ដំបៅមួយជាដំបៅក្លាយ (មានការបង្ករោគ) ប្រសិនបើ
- វាឡើងក្រហម ហើម ក្តៅ និងឈឺចាប់
- វាមានខ្ទុះ
- ឬបើវាចាប់ផ្តើមមានក្លិនស្អុយ
ការបង្ករោគនេះនឹងឆ្លងរាលដាលដល់កន្លែងផ្សេងទៀតនៃរាងកាយ ប្រសិនបើ
- វាធ្វើឲ្យមានគ្រុនក្តៅ
- មានឡើងឆ្នូតក្រហមនៅខាងលើមុខរបួស
- ឬបើមានហើមកូនកណ្តុរហើយឈឺ ។ កូនកណ្តុរ ជាញឹកញាប់ត្រូវបានគេហៅថាក្រពេញ គឺជាអន្ទាក់តូចៗ សម្រាប់ដាក់មេរោគ ដែលបង្កើតបានជាដុំតូចៗ នៅខាងក្រោមស្បែក នៅពេលដែលវាមានបង្ករោគ ។
ប្រភេទនៃការហើមកូនកណ្តុរ
- ការហើមកូនកណ្តុរនៅខាងក្រោយត្រចៀក គឺជារោគសញ្ញានៃការបង្ករោគនៅក្បាល ឬនៅលលាដ៍ក្បាល ដែលជាញឹកញាប់បណ្តាលមកពីមានដំបៅ ឬចៃ ។ ឬអាចជាមូលហេតុនៃការចេញកញ្ជ្រឹលអាល្លឺម៉ង់ ។
- ការហើមកូនកណ្តុរនៅខាងក្រោមត្រចៀក និងនៅកញ្ចឹងក បញ្ជាក់ថាមានការបង្ករោគនៅត្រចៀក មុខ ឬនៅក្បាល (ឬជាជំងឺរបេង) ។
- ការហើមកូនកណ្តុរនៅខាងក្រោមថ្គាម បញ្ជាក់ថាមានការបង្ករោគនៅធ្មេញ ឬនៅបំពង់ក ។
- ការហើមកូនកណ្តុរនៅក្លៀក បញ្ជាក់ថាមានការបង្ករោគនៅដៃ ក្បាល ឬនៅដោះ (ជួនកាល មហារីកដោះ) ។
- ការហើមកូនកណ្តុរនៅក្រលៀន បញ្ជាក់ថាមានការបង្ការរោគនៅជើង ឬប្រអប់ជើង ប្រដាប់បន្តពូជ ឬរន្ធគូថ ។
វិធីព្យាបាលដំបៅក្លាយ ៖
- ដាក់កុំប្រេសក្តៅឧណ្ណៗរយៈពេល២០នាទី ៤ដងក្នុង១ថ្ងៃ ។ ត្រាំដៃ ឬជើងដែលមានការបង្ករោគនៅក្នុងធុងទឹកក្តៅឧណ្ណៗ ។
- ដាក់ផ្នែកនៃរាងកាយដែលមានបង្ករោគឲ្យសម្រាក និងលើកឲ្យខ្ពស់ (លើកឲ្យខ្ពស់ជាងកម្រិតកម្ពស់របស់បេះដូង) ។
- ប្រសិនបើការបង្ករោគនោះធ្ងន់ធ្ងរ ឬប្រសិនបើអ្នកជំងឺមិនដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺតេតាណូសទេ ប្រើថ្នាំអង់ទីប៊ីយូទិក ដូចជាថ្នាំប៉េនីស៊ីលីន និងមេត្រូនីដាហ្សូល ផងដែរ ។
ការប្រុងប្រយ័ត្ន ៖ ប្រសិនបើដំបៅមានក្លិនស្អុយ មានខ្ទុះពណ៌ត្នោត ឬពណ៌ប្រផេះហូរចេញមកក្រៅ ឬស្បែកជុំវិញរបសួឡើងពណ៌ខ្មៅ ហើយមានពពុះឬមានពងបែក នោះវាអាចជាហ្គង់ហ្គែន (ដំបៅរលួយ) ។ ត្រូវស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់ ។ ក្នុងពេលជាមួយគ្នានោះដែរ ធ្វើតាមការណែនាំអំពីដំបៅរលួយ ។
ដំបៅរលួយ
នេះជាការបង្ករោគដ៏គ្រោះថ្នាក់នៃដំបៅដែលក្នុងនោះមានការបង្កើតបានជាខ្ទុះ ពណ៌ប្រផេះ ឬពណ៌ត្នោត ដែលមានក្លិនស្អុយ ។ ស្បែកដែលនៅជុំវិញដំបៅនោះ អាចមានពងទឹកពណ៌ខ្មៅ ហើយសាច់ដំបៅអាចមានពពុះខ្យល់ ។ ការបង្ករោគនេះចាប់ផ្តើមមានក្នុងរយៈពេលពីម៉ោង ៦ម៉ោង ទៅ៣ថ្ងៃ បន្ទាប់ពីមានរបួស ។ វាក្លាយជាធ្ងន់ធ្ងរ និងរាលដាលយ៉ាងឆាប់រហ័ស ។ បើគ្មានការព្យាបាលទេ វាបណ្តាលឲ្យអ្នកជំងឺស្លាប់ក្នុងរយៈពេលពីរបីថ្ងៃ ។
វិធីព្យាបាលដំបៅរលួយ ៖
- បើកមុខរបួសឲ្យធំតាមការចាំបាច់ ។ លាងសម្អាតវាជាមួយទឹកឆ្អិនត្រជាក់ និងសាប៊ូ ។ យកសាច់ដុំដែលខូច និងដែលងាប់ចេញ ។ បើអាចធ្វើបានលាងជម្រះមុខរបួសដោយទឹកអ៊ីដ្រូហ្សែនពែរ៉ុកស៊ីត រៀងរាល់ពីរម៉ោងម្តង ។
- ចាក់ថ្នាំប៉េនីស៊ីលីន (គ្រីស្តាលីន បើអាច) ១០០០០០០អ៊ុយនីតេ រៀងរាល់បីម៉ោងម្តង ។
- ទុកកន្លែងមុខរបួសឲ្យនៅចំហរដើម្បីឱ្យវាត្រូវខ្យល់ ។ រកជំនួយពីគ្រូពេទ្យ ។
ដកស្រង់ចេញពីសៀវភៅទីណាគ្មានវេជ្ជបណ្ឌិតសំរាប់ការថែទាំសុខភាពជនបទ
0 comments:
Post a Comment