ចាំង​ពី​បរិមាណ​ជាតិទឹក​ដែល​បាន​បាត់​បង់ ។ របៀប​បង្គ្រប់​ជាតិ​ទឹក ត្រូវ​បាន​ជ្រើស​រើស​ទៅ​តាម​កម្រិត​នៃ​ការ​ខ្វះ​ជាតិទឹក ។ រាល់​កុមារ​ទាំង​អស់​ដែល​មានជំងឺ​រាក គួរ​ទទួល​បាន​ស័ង្ក​សី​បន្ថែម ។ 

ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាគ មាន​ការថយ​ចុះ​នៃ​ការ​បរិភោគ​អាហារ​ និ​ងការ​ថយ​ចុះ​ ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​អាហារូប​ត្ថម្ភ​ ដែល​ច្រើន​តែ​រួម​គ្នា​បង្ក​ឲ្យ​មាន​ការ​ស្រក​ទម្ងន់​ និង​មិនលូត​លាស់ ។ កង្វះ​អាហារូប​ត្ថម្ភ​ អាច​ធ្វើឲ្យ​ជំងឺ​រាក​កាន់​តែ​ធ្ងន់​ធ្ងរ កាន់​តែ​អូស​បន្លាយ​ និង​កាន់ត​ែញឹក​ញាប់​ ជាង​កុមារ​ដែល​មាន​អាហារូបត្ថម្ភល្អ ។ វដ្ត​ក៏​កាច​សាហាវ​នេះ អាចត្រូវ​បាន​បំបែក​ដោយ​ការ​ផ្តល់​អាហារ​ដែល​សម្បូរ​អាហារូបត្ថម្ភ ក្នុង​ពេល​និងក្រោយ​ពេល​មាន​ជំងឺ​រាក ។ 

មិន​គួរ​ប្រើ​ឱសថ​អង់​ទីប៊ី​យោទិកទេ លុះ​ត្រា​តែ​កុមារ​រាក​លាយ​ឈាម (អាច​ជាជំងឺ​ស៊ីហ្សែល​ឡូស៊ីស) សង្ស័យ​ជំងឺ​អាសន្ន​រោគ រួម​ជាមួយ​ការខ្វះ​ជាតិទឹក​ធ្ងន់​ធ្ងរ និង​ការ​បង្ក​រោគ​ធ្ងន់​ធ្ងរ​ក្រៅ​ពោះ​វៀន​ដទៃ​ទៀត ដូចជា​ជំងឺ​រលាកសួត និង​ការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹក​នោម ។ កម្រ​មាន​ការណែនាំ​ឲ្យ​ប្រើ​ឱសថ​ប្រឆាំ​ង​ប្រូ​តូសូអ៊ែ​ណាស់ ។ មិន​គួរ​​ផ្តល់ឱសថត​ប្រឆាំងរាក និង​ឱសថ​មិន​អោយ​ក្អួត​ចង្អោរ​ ដល​់​កុមារ​តូចៗ​ដែល​មានជំងឺ​រាក​ស្រួចស្រាវ ឬ​អូស​បន្លាយ​ ឬរាកមួល​ទេ ៖ វាមិន​បង្ការ​ការ​ខ្វះ​ជាតិ​ទឹក ឬ​ជួយ​កែលម្អ​ស្ថាន​ភាព​អាហារូបត្ថម្ភ​ឡើយ ហើយ​ឱសថ​ខ្លះ​ថែម​ទាំងមាន​ផល​រំខាន​ដ៏​គ្រោះ​ថ្នាក់​ដែល​ជួន​កាល​រហូត​ដល់​បាត់​បង់ជីវិត​ទៀត​ផង ។


ការ​សួរ​ប្រវត្ត​ិជំងឺរាក 
ការ​សួរ​ប្រវត្តិជំងឺ​ទាក់​ទង​នឹង​ការ​ផ្តល់​អាហារ​ មាន​សារ​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​កុមារ​​ដែល​មាន​ជំងឺ​រាក ។​គួរ​សួរ​អំពី​ចំនុចទាំង​នេះ​ផងដែរ ៖
  • ចំនួន​ដង​នៃ​ការ​រាក
  • ចំនួ​នថ្ងៃ​ដែល​កើត​ជំងឺ​រាក
  • ឈាម​ក្នុង​លាមក
  • ព័ត៌មាន​អំពី​ការផ្ទុះ​ជំងឺ​អាសន្នរោគ​ក្នុង​តំបន់
  • ការ​ព្យាបាល​ដោយ​ឱសថ​អង់ទីប៊ីយោទិក ឬ​ឱសថ​ដទៃ​ទៀត ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ 
  • កុមារ​យំ​ខ្លាំង​ៗ និង​មាន​ភាព​ស្លេក​ស្លាំង ។ 

