សុខភាពរបស់កុមារត្រូវបានយកចិត្តទុកដាក់ជាចំបង ។ បញ្ហាភ្នែករបស់កុមារក៏ដូចគ្នានេះដែរ ខាងក្រោមនេះជាចំនុចមួយចំនួនដែលលោកអ្នកត្រូវស្វែងយល់អំពីសុខភាពភ្នែកទារក និងកុមារ ៖
- សម្អាតភ្នែកនៅពេលទារកកើតភ្លាម ។ បន្តក់ថ្នាំអង់ទីប៊ីយូទិចទៅក្នុងភ្នែក ។
- ផ្តល់អោយម្តាយនូវគ្រាប់ថ្នាំវីតាមីនអា (Vitamin A) 200000IU បន្ទាប់ពីសម្រាលកូនរួច ។
- ជួយជំរុញការចិញ្ចឹមកូនដោយទឹកដោះម្តាយ និងអាហារសម្បូរដោយជីវជាតិគ្រប់ប្រភេទ ។
- ចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹលដល់កុមារនៅពេលមានអាយុ ៩ខែ និងផ្តល់គ្រាប់ថ្នាំវីតាមីនអា (Vitamin A) 100000IU ។ ជំរុញដល់ការចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹលលើកទី២ផងដែរ ។
- កុមារទាំងឡាយដែលកើតមានជំងឺកញ្ជ្រឹល ឬខ្វះអាហារូបត្ថម្ភត្រូវផ្តល់អោយគ្រាប់ថ្នាំវីតាមីនអា 100000IU (ចំពោះកុមារអាយុក្រោម១ឆ្នាំ) និងគ្រាប់ថ្នាំវីតាមីនអា 200000IU (ចំពោះកុមារអាយុលើសពី១ឆ្នាំ) ។
- សម្អាតមុខទារក និងកុមារអោយស្អាតជានិច្ច ។
- កុមារទាំងឡាយណាដែលមើលឃើញមិនច្បាស់ល្អ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នែក អោយបានឆាប់បំផុតតាមដែលអាចធ្វើបាន ។
- ទារក ឬកុមារទាំងឡាយណាដែលមានកូនក្រមុំភ្នែកពណ៌ស ឬភាពមិនប្រក្រតីផ្សេងទៀត ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នែកអោយបានឆាប់បំផុតតាមដែលអាចធ្វើបាន ។
- កុមារទាំងឡាយណាដែលមានរបួសភ្នែកធ្ងន់ធ្ងរ ឬមានភ្នែកក្រហមត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នែកជាបន្ទាន់ ។
- ចូរកុំប្រើថ្នាំភ្នែកបុរាណដែលអាចមានគ្រោះថ្នាក់ដល់ភ្នែក ។
ដកស្រង់ចេញពីទស្សនាវដ្តីសុខភាពភ្នែក ផ្សាយដោយសមាគមគ្រូពេទ្យភ្នែកកម្ពុជា ឆ្នាំ២០១១
0 comments:
Post a Comment