ជំងឺកុមារ

ជំងឺកង្វះអង់ហ្សីុម G6PD

១) និយមន័យ
ជំងឺកង្វះអង់ហ្សីុម G6PD គឺជាជំងឺតំណពូជ ដែលបង្កអោយមានការប៉ះពាល់ដល់គោលិកាក្រហមនៃឈាម។
Glucose-6-Phosphate Dehydrogenase (G6PD) គឺជាប្រភេទអង់ហ្សីុមម្យ៉ាងដែលមានមុខងារក្នុងការការពារគោលិកាក្រហមរបស់ឈាម ប្រឆាំងទប់ទល់នឹងអុកស៊ីតកម្ម (ភាពចាស់)។ អត្រាកើតជំងឺកង្វះអង់ហ្សីុម G6PD នៅលើក្មេងប្រុសមានដប់ដងលើសក្មេងស្រី។
Image result for g6pd patient
២) ការបែងចែកតាមទីតាំងភូមិសាស្រ្ត៖
ជំងឺនេះ កើតលើមនុស្សប្រហាក់ប្រហែល ២០០ ទៅ ៤០០លាននាក់នៅលើពិភពលោក និងភាគច្រើនគឺលើប្រជាជនដែលរស់នៅតំបន់មេឌីទែរ៉ាណេ អាហ្រ្វិកខាងជើង ឥណ្ឌា អាសីុអាគ្នេយ៍ ប្រជាជនអាមេរិកស្បែកខ្មៅ និងអង់ទី។

៣) មូលហេតុជំងឺកង្វះអង់ហ្សីុម G6PD៖
ជាជំងឺទាក់ទងនឹងតំណពូជ (genetics) កើតឡើងដោយសារការខូចខាតសែន (gene) ដែលកំណត់លើការផលិតអង់ហ្សីុម G6PD ដែលសែននេះគឺស្ថិតនៅលើក្រូម៉ូសូម X។ ជាធម្មតាស្រ្តីមានក្រូម៉ូសូម X ពីរ ឯបុរសមានក្រូម៉ូសូម X មួយ និង Y មួយ។ ប្រសិនបើស្រ្តីមានសែនខូចឋិតនៅលើក្រូម៉ូសូម X មួយ ក្នុងចំណោម X ទាំងពីរ ស្រី្តនោះជាអ្នកផ្ទុកជំងឺតែមិនឈឺទេ ពីព្រោះក្រូម៉ូសូម X មួយទៀតដែលមានសែន G6PD នៅល្អអាចបំពេញមុខងារជំនួសក្រូម៉ូសូម X មួយទៀតបាន។ ដូច្នេះស្រ្តីអាចក្លាយជាអ្នកជំងឺកង្វះអង់ហ្សីុម G6PD លុះត្រាតែក្រូម៉ូសូម X ទាំងពីរមានផ្ទុកសែន G6PD ខូចទាំងពីរ។ ចំណែកឯបុរសប្រសិនបើក្រូម៉ូសូម X តែមួយរបស់គាត់មានផ្ទុកនូវសែន G6PD ខូច នោះគាត់នឹងក្លាយជាអ្នកជំងឺ ព្រោះក្រូម៉ូសូម Y មិនមានសែន G6PD ទេ ហេតុដូចនេះហើយទើបវាមិនអាចបំពេញមុខងារជំនួសកង្វះខាតរបស់ក្រូម៉ូសូម X បាន។
បុរស រឺ ស្រ្តីដែលមានជំងឺG6PD រឺ ស្រ្តីដែលផ្ទុកជំងឺតែមិនឈឺ សុទ្ធតែអាចចំលងសែនដែលខូចទៅកូនរបស់ពួកគាត់បាន។
៤) កម្រិតភាពធ្ងន់ធ្ងរនៃជំងឺ៖
គេអាចបែងចែកកង្វះខាតនៃអង់ហ្សី់មជា ៣ កម្រិតសំខាន់ៗ :
កម្រិតទី១: សកម្មភាពអង់ហ្សីុមមាន <១០% និងការបែកគ្រាប់ឈាមជាលក្ខណៈរ៉ាំរ៉ៃ (ករណីកម្រ)
កម្រិតទី២: សកម្មភាពអង់ហ្សីុមមាន <១០% និងការបែកគ្រាប់ឈាមម្តងម្កាល (ច្រើនមានលើប្រជាជននៅតំបន់មេឌីទែរ៉ាណេ និងអាសីុ)
កម្រិតទី៣ ៖ សកម្មភាពអង់ហ្សីុមមាន ១០%-៦០% និងការបែកគ្រាប់ឈាមពេលដែលជួបប្រទះនឹងកត្តាបង្កអុកស៊ីតកម្ម ដែលករណីនេះជួបប្រទះច្រើន។

