ជំងឺរលាកថ្លើមប្រភេទ បេ ជាជំងឺថ្លើមមួយប្រភេទដែលបង្កឡើងដោយពពួកវីរុស ដែលស្ថិតនៅក្នុងក្រុម Hepadnaviridae។ ពពួកវីរុសនេះ បង្កឲ្យរលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃដែលបណ្តាលឲ្យអ្នកជំងឺប្រឈមទៅនឹងជំងឺក្រិនថ្លើម និងមហារីកថ្លើម។ ជារៀងរាល់ឆ្នាំ មានមនុស្សប្រមាណជា ៦៨៦០០០នាក់ ទទួលមរណៈភាពនៅលើពិភពលោក ដោយសាររលាកថ្លើមប្រភេទបេនេះ ដែលភាគច្រើនមូលហេតុបង្កមកពីការវិរត្តន៍នៃជំងឺនេះទៅជាមហារីកថ្លើម។ បច្ចុប្បន្ននេះ មានវ៉ាក់សាំងការពារជំងឺថ្លើមប្រភេទបេ ដែលមានប្រសិទ្ធភាពដល់ទៅ៩៥% ក្នុងការទប់ស្កាត់ការវិវត្តន៍ជំងឺនេះ ពីការរលាកថ្លើមស្រួចស្រាវ ទៅជារលាកថ្លើមរ៉ាំរ៉ៃ និងដំណាក់កាលឈានទៅរកមហារីកថ្លើម។

ក) ការចម្លងរោគ៖
ពពួកវីរុសដែលបង្កឲ្យរលាកថ្លើមប្រភេទ បេ អាចរស់នៅក្នុងបរិយាកាសខាងក្រៅខ្លួនមនុស្សយូរជាង ៧ថ្ងៃ ហើយវាមានលទ្ធភាពជ្រៀតចូលទៅក្នុងខ្លួនមនុស្សដែលពុំបានទទួលការព្យាបាលដោយចាក់វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទបេ។ ពេលដែលពពួកវីរុសនេះចូលក្នុងខ្លួនមនុស្សវាអាចសម្ងំនៅក្នុងខ្លូនមនុស្សម្នាក់រយៈពេលយូរហើយបង្កឲ្យរលាកថ្លើមរ៉ាំរ៉ៃ។ ការចំលងមេរោគនេះ ធ្វើឡើងដោយការប៉ះផ្ទាល់ជាមួយវត្ថុរាវ ឬឈាមរបស់អ្នកជំងឺដែលផ្ទុកមេរោគថ្លើមប្រភេទបេ ការចំលងដោយការរួមភេទ និងការចំលងពីម្តាយដែលមានផ្ទុកមេរោគថ្លើមប្រភេទបេទៅទារក នៅអំឡុងពេលពរពោះក្នងត្រីមាសទី៣ ក៏ដូចជាក្នុងពេលសម្រាល និងការបំបៅដោះទារក។
ខ) រោគសញ្ញា៖
ភាគច្រើនអ្នកជំងឺដែលផ្ទុកមេរោគរលាកថ្លើមប្រភេទបេ ពុំស្តែងចេញមកខាងក្រៅនូវរោគសញ្ញាធំដុំនោះទេ។ អ្នកផ្ទុកជំងឺរលាកថ្លើមប្រភេទបេ ស្រួចស្រាវមួយភាគតូច ស្តែងចេញមកនូវរោគសញ្ញា អស់កំលាំងល្ហិតល្ហៃខ្លាំង ឈីពោះ ក្អូតចង្អោរ រួមទាំងស្បែកនិងភ្នែកឡើងពណ៌លឿងរយៈពេលមួយសប្តាហ៍ ឬក៏យូរជាងនេះ។
គ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែក ទៅលើការពិនិត្យឈាម (AgHbs, AcHbs, AcHbc, និង PCR HBV) ក្នុងដំណាក់កាលរលាកថ្លើមស្រូចស្រាវ។ រាល់ស្ត្រីដែលមានផ្ទៃពោះ ការធ្វើរោគវិនិច្ឆ័យមេរោគរលាកថ្លើមប្រភេទបេ ត្រូវបានធ្វើឡើងនៅអំឡុងត្រីមាសទី ២ ប្រហាកប្រហែលនឹងគក៌បាន ៦ខែ។
