ជំងឺកុមារ

ជំងឺរលាកទងសួតតូចៗ

ជំងឺរលាកទងសួតតូចៗ គឺជាការបង្ករោគនៅផ្លូវដង្ហើមផ្នែកខាងក្រោមដោយវីរុសដែលធម្មតាមានសភាពធ្ងន់ធ្ងរបំផុតចំពោះទារកតូចៗ, កើតឡើងក្នុងអំឡុងពេលផ្ទុះជំងឺប្រចាំឆ្នាំ ហើយត្រូវបានសម្គាល់ដោយការស្ទះផ្លូវខ្យល់ និងសំឡេងដង្ហើមតឹង (Wheezing)។ មូលហេតុញឹកញាប់បំផុតរបស់េវា គឺវីរុស Respiratory syncytial។ ការបង្កររោគដោយបាក់តេរី អាចកើតឡើងជាបន្ទាប់។ ហេតុដូច្នេះ ការព្យាបាលជំងឺរលាកទងសួតតូចៗដែលពាក់ព័ន្ធនឹងការដកដង្ហើមញ្ាប់ ឬសញ្ញាដទៃទៀតនៃបញ្ហាពិបាកដកដង្ហើម គឺស្រដៀងគ្នាទៅនឺងការព្យាបាលរលាកសួតដែរ។ សំឡេងដង្ហើមតឹង (Wheeze) អាចបន្តកើតមានជាច្រើនខែបន្ទាប់ពីមានការរលាកទងសួតតូចៗ ប៉ុន្តែវានឹងបាត់ទៅវិញ។


រោគវិនិច្ឆ័យ

ក្នងពេលពិនិត្យ លក្ខណៈធម្មតានៃជំងឺរលាកទងសួតតូចៗ រួមមាន៖
- សំឡេងដង្ហើមតឹង ដែលមិនមានភាពធូស្រាលសោះ បន្ទាប់ពីបានផ្ដល់ឱសថពង្រីកទងសួតដែលមានសកម្មភាពរហ័ស ចំនួន៣លើករួចមក
- ទ្រូងឡើងប៉ោងខ្លាំង ដែលធ្វើអោយមានសំឡេងខ្ទរច្បាស់ពេលគោះទ្រូង
- ប្រអប់ទ្រូងផតចូល
- មានសំឡេងដូចអំបិលផ្ទុះ (fine crackles) និងសំឡេងដង្ហើមតឹង (wheeze) នៅពេលស្តាប់សួត
- ពិបាកដកដង្ហើម បៅដោះ ឬផឹកទឹក ដោយសារបញ្ហាពិបាកដកដង្ហើម
- ហូរសំបោរ ដែលអាចបណ្ដាលអោយស្ទះច្រមុះខ្លាំង។

ការព្យាបាល
ចំពោះកុមារភាគច្រើន គឺអាចព្យាបាលនៅផ្ទះបាន ប៉ុន្តែចំពោះកុមារដែលមានសញ្ញារលាកសួតធ្ងន់ធ្ងរដូចខាងក្រោមនេះ គួរត្រូវបានព្យាបាលនៅមន្ទីរពេទ្យ៖
- កំហាប់អុកស៊ីហ្សែន <៩០% ឬសម្បុរឡើងពណ៏ស្វាយ
- បាតដង្ហើម ឬមានប្រវត្តិបាត់ដង្ហើម
- មិនអាចបៅដោះ ឬផឹកទឹក ឬក្អួតអី្វៗទាំងអស់
- ប្រកាច់ ល្ហិតល្ហៃ ឬសន្លប់
- ដកចង្ការមាន់ និងសំឡេងដូចប្រឹង (Grunting) (ជាពិសេសចំពោះទារកតូចៗ)។