៥) កត្តាដែលជំរុញអោយអ្នកជំងឺកង្វះអង់ហ្សីុម G6PD ស្តែងចេញជារោគសញ្ញា៖
បើផ្អែកតាមកម្រិតនៃភាពធ្ងន់ធ្ងររបស់ជំងឺ យើងសង្កេតឃើញថាអ្នកខ្លះអាចមានសញ្ញានៃការបែកគ្រាប់ឈាមភ្លាម ពេលដែលជួបប្រទះនឹងកត្តាមួយចំនួនដែលបង្កអោយមានអុកស៊ីតកម្មដូចជាៈ

  • ការឆ្លងរោគ អាចជាពពួកបាក់តេរី វីរុស រឺ ប៉ារាស៊ីត
  • ការប្រើប្រាស់នូវថ្នាំពេទ្យមួយចំនួន
  • ការបរិភោគនូវចំណីអាហារដែលគួរជៀសវាងមួយចំនួន
  • ការប្រឈមនឹងសារជាតិគីមីមួយចំនួនដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
៦) រោគសញ្ញា និងដំបូន្មានខ្លះៗ៖
ការស្តែងចេញជារោគសញ្ញារបស់ជំងឺរួមមាន ៖
ក). ទារកទើបនឹងកើតៈ
- ខាន់លឿងដែលស្តែងឡើងយ៉ាងឆាប់តិចជាង២៤ម៉ោងក្រោយកំណើត និងមានរយៈពេលយូរក្របាត់ទៅវិញ។
- ភាពស្លេកស្លាំង
ទារកដែលមានអការៈដូចនេះត្រូវដាក់អោយសម្រាកពេទ្យ ទទួលការព្យាបាលអោយបានត្រឹមត្រូវ និង ទាន់ពេលវេលាដើម្បីបញ្ជៀសនូវផលវិបាកនានាដែលបណ្តាលមកពីជាតិលឿង ជាពិសេសផលប៉ះពាល់ទៅលើប្រព័ន្ធប្រសាទ។
ខ). ចំពោះកុមារ និងមនុស្សពេញវ័យៈ
ជាទូទៅមិនមានចេញជារោគសញ្ញាស្តែងឡើងក្នុងជីវិតប្រចាំថ្ងៃទេ។ ការលេចចេញជារោគសញ្ញាគឺ ដោយសារការបែកគ្រាប់ឈាមក្រហមស្រួចស្រាវ ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំ រឺបរិភោគអាហារដែលហាមឃាត់ចំពោះអ្នកជំងឺកង្វះអង់ហ្សីុម G6PD។
រោគសញ្ញាអាចមាន :
- ភាពស្លេកស្លាំង គ្រុនក្តៅ ជួនកាលអាចលឿង អស់កំលាំងល្ហិតល្ហៃដោយគ្មានមូលហេតុ ហើយទឹកនោមឡើងពណ៌ក្រម៉ៅ
- ភាពស្លេកស្លាំងភ្លាមបន្ទាប់ពីប្រើប្រាស់ថ្នាំ រឺ បរិភោគចំណីអាហារដែលហាមឃាត់

៧) វិធីសាស្ត្រស្វែងរកជំងឺ និងគ្រប់គ្រងជំងឺ៖
ទារកត្រូវធ្វើតេស្តកែងជើងជាចាំបាច់ នៅអាយុចន្លោះពី ៤៨ ទៅ ៧២ ម៉ោងក្រោយសម្រាល។ នៅពេលលទ្ធផលនៃតេស្តវិជ្ជមាន សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការប្រឹក្សា និងដំបូន្មាន ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិតដោយសារជំងឺនេះ។
ប្រសិនបើមានលេចចេញនូវរោគសញ្ញាទាំងនេះសូមមេត្តាប្រញាប់ប្រញាល់មកពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលកំពុងបំរើការសំរាប់សេវាឯកទេសផ្នែកជំងឺនេះ។ ក្នុងករណីគ្រូពេទ្យរកឃើញថាពិតជាមានការបែកគ្រាប់ឈាមមែន អ្នកជំងឺអាចនឹងតម្រូវអោយសំរាកពេទ្យ និងចាំបាច់ធ្វើការព្យាបាលនិងបញ្ចូលឈាម។