ការ​ពិនិត្យ​អ្នក​ជំងឺ 
រក​មើល ៖
  • សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក​កម្រិត​មធ្យម​ ឬ​ធ្ងន់​ធ្ងរ ៖ 
  1. ឡេះឡោះ ឬ​រញាំរញ៉ូវ
  2. ល្ហិត​ល្ហៃ ឬ​កម្រិត​ស្មារតី​ចុះ​ខ្សោយ
  3. ភ្នែក​ខូង
  4. ការទាញ​ស្បែក​រលា​ទៅ​វិញ​យឺតៗ ឬ​យឺត​ជា​ខ្លាំង
  5. ស្រេក​ទឹក ឬ​ផឹក​ទឹក​យ៉ាង​រញី​រញ័រ ឬ​ផឹក​ទឹក​បាន​តិច ឬ​មិន​អាច​ផឹក​ទឹក​បាន
  • ឈាម​ក្នុង​លាមក
  • សញ្ញា​នៃការ​ខ្វះ​អាហារូបត្ថម្ភធ្ងន់​ធ្ងរ 
  • មានដុំក្នុងពោះ
ចំពោះ​កុមារ​ដែល​គ្មាន​ឈាម​ក្នុង​លាមក​ នោះ​មិន​ចាំ​បាច់​ធ្វើ​ការ​វិភាគ​លាមក​ ឬ​បណ្តុះ​លាមក​ទេ ។ 

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​សម្រាប់​កុមារ​ដែល​មាន​ជំងឺ​រាក
  • ជំងឺ​រាក​ស្រួចស្រាវ(ដូចទឹក) ៖ រាក​ដូច​ទឹក​លើ​សពី​៣ដង​ក្នុង​១ថ្ងៃ , គ្មាន​ឈាម​ក្នុង​លាមក
  • ជំងឺ​អាសន្នរោគ​ ៖ រាក​ដូច​ទឹក​យ៉ាង​ច្រើន​ រួម​ជាមួយ​ការខ្វះ​ជាតិ​ទឹក​ធ្ងន់​ធ្ងរ ក្នងអំឡុង​ពេល​ផ្ទុះ​ជំងឺអាសន្នរោគ និង​លទ្ធផល​បណ្តុះ​លាមក​វិជ្ជាមាន សម្រាប់​មេរោគ Vibrio Cholerae 01 ឬ 0139
  • ជំងឺ​រាក​មួល ៖ ឈាម​ក្នុង​លាមក​ (ឃើញ​ ឬ​មាន​គេ​ប្រាប់​)
  • ជំងឺ​រាក​អូស​បន្លាយ ៖ ជំងឺ​រាក​ចាប់​ពី ១៤​ថ្ងៃទៅ
  • ជំងឺ​រាក​រួម​ជាមួយ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់​ធ្ងរ ៖ ជំងឺ​រាក​ណាមួ​យ រួម​ជាមួយសញ្ញា​នៃ​ការ​ខ្វះ​អាហារូបត្ថម្ភ​ស្រួចស្រាវធ្ងន់​ធ្ងរ 
  • ជំងឺ​រាក​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ឱសថ​អង់​ទីប៊ីយោទិក​ក្នុង​ពេល​ថ្មីៗ ៖ ការ​ព្យាបាល​ដោយ​ឱសថ​អង់​ទីប៊ីយោទិក​ដែល​មាន​សកម្មភាព​ទូលំទូលាយ​ក្នុង​ពេល​ថ្មីៗ
  • ការ​រអិល​ពោះ​វៀន​ចូលគ្នា (Intussus-Ception) ៖ ឈាម​និង​សម្បោរ​ក្នុង​លាមក , ដុំ​ក្នុង​ពោះ , ទារក​ឬកុមារ​តូច​យំ​ខ្លាំង​ៗ រួម​ជាមួយ​ភាព​ស្លេក​ស្លាំង 

ដក​ស្រង់​ពី​សៀវ​ភៅ​ហោ​ប៉ៅ​ស្តី​ពី​ការ​ថែ​ទាំ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​សម្រាប់​កុមារ​

0 comments:

Post a Comment

Powered by Blogger.