ការព្យាបាលដោយអុកស៊ីហ្សែន
- ផ្តល់អុកស៊ីហ្សែនដល់កុមារទាំងអស់ដែលមានបញ្ហាពិបាកដកដង្ហើមធ្ងន់ធ្ងរ ឬកំហាប់អុកស៊ីហ្សែន <=៩០%។ មធ្យោបាយផ្ដល់អុកស៊ីហ្សែនដែលណែនាំ គឺការផ្តល់តាមបំពង់ខ្នែងច្រមុះ (Nasal prongs) ឬកាតេទែច្រមុះ (nasal catheter)។
- គិលានុបដ្ឋាក គួរពិនិត្យមើលរៀងរាល់៣ម៉ោង ដើម្បីប្រាកដថាគ្មានសំបោរស្ទះបំពង់ខ្នែងច្រមុះ បំពង់ស្ថិតក្នុងទីតាំងត្រឹមត្រូវ ហើយកន្លែងតភ្ជាប់ទាំងអស់ស្ថិតនៅជាប់ល្អ។
ការព្យាបាលដោយអង់ទីប៊ីយោទិក
- ប្រសិនបើព្យាបាលទារកនៅផ្ទះ គួរផ្ដល់ឱសថ Cefixim ឬ Cefpodoxim តាមមាត់ រយៈពេល៥ថ្ងៃ តែក្នុងករណីកុមារមានសញ្ញារលាកសួតប៉ុណ្ណោះ។
- ប្រសិនបើមានសញ្ញានៃជំងឺរលាកសួតធ្ងន់ធ្ងរ ត្រូវផ្តល់ឱសថ Ceftriazone, Cefoperazone, Amikacin តាមសរសៃ រយៈពេលយ៉ាងតិច៥ថ្ងៃ។

ការថែទាំគាំទ្រ
- បើកុមារមានគ្រុនក្ដៅ (>= ៣៩​ អង្សា) ដែលហាក់ដូចជាធ្វើអោយកុមារពិបាកក្នុងខ្លួន នោះគួរផ្ដល់ឱសថ Paracetamol។
- ធានាថាកុមារដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទទួលបានជាតិទឹកសមស្របតាមអាយុរបស់គាត់ បំុន្តែត្រូវជៀសវាងការលើសជាតិទឹក។ លើកទឹកចិត្តម្ដាយអោយបំបៅកូនដោយទឹកដោះ និងផ្តល់ជាតិទឹកតាមមាត់។
- លើកទឹកចិត្តអោយកុមារបរិភោគ នៅពេលដែលអាចបរិភោគអាហារបាន។ គួរពិចារណាពីការផ្ដល់អាហារតាមបំពង់ស៊កចូលក្រពះតាមច្រមុះ ចំពោះអ្នកជំងឺដែលមិនអាចទទួលជាតិទឹកតាមមាត់ (ល្អបំផុតគឺទឹកដោះច្របាច់)។
- គួរបូមស្លេស្ម៍តាមច្រមុះថ្នមៗ ចំពោះទារកដែលហាក់ដូចជាមានបញ្ហាពិបាកដកដង្ហើមដោយសារស្លេស្ម៍ក្នុងច្រមុះ។

ការតាមដាន
គិលានុបដ្ឋាកគួរវាយតម្លៃកុមាររៀងរាល់៦ម៉ោង (ឬរៀងរាល់៣ម៉ោង បើមានសញ្ញានៃជំងឺធ្ងន់ធ្ងរខ្លាំង) ហើយវេជ្ជបណ្ឌិតគួរវាយតម្លៃយ៉ាងតិចមួយថ្ងៃម្ដង។ តាមដានការព្យាបាលដោយអុកស៊ីហ្សែន។ សង្កេតមើលសញ្ញានៃការខ្សោយផ្លូវដង្ហើម ដូចជាកង្វះអុកស៊ីហ្សែនកាន់តែខ្លាំង និងបញ្ហាពិបាកដកដង្ហើមដែលឈានទៅរកការឈប់ដកដង្ហើម។