៨) ទំនាក់ទំនងរវាងជំងឺកង្វះអង់ហ្ស៊ីម G6PD និង ជំងឺគ្រុនចាញ់
ជាធម្មតាក្រោយពីឆ្លងចូលទៅក្នុងខ្លួនមនុស្សមេរោគគ្រុនចាញ់ត្រូវទៅបំលែងកូនចៅនៅក្នុងគោលិកាក្រហមនៃគ្រាប់ឈាមទើបបង្កអោយចេញជារោគសញ្ញា។ អំឡុងពេលនេះមេរោគគ្រុនចាញ់ក៏ត្រូវការរយៈពេលយ៉ាងហោចណាស់១០-១៥ថ្ងៃ។
តែចំពោះអ្នកជំងឺកង្វះអង់ហ្ស៊ីមG6PD ពួកគាត់មានភាពស៊ាំនឹងមេរោគគ្រុនចាញ់ដោយសារគោលិកាក្រហមរបស់គាត់ងាយនឹងបែកក្រោយទទួលរងនូវអុកស៊ីតកម្ម(ក្រោយឆ្លងរោគ) មុនពេលដែលមេរោគគ្រុនចាញ់មានឱកាសបង្កកូនចៅក្នុងគោលិកាក្រហមគាត់បាន ទើបបណ្តាលអោយមេរោគអាចស្លាប់ រឺ ក៏សំងំខ្លួនក្នុងថ្លើមតែមិនមានរោគសញ្ញាស្តែងចេញមកទេ។

៩) ចំណីអាហារ និង អ្នកជំងឺកង្វះកង្វះអង់ហ្ស៊ីម G6PD
យោងតាមកំរិតនៃភាពធ្ងន់ធ្ងរ និង អាស្រ័យលើចំនួនដ៏ច្រើនលើសលុបរបស់សែនដែលខូច (ជាង៤០០ប្រភេទ) ទើបប្រតិកម្មឆ្លើយតបទៅនឹងចំណីអាហារមានភាពខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
បើទោះបីជាចំណីអាហារមួយចំនួនអាចបណ្តាលអោយមានការបែកគ្រាប់ឈាមក្នុងកំរិតមួយទាប ប៉ុន្តែប្រសិនបើយើងនៅតែបន្តបរិភោគអាហារទាំងនោះយូរៗទៅវាអាចបង្កជាបញ្ហាដូចជា ការចុះអន់ខ្សោយនៃអង្គចងចាំ ធ្វើអោយថ្លើម តំរងនោមហើយនិងបេះដូងបំពេញមុខងារលើសកំរិត និង ការចាល់ជាតិដែកដោយសារការបែកគ្រាប់ឈាមបន្តិចម្តងៗ។
ចំណីអាហារដែលគួរជៀសវាងបរិភោគៈ

  • គ្រប់ប្រភេទសណ្តែកៈ សណ្តែក(Lima), សណ្តែកបារាំង(Fava bean), សណ្តែកសៀង និង គ្រប់ផលិតផលដែលមានជាតិសណ្តែកសៀងដូចជា តៅហ៊ូ តៅគ័រ សៀង ទឹកជ្រលក់…, សណ្តែកបណ្តុះ(Alfalfa), សណ្តែកដី, សណ្តែកCarob(ជាសារធាតុផ្សំមួយក្នុងសូកូឡា) សណ្តែក Kidney (សណ្តែកអង្គុយ, សណ្តែកក្រហម..)
  • ផ្លែប្លូបឺរី (Blueberry), ផ្លែម្រះ
  • សារជាតិម៉ង់តុល (Menthol) ដែលមានក្នុងស្ករគ្រាប់ រឺ ស្ករបៀម ទឹកខ្ពុរមាត់…
  • រស់ជាតិសិប្បនិម្មិតនៃអាស៊ីតAscorbic (រស់ជាតិវីតាមីន C)
  • អាហារដែលមានជាតិSulfites (សារជាតិគីមីដែលប្រីសំរាប់ភេសជ្ជៈរឺអាហារដែលទុកបានយូរ) ដូចជា ស្រា ដំណាប់ផ្លែឈឺក្រៀម…
  • ភេសជ្ជៈដែលមានជាតិគីនីនដូចជា ទឹកសូដា..
  • អាហារដែលមានជាតិថ្នាំចិន ត្រី សាច់ រឺ ស៊ុបកំប៉ុង

អ្នកគួរតែទទួលទានជាតិខ្លាញ់ដែលចំរាញ់ចេញពីធម្មជាតិដូចជាប្រេងដូង ប្រេងអូលីវ ប្រេងត្នោត រឺ ខ្លាញ់សត្វ។ ចំពោះវីតាមីន និង ជាតិរ៉ែផ្សេងៗអ្នកអាចចំរាញ់ចេញពីឆ្អឹងស៊ុប។
ចំពោះទារកដែលមានបញ្ហាកង្វះអង់ហ្ស៊ីម G6PD ទឹកដោះម្តាយគឺជាអាហារដ៏ចាំបាច់និងជាជំរើសដ៏ល្អបំផុត។ ចំពោះម្តាយដែលបំបៅដោះកូនត្រូវមានការប្រុងប្រយ័ត្ននិងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញមុននឹងប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេងៗ។

0 comments:

Post a Comment

Powered by Blogger.