ក្អក ស្ងួត គឺជាការក្អកដែលមិនមកជាមួយស្លេស ។ វាគឺរោគសញ្ញាទូទៅមួយនៃជំងឺគ្រុនផ្តាសាយ ។
ពិសាវត្ថុរាវច្រើន
វត្ថុរាវថ្លា (ដូចជាទឹក ឬស៊ុបសាច់រម្ងាស់ថ្លា) ទឹកផ្លែឈើ តែគ្មានជាតិកាហ្វេអ៊ីន និងស៊ុបក្តៅទាំងអស់នេះ គឺជាជម្រើសដ៏ល្អសម្រាប់ការព្យាបាលក្អក ។ ជៀសវាងជាតិស្រវឹង កាហ្វេអ៊ីន និងការជក់បារី ដែលអាចធ្វើឲ្យរោគសញ្ញាកាន់តែអាក្រក់ ។
ថ្នាំក្អក
ថ្នាំក្អក និងផ្តាសាយដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជាអាចព្យាបាលក្អក និងរោគសញ្ញាដទៃទៀត ប៉ុន្តែថ្នាំទាំងនោះ មិនអាចព្យាបាលមេរោគដែលបង្កវាបានឡើយ ។ ថ្នាំផ្តាសាយ និងក្អកអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្មេង ។ ចូរកុំឲ្យថ្នាំក្អក ឬផ្តាសាយទៅក្មេងអាយុក្រោម ២ឆ្នាំ ។
មនុស្សដែលមានសម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម ឬជំងឺបេះដូងក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រើថ្នាំទាំងនេះផងដែរ ។ សម្រាប់ក្មេងអាយុចន្លោះពី ២ និង៦ឆ្នាំ ក្មេងអាយុច្រើនជាងនេះ និងមនុស្សពេញវ័យ សូមធ្វើតាមសេចក្តីណែនាំលើកញ្ចប់ដោយយកចិត្តទុកដាក់ ។ ប្រសិនបើអ្នកមានសំណួរ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ។
សម្រាក
មនុស្សគួរស្នាក់នៅផ្ទះ កុំទៅធ្វើការប្រសិនបើពួកគេក្អកខ្លាំង ឬមានអារម្មណ៍ងងុយគេងដោយសារការប្រើថ្នាំក្អក ។ ការណ៍នេះនឹងផ្តល់ឱកាសឲ្យពួកគេសម្រាក ។ វាក៏នឹងកាត់បន្ថយឱកាសដែលពួកគេនឹងចម្លងជំងឺទៅអ្នកដទៃផងដែរ ។
លៃតម្រូវសីតុណ្ហភាព និងសំណើមក្នុងបន្ទប់
រក្សាសីតុណ្ហភាពក្នុងបន្ទប់ឲ្យមានផាសុកភាព ។ ប្រសិនបើខ្យល់ស្ងួត ម៉ាស៊ីនផ្សើមខ្យល់ត្រជាក់ស្អាតត្រជាក ឬប្រដាប់ព្រួសទឹកអាចមានប្រយោជន៍ ។
បន្ធូរបំពង់ក
ខ្ពុរមាត់ជាមួយទឹកអំបិលក្តៅឧណ្ណៗជាច្រើនដងក្នុង១ថ្ងៃ (១/២ស្លាបព្រាកាហ្វេ នៃអំបិលលាយជាមួយទឹកមួយកែវ ៨អោនស៍) ការពិសាទឹកក្រូចឆ្មារក្តៅឧណ្ណៗ ជាមួយទឹកឃ្មុំ ឬការប្រើថ្នាំបៀម (ឡូហ្សិន) សម្រាប់ឈឺបំពង់កអាចជួយបន្ធូរការឈឺបំពង់ក និងធ្វើឲ្យការក្អកធូរស្រាល ។
ពេលត្រូវហៅទូរស័ព្ទទៅវេជ្ជបណ្ឌិត
ទទួលការថែទាំវេជ្ជសាស្ត្រ សង្គ្រោះបន្ទាន់ ប្រសិនបើនរណាម្នាក់មានការដកដង្ហើមពិបាក ឬឈឺទ្រូង ៕
មនុស្សពេញវ័យ និងក្មេងមានអាយុច្រើន
ការក្អកភាគច្រើនធូរស្បើយឡើងវិញ ក្នុងរយៈពេល១ឬ២សប្តាហ៍ ។ ទោះជាយ៉ាងណាក្តី សូមហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតភ្លាមៗ ប្រសិនបើអ្នកឈឺមានរោគសញ្ញាទាំងនេះណាមួយ ៖
- ឈឺក្នុងទ្រូង ជាពិសេសពេលក្អក ឬពេលដកដង្ហើមវែង
- បញ្ហាដកដង្ហើម ដង្ហើមខ្លី ឬពិបាកស្រូបខ្យល់គ្រប់គ្រាន់នៅពេលសម្រាក
- ស្លេសពណ៌បៃតង ពណ៌ច្រេះ ឬមានឈាមមកជាមួយពេលក្អក
- ក្អកដែលអូសបន្លាយវែងជាង ៧ទៅ១០ថ្ងៃ
ទារក
ហៅទូរស័ព្ទវេជ្ជបណ្ឌិតប្រសិនបើទារក ៖
- មានជំងឺក្អកដែលអូសបន្លាយវែងជាង១សប្តាហ៍
- មានបញ្ហាដកដង្ហើម
- បាត់បង់ចំណង់ឃ្លានអាហាររបស់គេ និងមិនព្រមបៅដោះ
- ក្អួតញឹកញាប់ជាមួយនឹងក្អក
- ហាក់ដូចជាឆាប់ខឹងណាស់
- ហាក់ដូចជាងងុយគេង មិនប្រក្រតី ឬពិបាកភ្ញាក់ខ្លួន
ដកស្រង់ពីសៀវភៅជំងឺគ្រុនផ្តាសាយ អ្វីដែលអាចធ្វើបាន

0 comments:
Post a Comment