ផលវិបាក
ប្រសិនបើកុមារមិនឆ្លើយតបនឹងការព្យាបាលដោយអុកស៊ីហ្សែនទេ ឬស្ថានភាពកុមារចុះដុនដាបយ៉ាងឆាប់រហ័ស ត្រូវថតសួតដោយកាំរស្មី X  ដើម្បីរកមើលភស្តុតាងនៃខ្យល់ក្នុងស្រោមសួត។ ខ្យល់ក្នុងស្រោមសួត ដែលឡើងតឹងខ្លាំងហើយបណ្តាលអោយមានបញ្ហាពិបាកដកដង្ហើមធ្ងន់ធ្ងរ និងបេះដូងងាកចេញពីទីតាំង នោះទាមទារការបន្ធូរជាបន្ទាន់ដោយការស៊កម្ជុលដើម្បីអោយខ្យលចេញមកក្រៅ (Needle thoracocentesis)។ បន្ទាប់មក គួរធានាថាមានខ្យល់ចេញជាបន្តបន្ទាប់ដោយការស៊កបំពង់ក្នុងទ្រូង (Chest tube) ដោយមានបំពង់បង្ហូរទៅក្នុងទឹក រហូតដល់កន្លែងដែលខ្យល់ធ្លាយចូលបិទជិតដោយខ្លួនឯងហើមសួតប៉ោងមកវិញ។ ប្រសិនបើមានខ្សោយផ្លូវដង្ហើម នោះការប្រើសម្ពាធខ្យល់វិជ្ជមានជាប់បន្តអាចមានប្រយោជន៍។

ការបង្ការការចម្លងរោគ
ជំងឹរលាកទងសួតតូចៗ គឺជាជំងឺឆ្លងយ៉ាងខ្លាំង ហើយមានគ្រោះថ្នាក់ចំពោះកុមារតូចៗដ៏ទៃទៀតនៅក្នុងមន្ទីរពេទ្យ។ យុទ្ធសាស្រ្តទាំងនេះ អាចកាត់បន្ថយឱកាសនៃការឆ្លងរោគវិញទៅមក៖
- បុគ្គលិកលាងសម្អាតដៃរាល់ពេលពិនិត្យអ្នកជំងឹម្នាកៗ
- ញែកកុមារយ៉ាងសមស្រប ប៉ុន្តែរក្សាការតាមដានយ៉ាងដិតដល់
- ក្នុងអំឡុងពេលផ្ទុះជំងឺរាត្បាត គួរដាក់កម្រិតការមកសួរសុខទុក្ខកុមារពីសំណាក់ឪពុកម្តាយនិងបងប្អូនរបស់កុមារដែលមានរោគសញ្ញានៃការបង្ករោគនៅផ្លូវដង្ហើមផ្នែកខាងលើ។

ការអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ
ទារកដែលមានជំងឺរលាកទងសួតតូចៗ អាចត្រូវបានអនុញ្ញាតអោយចេញពីមន្ទីពេទ្យនៅពេលដែលបញ្ហាពិបាកដកដង្ហើម និងកង្វះអុកស៊ីសែនក្នូងឈាម ត្រូវបានធូរស្រាលនៅពេលដែលលែងបាត់ដង្ហើម ហើយទារកបៅបានច្រើន។ ទារកប្រឈមនឹងការលាប់រលាកទងសួតតូចៗឡើងវិញ ប្រសិនបើកុមាររស់នៅក្នុងគ្រួសារដែលមានអ្នកជក់បារី ឬបើកុមារមិនបានបៅទឹកដោះម្ដាយទេ។ ហេតុដូច្នេះហើយ គួរផ្ដល់ដំបូន្មានដល់ឪពុកម្ដាយពីគ្រោះថ្នាក់នៃផ្សែងបារី។

ការតាមដានបន្ត
ទារកដែលរលាកទងសួតតូចៗ អាចមានក្អក និងសំលេងដង្ហើមតឹង (Wheeze) រហូតដល់២សប្ដាហ័។ ដរាបណាទារកមានស្ថានភាពធម្មតា ដោយគ្មានបញ្ហាពិបាកដកដង្ហើម គ្រុនក្ដៅ ឬបាត់ដង្ហើមទេ ព្រមទាំងបៅដោះបានច្រើន នោះពួកគេមិនត្រូវការឱសថអង់ទីប៊ីយោទិកទេ។

(ដក​ស្រង់​ពី​សៀវភៅ​ហោ​ប៉ៅ​ស្តីពី ការ​ថែ​ទាំព្យាបាលក្នុង​មន្ទីរ​ពេទ្យ​សម្រាប់កុមារ​)

0 comments:

Post a Comment

Powered by Blogger.