ប្រសិនជាការពិនិត្យឈាមបញ្ជាក់ថា ស្រ្តីមានផ្ទុក AntigéreHbsវិជ្ជមាននោះ ស្រ្តីជាម្តាយតម្រូវឲ្យពិនិត្យឈាមមួយចំនួនមន្ថែមទៀត ដើម្បីរាប់ចំនូនមេរោគថ្លើមប្រភេទបេ។
ឃ) ការព្យាបាល៖
នៅដំណាក់កាលរលាកថ្លើមប្រភេទបេស្រួចស្រាវ ការព្យាបាលពឹងផ្អែកទៅលើរោគសញ្ញាគ្លីនីកដែលស្តែងចេញមកក្រៅ ដូចជាការបំពេញជាតិទឹកដោយសារការក្អូត។ ចំពោះស្រ្តីមានផ្ទៃពោះ ដែលលទ្ធផលពិនិត្យឈាមមាន AntigèneHbsវិជ្ជមាន គឺតម្រូវឲ្យរាប់មេរោគ Charge Virale de VHB។ បើកាលណាវត្តមានមេរោគនៅក្នុងឈាមមានចំនួនលើសពី ១០ម៉ឺន UI ស្រ្តីមានផ្ទៃពោះតម្រូវឲ្យប្រើថ្នាំប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទបេ (Tenofovir)រហូតដល់ពេលសម្រាលទារក ដើម្បីកាត់បន្ថយការចំលងមេរោគទៅទារក នៅជុំវិញការសម្រាល។
ក្រោយពីសម្រាលនៅអំឡុងពេល ២៤ម៉ោង ទារកត្រូវបានការពារដោយការចាក់ថ្នាំបង្ការដែលណែនាំដោយវេជ្ជបណ្ឌិតឯកទេស ដើម្បីការពារកុំឲ្យមេរោគរលាកថ្លើមប្រភេទបេ ជ្រៀតចូលទៅក្នុងខ្លួនទារក។ ក្រោយពីការចាក់ថ្នាំបង្ការ ២៤ ម៉ោង ទារកអាចទទួលការបំបៅដោះបានដោយសុវត្ថិភាព។ង) វិធីបង្ការ៖
- ទារកទាំងឡាយត្រូវមកទទួលការចាក់វ៉ាក់សាំងបង្ការមេរោគថ្លើមប្រភេទបេ នៅអំឡុងពេល ២៤ម៉ោងក្រោយសម្រាល ហើយបន្តចាក់ឲ្យបានគ្រប់ ៣ដង (នៅ១ខែបន្ទាប់ និង៦ខែបន្ទាប់)។
- ស្រ្តីមានផ្ទៃពោះគ្រប់រូបគួរតែពិនិត្យឈាមរកមេរោគរលាកថ្លើមប្រភេទបេ ឲ្យបានមុនត្រីមាសទី៣។
- សូមជៀសវាងការប្រើរបស់របររួមគ្នា ជាមួយអ្នកជំងឺដែលផ្ទុកមេរោគរលាកថ្លើមប្រភេទបេ (ប្រដាប់កោពុកមាត់ ច្រាសដុសធ្មេញ កន្រ្តៃកាត់ក្រចក ជាដើម ។ល។)។
- ទារកនៅក្នុងផ្ទៃដែលម្តាយផ្ទុកមេរោគរលាកថ្លើមប្រភេទបេ ចាំបាច់ត្រូវចាក់ថ្នាំបង្ការអំឡុង ២៤ម៉ោងក្រោយសម្រាល
- គ្រប់សមាជិកគ្រួសាររបស់ស្រ្តីមានផ្ទៃពោះដែលមានផ្ទុកមេរោគរលាកថ្លើមបេ គួរតែធ្វើការស្រាវជ្រាវរកមេរោគ ដើម្បីចាក់វ៉ាក់សាំងបង្ការ និងព្យាបាលឲ្យបានទាន់ពេល។
- មនុស្សប្រុសស្រីគ្រប់រូបគប្បីមកទទួលការចាក់ថ្នាំបង្ការលាកថ្លើមប្រភេទបេឲ្យបានមុនអាយុ១៨ឆ្នាំ។
- គ្រប់ស្រ្តីដែលពុំបានទទួលការចាក់វ៉ាក់សាំងការពារមេរោគរលាកថ្លើមបេ គួរគប្បីចាក់វ៉ាក់សាំងការពារមេរោគរលាកថ្លើមបេ មុនពពោះទារកដំបូង។
0 comments:
Post a Comment